ការស្នើសុំសិទ្ធិធ្វើនយោបាយរបស់អតីតមន្ត្រីCNRP បានទាំងរិះគន់និងអបអរ

31-08-2020 3:36 pm 763

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការស្នើសុំសិទ្ធិធ្វើន យោបាយឡើងវិញ ពីសំណាក់អតីតមន្ត្រីនៃអតីតបក្សប្រឆាំង(CNRP)៣រូបបន្ថែមទៀតកាលពីពេលថ្មីៗនេះ គឺជាការអនុវត្តសិទ្ធិនយោបាយរបស់បុគ្គលម្នាក់ៗ ខណៈដែលលោកស្រីមូរ សុខហួរ អតីតអនុប្រ ធាននៃអតីតបក្សប្រឆាំងចាត់ទុកថាការក្បត់ឆន្ទៈរាស្រ្ដ ដែលបានបោះឆ្នោតឲ្យអតីតបក្សសង្រ្គោះជាតិកន្លងមក។

ការលើកឡើងនេះ បន្ទាប់ពីអតីតមន្រ្ដីនៃអតីតបក្សសង្រ្គោះជាតិ៣រូបទៀត បានស្នើសុំទៅលោកស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ដើម្បីមានសិទ្ធិធ្វើនយោបាយឡើងវិញ។ បុគ្គលទាំង៣រូបនោះរួមមាន៖លោកសុន ឆ័យ អតីតសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃអតីតបក្សសង្រ្គោះជាតិ,លោកតាវ គឹមឈន អតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតបក្សសង្រ្គោះជាតិ,និងលោកវ៉ា សាម៉ុន អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតបក្សសង្រ្គោះជាតិ។

ចំពោះការស្នើសុំសិទ្ធិធ្វើនយោបាយនេះត្រូវបានអ្នកស្រីមូរ សុខហួរ អតីតអនុប្រធាននៃអតីតបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ ចាត់ទុកថាជាការក្បត់ឆន្ទៈរបស់ពលរដ្ឋ ដែលធ្លាប់បោះឆ្នោតឲ្យអតីតគណបក្សសង្រ្គោះជាតិកន្លងមក។ អ្នកស្រីមូរ សុខហួរថា អតីតមន្ត្រីនៃអតីតបក្សសង្រ្គោះជាតិដែលស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺមានន័យថាទទួលយកការសម្រេចរបស់តុលាការកំពូលដែលបានសម្រេចរំលាយបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅថា គឺជារឿងត្រឹមត្រូវ។

សម្រាប់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចវិញ តាមរយៈបណ្ដាញសង្គមតេលេក្រាម បានលើកឡើង ថា គណបក្សប្រជាជនកម្ពុជាលើកទឹកចិត្ត ការអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយ និងស្វាគ មន៍ការបំពេញបែបបទ ដើម្បីសុំនីតិសម្បទាធ្វើនយោបាយឡើងវិញរបស់អ្នកនយោបាយ ដែលបានបាត់បង់សិទ្ធិធ្វើនយោបាយកាលពីកន្លងទៅ។ លោកថាការចាកចេញមកសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺជាការអនុវត្តសិទ្ធិនយោបាយរបស់បុគ្គលម្នាក់ៗ គ្មានជនណាអាចមករារាំងបានឡើយ ហើយក៏មិនមានអ្វីដែលក្បត់ឆន្ទៈរាស្ត្រនោះដែរ។

លោកសុខ ឥសាន បានលើកឡើងទៀតថា វប្បធម៌របស់អតីតបក្សប្រឆាំងដឹកនាំដោយលោកសម រង្ស៊ី គឺបុគ្គលណាដើរតាមក្រុមរបស់ខ្លួនជាវីរៈជន តែបើចេញពីក្រុមរបស់ខ្លួននោះគឺជាបុគ្គលក្បត់បក្ស និងក្បត់ឆន្ទៈរាស្ត្រ។

បើគិតមកដល់ពេលនេះ មានអតីតមន្រ្ដីនៃអតីតគណបក្សសង្រ្គោះជាតិប្រមាណជាង១០រូបហើយបើបូកទាំង៣រូបបន្ថែមទៀតនេះ ដែលពួកគេបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅក្នុងចំណោមអ្នកន យោបាយរបស់អតីតបក្សសង្គ្រោះជាតិចំនួន១១៨រូប ដែលត្រូវបានហាមឃាត់ធ្វើនយោបាយ៥ឆ្នាំ បន្ទា ប់ពីគណបក្សនេះ ត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧កន្លងទៅ៕ ដោយ៖ឃួន សុភ័ក្រ 

ព័ត៌មានផ្សេងទៀត