លោកយឹម ឆៃលី ស្នើឱ្យចាត់វិធានការតឹងរ៉ឹងចំពោះក្រុមហ៊ុនផលិតទឹកដោះគោNutriliatt

01-09-2020 11:55 am 526

 ប្រធានក្រុមការងារបច្ចេកទេសលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៃរាជរដ្ឋាភិបាលកម្ពុជា លោក យឹម ឆៃលី ស្នើឱ្យក្រសួងពាណិជ្ជកម្មចាត់វិធានការតឹងរ៉ឹងចំពោះក្រុមហ៊ុនផលិតទឹកដោះគោ នុតទ្រីលែត (Nutrilat)។ នេះបើតាមលិខិតផ្លូវការមួយច្បាប់របស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដែលបានស្នើជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។

ការស្នើឱ្យមានវិធានការច្បាប់នេះ គឺបន្ទាប់ពីស្ថាប័នជំនាញរកឃើញថា ផលិតផលម្ស៉ៅទឹកដោះគោ Nutriliatt មានកម្រិតជាតិដែក និងស័ង្កសីទាបឆ្ងាយខ្លាំងជាងកម្រិតដែលបានសរសេរនៅលើស្លាកសញ្ញាផលិតផល និងកម្រិតអប្បបរមាកំណត់ដោយស្តង់ដារ នាំឱ្យប៉ះពាល់សុខភាព ការលូតលាស់ និងការអភិវឌ្ឍរបស់ទារក និងកុមារ ។

បន្ថែមពីនេះ លោក ក៏បានសំណូមពរឱ្យ ក្រសួងពាណិជ្ជកម្ម បន្តត្រួតពិនិត្យគុណភាព និងវិភាគកម្រិតជាតិដែក និងជាតិស័ង្កសីនៅក្នុង Batches ផ្សេងៗទៀត នៃផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្តរបស់ក្រុមហ៊ុនម្សៅទឹកដោះគោនានាដែលកំពុង ចរាចរណ៍លក់ដូរនៅក្នុងកម្ពុជា។វិធានការផ្លូវច្បាប់នេះ ដើម្បីចូលរួមលើកកម្ពស់បំផុសស្មារតីដល់មាតា បិតា និងអាណាព្យាបាលគ្រប់រូប លើការអនុវត្តបំបៅកូនដោយទឹកដោះម្តាយ ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ បានធ្វើការវិភាគទៅលើម្សៅទឹកដោះគោម៉ាក Nutrilatt បង្ហាញថា មានជាតិដែក ដែលមាននៅក្នុងគ្រប់ B/N: 487, 488, 536, 537, 538, 539 មានកម្រិតទាបជាងការប្រកាសរបស់ក្រុមហ៊ុន និងស្តង់ដារកូដិចអន្តរ)ការធ្វើការវិភាគនោះ ធ្វើឡើងដោយមន្ទីរពិសោធន៍ឯករាជ្យ នៅប្រទេសសិង្ហបុរី។ ប៉ុន្តែលទ្ធផលនៃការរកឃើញនោះ ក្រុមហ៊ុនម្សៅទឹកដោះគោ Nutrilatt បានបដិសែធមិនទទួលយក ដោយអះអាងថាមិនប្រក្រតីនៅក្នុងការរកឃើញ និងការវិភាគលើផលិតផលរបស់ខ្លួន៕ 

ព័ត៌មានផ្សេងទៀត