អាមេរិក​៖​​ករណី​​ផ្ទុះអាវុធ​​ក្នុងពេល​តវ៉ា​​បណ្ដាលឲ្យ​​មនុស្ស​ម្នាក់​​ស្លាប់​

30-08-2020 4:12 pm 590
ប៉ូលិស​កំពុងអន្ដរាគមន៍​កន្លែងកើតហេតុ

​មនុស្ស​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ទីក្រុង​Portland​រដ្ឋ​Oregon​សហរដ្ឋអាមេរិក ខណៈ​មាន​ការប៉ះទង្គិច​កើតឡើង​រវាង​ក្រុម​អ្នកគាំទ្រ​ប្រធានាធិបតី​ដូណាល់ ត្រាំ ជាមួយ​ក្រុមបាតុករ​ប្រឆាំង​ការរើសអើង​ជន​ស្បែក​ខ្មៅ​(Black Lives Matter)​។ ក្រុមបាតុករ​គាំទ្រ​លោក​ដូណាល់ ត្រាំ​បាននាំគ្នា​ប្រមូលផ្ដុំ​នៅ​យប់​ទី​បី​កាលពី​ថ្ងៃ​សៅរ៍ ហើយ​បើតាម​ការបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍ ប៉ូលិស​ក្នុង​ទីក្រុង​Portland​និយាយថា មន្ដ្រីប៉ូលិស​បាន​លឺសូរ​សំឡេង​ផ្ទុះអាវុធ ប៉ូលិស​ក៏បាន​ចុះទៅ​កន្លែងកើតហេតុ​ឃើញ​ជនរងគ្រោះ​ម្នាក់​ត្រូវរបួស​ចំ​ទ្រូង​។ ភ្លាមៗ​ក្រុមគ្រូពេទ្យ​ក៏បាន​ព្យាយាម​ជួយ​បុរស​ស្បែក​ស​ដែល​ត្រូវរបួស​នោះ​ប៉ុន្ដែ​មិនអាច​សង្គ្រោះ​ជីវិត​បានឡើយ​។ 

​ប៉ូលិស​បញ្ជាក់ថា​មិនអាច​បង្ហាញ​ព័ត៌មាន​ជនសង្ស័យ​នៅពេលនេះ​បានទេ ដោយ​ស្នើ​សុំឲ្យ​អ្នកឃើញ​ហេតុការណ៍​ស្ម័គ្រ​ជួយ​ធ្វើ​សាក្សី​។ ពេលនេះ​ប៉ូលិស​កំពុងបើក​ការស៊ើបអង្កេត ហើយ​បាន​ចាប់ខ្លួន​មនុស្ស​មួយចំនួន​ផងដែរ​។ ប៉ូលិស​បានស្នើ​កុំឲ្យ​ពលរដ្ឋ​ចូលទៅក្នុង​ទីក្រុង​ដោយសារតែ​បញ្ហា​ចរាច​រណ៍ បណ្ដាលមកពី​ការប្រមូលផ្ដុំ​ជា​លក្ខណៈ​នយោបាយ​។ ប៉ូលិស​បាន​ជូនដំណឹង​កាលពី​ព្រលប់​ថ្ងៃ​សៅ​រ៍ថា អាច​នឹងមាន​ការប៉ះទង្គិច​កើតឡើង​បន្ដទៀត រវាង​អ្នក​ធ្វើបាតុកម្ម​ជាមួយនឹង​ក្រុមប្រឆាំង​អ្នក​ធ្វើបាតុកម្ម​នៅក្នុង​ទីក្រុង​Portland៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  អាមេរិកបាញ់ប្រហារ

ព័ត៌មានផ្សេងទៀត