យន្ដហោះ​ចម្បាំង​​រុស្ស៊ី​​ពី​រគ្រឿង​​ហោះ​ប្រដេញ​​យន្ដហោះ​​ទម្លាក់​គ្រាប់​​អាមេរិក​

30-08-2020 2:39 pm 2649

​យន្ដហោះ​ចម្បាំង​ពីរ​គ្រឿង​របស់​រុស្ស៊ី បាន​ហោះ​ប្រដេញ​យន្ដហោះ​ទម្លាក់​គ្រាប់បែក​B-52​អាមេរិក នៅ​ពីលើ​សមុទ្រ​ខ្មៅ​និង​ដែនទឹក​អន្ដរជាតិ​កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើតាម​ការបញ្ជាក់​ពី​កងទ័ពអាកាស​អាមេរិក​នៅ​អឺរ៉ុប​ក្នុង​សេចក្ដីថ្លែងការណ៍​។ អ្នកបើក​យន្ដហោះ​ចម្បាំង​រុស្ស៊ី​ជា​ច្រើនលើកច្រើនសារ បាន​បញ្ជា​យន្ដហោះ​ចូលមក​កៀក​យន្ដហោះ​អាមេរិក​ចម្ងាយ​តែ​ជាង​៣០​ម៉ែត្រ​ប៉ុណ្ណោះ បណ្ដាលឲ្យមាន​ភាពច្របូ​ក​ច្របល់​កើតឡើង​។​

​តាមរយៈ​សេចក្ដីថ្លែងការណ៍​កងកម្លាំង​អាមេរិក​ឲ្យដឹងទៀតថា ការហោះហើរ​របស់​យន្ដ​ហោះ​ចម្បាំង​រុស្ស៊ី​ដូច្នេះ អាចជា​ហានិភ័យ​ឈានទៅ​ប៉ះទង្គិច​គ្នា​លើ​ដែន​អាកាស ហើយក៏​ពុំមាន​ភាពចាំបាច់​ត្រូវធ្វើ​បែប​នេះឡើយ វា​ផ្ទុយ​នឹង​ច្បាប់​អាកាសចរណ៍​និង​ច្បាប់​ហោះហើរ​អន្ដរជាតិ​។ ខណៈដែល​យន្ដហោះ​រុស្ស៊ី​កំពុង​ធ្វើ​ប្រតិ​បត្ដិការនៅ​ក្នុង​ដែនអាកាស​អន្ដរជាតិ ពួកគេ​បានធ្វើឲ្យ​គ្រោះថ្នាក់​ដល់​សុវត្ថិភាព​នៃ​ការហោះហើរ​របស់​យន្ដហោះ​ដែល​ពាក់ព័ន្ធ​។ ដូច្នេះ​សង្ឃឹម​រុស្ស៊ី​នឹង​អនុវត្ដ​តាម​ស្ដង់ដា​អន្ដរជាតិ​ដែល​បានកំណត់ ដើម្បី​ធានា​នូវ​សុវត្ថិភាព​និង​ការពារ​គ្រោះថ្នាក់​។ 

​យន្ដហោះ​ទម្លាក់​គ្រាប់​B-52​អាមេរិក​កាលពី​ថ្ងៃ​សុក្រ បាន​ហោះ​ពីលើ​ប្រទេស​សមាជិក​អង្គការ​ណា​តូ​៣០​ប្រទេស ដើម្បី​បង្ហាញ​ពី​​សាមគ្គីភាព​ជាមួយ​ណា​តូ និង​បង្កើន​ការត្រៀមខ្លួន​ក៏ដូចជា​ផ្ដល់ឱកាស​ក្នុង​ការបណ្ដុះបណ្ដាល ក្នុង​គោលបំណង​បង្កើន​អន្ដរ​ប្រតិ​បត្ដិកា​រលើ​ដែនអាកាស ដែលមាន​ការចូលរួម​ពី​អាមេរិក​និង​សម្ព័ន្ធមិត្ដ​ណាតូ​។ ការបង្ហាញ​សមត្ថភាព​យោធា​អាមេរិក ធ្វើឡើង​ចន្លោះពេល​កំពុង​ផ្ទុះ​ភាព​តានតឹង​ជាមួយ​រុស្ស៊ី និង​មាន​សំណួរ​ចោទឡើង​ពី​ការប្ដេជ្ញាចិត្ដ​របស់រ​ដ្ឋ​បាល​លោក​ត្រាំ​ចំពោះ​សម្ព័ន្ធមិត្ដ បន្ទាប់ពី​មាន​សេចក្ដីសម្រេច​ថ្មីៗ​ឲ្យ​កាត់បន្ថយ​កងទ័ព​អាមេរិក​នៅ​អឺរ៉ុប​។ 

​ការប្ដេជ្ញាចិត្ដរប​ស់អា​មេរិក​ចំពោះ​ណាតូ ត្រូវបាន​គេ​ចោទសួរ​បន្ទាប់ពី​មាន​ការរិះគន់​ម្ដង​ហើយ​ម្ដងទៀត​ពី​សំណាក់​លោក​ដូណាល់ ត្រាំ ទៅលើ​ប្រទេស​ជា​សមាជិក​អង្គកា​រណា​តូ​ដែល​មិនបាន​បំពេញ​តាម​គោលដៅ ស្ដីពី​ការដក​២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុបទៅ​បន្ថែម​ឲ្យ​វិស័យ​ការពារជាតិ​។ លោក​ត្រាំ​បាន​បញ្ជា​ឲ្យ​មន្ទីរ​បញ្ច​កោណ​កាត់បន្ថយ​ចំនួន​កងទ័ព​អាមេរិក​យ៉ាងច្រើន​នៅ​អាល្លឺម៉ង់ ដោយ​បញ្ជូន​កងទ័ព​ទាំងនោះ​ភាគច្រើន​មក​អាមេរិក​វិញ​។ នេះ​ជា​សកម្មភាព​ដែល​លោក​ត្រាំ​បាន​និយាយថា ដោយសារតែ​អាល្លឺម៉ង​មិនបាន​ចំណាយ​២​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​វិស័យ​ការពារជាតិ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត