ពីរ​សប្ដាហ៍​​អាមេរិក​​បញ្ជូន​នាវា​ចម្បាំង​​ចូល​ច្រក​​សមុទ្រ​តៃវ៉ាន់​ពីរលើក​

31-08-2020 3:21 pm 708

​នាវាចម្បាំង​អាមេរិក​បាន​ធ្វើដំណើរ​ចូលក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍ ចន្លោះពេល​កំពុង​ផ្ទុះ​ភាព​តានតឹង​ជាមួយ​ប្រទេស​ចិន​។ ក្រសួងការពារជាតិ​តៃវ៉ាន់​បានបញ្ជាក់​នៅ​ថ្ងៃទី​៣១​សីហា​ថា មាន​នាវាចម្បាំង​អាមេរិក​មួយគ្រឿង​ប៉ុន្ដែ​មិន​បញ្ចេញ​ឈ្មោះ​ទេ បាន​បើក​សំដៅទៅ​ទិស​ខាងត្បូង​ឆ្លងកាត់​ច្រក​សមុទ្រ​។ ពុំមាន​ការបញ្ជាក់​លម្អិត​ពី​ប្រតិ​បត្ដិកា​រឡើយ​ប៉ុន្ដែ​តាមរយៈ​ក្រសួងការពារជាតិ​តៃវ៉ាន់ នេះ​គ្រាន់​ជាការ​បំពេញបេសកកម្ម​ធម្មតា​ប៉ុណ្ណោះ ហើយ​ស្ថានភាព​ក៏​ពុំមាន​អ្វី​ប្រែប្រួល​ដែរ ខណៈ​ភ្លាមៗ​មិនអាច​សុំ​ការឆ្លើយតប​ពី​អាមេរិក​បាន​នៅឡើយ​។​

​កាលពី​ថ្ងៃទី​១៨​សីហា​នាវាចម្បាំង​អាមេរិក​មួយគ្រឿង​ឈ្មោះ​USS Mustin ក៏បាន​បើក​ចូលទៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ត្រូវបាន​ចិន​ចាត់ទុកជា​សកម្មភាព​បង្ក​គ្រោះថ្នាក់​ខ្លាំង​បំផុត​។ ទាំង​ចិន​និង​អាមេរិក​កំពុង​បង្កើន​សកម្មភាព​យោធា​កាន់តែខ្លាំង​នៅក្នុង​តំបន់ គឺ​ទាំង​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​និង​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន បានចេញ​ការព្រមាន​កាលពី​សប្ដាហ៍​មុន​នូវ​ហានិភ័យ​នៃ​ជម្លោះ​ដោយសារ​ការកើនឡើង​សកម្មភាព​យោធា​។​

​សម្រាប់​ចិន​ចាត់ទុក​តៃវ៉ាន់​គឺជា​ដែនដី​របស់ខ្លួន និង​មិនដែល​បោះបង់ចោល​គោលបំណង​ប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​យក​កោះ​នេះ​ត្រឡប់មក​គ្រប់គ្រង​វិញ​ឡើយ​ក្នុងករណី​ដែល​ចាំបាច់​។ ដោយ​សម្អាងថា​តៃវ៉ាន់​ជា​ដែនដី​របស់ខ្លួន ទើប​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិនឲ្យ​តៃវ៉ាន់​ប្រកាស​ឯករាជ្យ ឬ​មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​នឹង​ប្រទេស​ផ្សេង​ឡើយ​។ ចិន​រឹតតែ​មិន​ពេញចិត្ដ​នៅពេល​អាមេរិក​ចេញមុខ​គាំទ្រ​តៃវ៉ាន់​លើ​ឆាក​អន្ដរជាតិ និង​លក់​សព្វាវុធ​ជា​បន្ដបន្ទាប់​ទៅឲ្យ​តៃវ៉ាន់​។ អាមេរិក​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ដ៏​ធំ​របស់​តៃវ៉ាន់ ហើយក៏​ជា​ខ្នងបង្អែក​នៅ​ពីក្រោយ​ដ៏​រឹងមាំ​។ 

​ចំពោះ​ករណី​អាមេរិក​បញ្ជូន​នាវា​ចូលទៅ​សមុទ្រ​ចិន​ខាងត្បូង​ឬ​ចូលក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ចិន​ពុំដែល​ពេញចិត្ដ​ឡើយ​ហើយ​តែងតែ​ចាត់ទុកជា​ការ​បង្កហេតុ​។ តែ​អាមេរិក​អះអាងថា​ខ្លួន​មិនបាន​រំលោភ​លើ​ដែនទឹក​របស់​ចិន​ឡើយ គឺ​បញ្ជូន​នាវា​ចូល​ដែនទឹក​អន្ដរជាតិ​ប៉ុណ្ណោះ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត