អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារកើតជំងឺគ្រុនផ្តាសាយ មិនមែនជំងឺកូវីដ១៩ទេ

01-09-2020 11:34 am 242

ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថាករណីជំងឺគ្រុនផ្តាសាយធំ (Influenza A) បានកើតឡើងលើក្រុមមនុស្សនៅក្នុងពន្ធនាគារខេត្តព្រះវិហារគឺមានការចម្លង បន្តគ្នា ដែលមិនមែនជាករណីជំងឺកូវីដ-១៩នោះទេ។

បើតាមការឲ្យដឹងពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យ ដឹងថាកាលពីម៉ោង៧:១៥នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានទទួលព័ត៌ មានទាក់ទងនិងហេតុការណ៍ករណីសង្ស័យជំងឺគ្រុនផ្ដាសាយធំជាច្រើននាក់បានកើតលើក្រុមមនុស្ស កំពុងជាប់ក្នុងមណ្ឌលឃុំឃាំង នៃពន្ធនាគារខេត្តព្រះវិហារ។ ភ្លាមៗនោះបន្ទាប់ពីចុះស្រាវជ្រាវ និងពិនិត្យ ស្ថានភាពជំងឺដោយក្រុមការងារឆ្លើយតបបន្ទាន់ និងក្រុមគ្រូពេទ្យពិនិត្យព្យាបាលរបស់មន្ទីរសុខាភិបាល ខេត្តព្រះវិហារតាមលក្ខណ:បច្ចេកទេស អ្នកជំងឺនិងអ្នកសង្ស័យថាឆ្លងជំងឺត្រូវបានធ្វើការបែងចែកចេញ ពីគ្នា ដោយអ្នកជំងឺចំនួន១៤៧នាក់(ស្រ្តី១៩នាក់) ដាក់ក្នុងបន្ទប់ដាច់ដោយឡែក ផ្តល់ការព្យាបាល និង យកវត្ថុសំណាកដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ក្នុងនោះអ្នកសង្ស័យឆ្លងជំងឺផ្តាសាយធំចំនួន ១១នាក់ ត្រូវបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែកផ្សេងមួយទៀត និងអ្នកដែលមិនសង្ស័យឆ្លងជំងឺចំនួន ៣២៦ នាក់ (ស្រ្តី ២០នាក់) ត្រូវបានដាក់ក្នុងបន្ទប់ដាច់ដោយឡែកផ្សេងៗគ្នា។

លោកស្រីឱ វណ្ណឌីន បានបន្ថែមថានៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ លទ្ធផលវិភាគវត្ថុសំណាក ដែលទទួលបានពីវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណ:បានបង្ហាញថាអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ដូច្នេះមិនមែនជាករណីជំងឺកូវីដ-១៩នោះទេ ហើយលទ្ធផលវិភាគមន្ទីរពិសោធន៌ ក៏បាន បញ្ជាក់ដែរថាជាករណីជំងឺផ្តាសាយធំ(Influenza A)ដែលជាជំងឺអាចឆ្លងបន្តគ្នាបានក្នុងទ្រង់ទ្រាយបែប នេះដែរប្រសិនបើបុគ្គលម្នាក់ៗ មិនបានអនុវត្តកិច្ចការពារខ្លួនបានត្រឹមត្រូវ។ ឆ្លៀតឳកាសនេះក្រុមការ ងារក៏បានធ្វើការអប់រំ សុខភាពដើម្បីឲ្យអ្នកនៅក្នុងពន្ធគារទាំងអស់ចេះការពារខ្លួន កុំឲ្យមានការចម្លង បន្តគ្នាបន្ថែមទៀត។

សូមបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះស្ថានភាពសុខភាពរបស់អ្នកជាប់ឃុំឃាំងនៅក្នុងពន្ធនាគារខេត្តព្រះវិហារ មានសភាពល្អប្រសើរឡើងវិញហើយ និងកំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពី ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ៕ ដោយ៖ ម៉ៅ សុភ័ក្រ្តា 

ព័ត៌មានផ្សេងទៀត