មុន​ល្បី​ឈ្មោះ​ជែក​គី ចាន់​​ក៏​ធ្លាប់ធ្វើ​​កម្មករសំណង់​ដែរ​

30-08-2020 10:45 am 446

​លោកជែ​គី ចាន់ ដែល​អ្នកគាំទ្រ​ខ្មែរ​ស្គាល់​ថា​ឈិន ឡុង គឺជា​តារា​សម្ដែង​ដ៏​ល្បីឈ្មោះ​មួយរូប​ក្នុង​ពិភពលោក​។ ភាពប៉ិនប្រសព្វ​នៅក្នុង​ការសម្ដែង ឆ្លងកាត់​ឈុត​ឆាក​គ្រោះថ្នាក់​ជាច្រើន បានធ្វើឲ្យ​លោក​ក្លាយជា​តារាភាពយន្ដដ​ក់ជាប់​ក្នុង​បេះដូង​អ្នកគាំទ្រ ហើយ​ត្រូវបាន​គេ​ចាត់ទុកជា​កំពូល​តារា​សម្ដែង​ក្បាច់គុន​ម្នាក់​។ លោក​ចាន់​បានចាប់ផ្ដើម​សិក្សា​ពី​សិល្បៈ ក្បាច់គុន ការ​ច្រៀង កីឡា​កាយសម្ព័ន្ធ​តាំងពី​អាយុ​៧​ឆ្នាំ​មកម្ល៉េះ​។ លោក​ក៏បាន​ចូល​សម្ដែង​ក្នុង​ភាពយន្ដ​តាំងពី​ទសវត្ស​ឆ្នាំ​១៩៦០​បន្ដ​រហូតដល់​បច្ចុប្បន្ន ហើយ​មុន​ទទួលបាន​ប្រជាប្រិយភាព​ដូច​សព្វថ្ងៃ លោក​ក៏​ធ្លាប់​ឆ្លងកាត់​ជីវិត​ជា​កម្មករសំណង់​ដែរ​។​ ​តើ​ជែក​គី ចាន់​មាន​ប្រវត្ដិ​យ៉ាងណាខ្លះ​ទម្រាំ​បាន​ល្បី​ដូច​សព្វថ្ងៃ?

​ជី​វប្រ​វត្ដិ​

​ជា​តារា​សម្ដែង ជា​អ្នកដឹកនាំ​រឿង និង​ជា​អ្នកចម្រៀង​ផង​នោះ លោក​ជែក​គី ចាន់ មានឈ្មោះ​ដើម​ថា​ចាន់ កុង​សាង កើត​នៅ​ថ្ងៃទី​០៧ ខែ​មេសា ឆ្នាំ​១៩៥៤ នៅក្នុង​ទីក្រុង​ហុងកុង​ដែនដី​ចិន​បច្ចុប្បន្ន​មាន​វ័យ​៦៦​ឆ្នាំ​។ ឪពុក​របស់លោក​ឈ្មោះ​ឆា​ល ចាន់​(Charles Chan) និង​ម្ដាយ​របស់លោក​ឈ្មោះ​លី​លី ចាន់​(Lee-Lee Chan) ជា​អ្នកធ្វើការឲ្យអ​គ្គ​រដ្ឋទូ​តបា​រាំង​ប្រចាំ​នៅ​ទីក្រុង​ហុងកុង ដូច្នេះ​លោក​ចាន់​ចំណាយពេល​ច្រើន​ឆ្នាំ​រស់នៅក្នុង​ស្ថាន​កុងស៊ុល​។ លោក​ចាន់​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​ហុងកុង​Nah-Hwa ប៉ុន្ដែ​មិនបាន​ឡើង​ថ្នាក់​ទេ​នៅ​ឆ្នាំ​ដំបូង ក្រោយមក​ឪពុកម្ដាយ​របស់លោក​បាន​ផ្លាស់​លោក​ចេញពី​សាលា​នេះ​។ ក្នុង​ឆ្នាំ​១៩៦០​ឪពុកម្ដាយ​របស់លោក​បាន​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង​កង់​បេរ៉ា​ប្រទេស​អូស្ដ្រាលី ធ្វើជា​មេ​ចុងភៅ​នៅ​ស្ថានទូត​អាមេរិក ហើយ​លោក​ចាន់​ក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលា​Peking Opera ស្ថិតក្នុង​ទីក្រុង​ហុងកុង​ក្នុង​វ័យ​ប្រមាណ​ជិត​៧​ឆ្នាំ​។ នៅ​ទីនោះ​ជែក​គី ចាន់​ក៏បាន​រៀន​ក្បាច់គុន កីឡា​កាយសម្ព័ន្ធ និង​រៀន​ច្រៀង​ផងដែរ ដោយ​លោក​ចេះ​ក្បាច់គុន​ជាច្រើន​មានតែ​ខ្វាន់​ដូ ហាប់​គី​ដូ កុង​ហ្វ៊ូ​ជាដើម​។​

​ជែក​គី ចាន់​បាន​ទៅ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​មួយរយៈ​នៅ​ទីក្រុង​កង់​បេរ៉ា​ប្រទេស​អូស្ដ្រាលី​ក្នុង​ឆ្នាំ​១៩៧៦ នៅពេលដែល​លោក​បរាជ័យ​នៅក្នុង​ការសម្ដែង​។ ពេលនោះ​លោក​ក៏បាន​ចុះឈ្មោះ​ចូលរៀន​បន្ថែម​នៅ​មហាវិទ្យាល័យ​Dickson ប៉ុន្ដែ​បាន​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ពេល​នៅ​អូស្ដ្រាលី​លោក​ក៏​ឆ្លៀត​រក​ការងារ​ធ្វើ​គឺជា​កម្មករសំណង់​។ អ្នកធ្វើការ​សំណង់​ម្នាក់​ឈ្មោះ​ជែក បាន​យក​ជែក​គី ចាន់​ទៅ​ធ្វើការ​ជាមួយ ក្រោយមក​ជែក​គី ចាន់​ក៏​ត្រូវបាន​គេ​ដាក់ឈ្មោះ​ក្រៅ​ឲ្យ​ថា​ជែក​តូច ហើយ​ក្លាយជា​ជែក​គី ធ្វើឲ្យ​គេហៅ​លោកថា​ជែក​គី​តាំងពីពេល​នោះមក​។ នៅ​ចុង​ទសវត្ស​ឆ្នាំ​១៩៩០​លោក​ចាន់​បាន​ប្ដូរ​ឈ្មោះ​ទៅជា​ហ្វុង ស៊ី​លុង​វិញ​តាម​នាមត្រកូល​ដើម​របស់​ឪពុក​។​

​ការ​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ដ​

​ជែក​គី ចាន់​ចាប់ផ្ដើម​បង្ហាញខ្លួន​ក្នុង​ខ្សែភាពយន្ដ​ដំបូង​តាំងពី​អាយុ​៥​ឆ្នាំ​ដោយ​សម្ដែង​ជា​តួ​កូន​។ ក្នុង​ឆ្នាំ​១៩៦២​កាលនោះ​មាន​អាយុ​៨​ឆ្នាំ​លោក​បាន​សម្ដែង​ក្នុង​រឿង​មួយ​ផ្សេងទៀត​បន្ដ​ដល់​ឆ្នាំ​១៩៦៣ និង​ឆ្នាំ​១៩៦៦​។ នៅ​ឆ្នាំ​១៩៧១​លោក​បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​Great Earth Film​។ ក្នុង​វ័យ​១៧​ឆ្នាំ​ជែក​គី ចាន់​បាន​ចូល​សម្ដែង​ជា​តួ​បែប​វាយតប់ ព្រមទាំង​បាន​សម្ដែង​ជាមួយ​កំពូល​តារា​ក្បាច់គុន​ប្រ៊ូ​សលី​(Bruce Lee)​ផងដែរ​ក្នុង​រឿង “Fist of Fury”  និង​រឿង “Enter the Dragon”​។ លោក​បាន​សម្ដែង​ក្នុង​រឿង​មួយទៀត​ឈ្មោះ “ Little Tiger of Canton” ចាក់​បញ្ចាំង​នៅ​ឆ្នាំ​១៩៧៣​។​

​ក្នុង​ឆ្នាំ​១៩៧៦​លោក​បានទទួល​សារ​ពី​ផលិតករ​ភាពយន្ដ​នៅ​ហុងកុង​ឈ្មោះ​Willie Chan​។ លោក Willie​ឲ្យ​លោក​ចាន់ទៅ​សម្ដែង​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​ឡូ វៃ​(Lo Wei) ដោយ​ចង់ឲ្យ​លោក​ដើរតួ​ជា​អ្នក​ក្បាច់គុន​ដូចជា​ប្រ៊ូ​សលី​នៅក្នុង​រឿង​ថ្មី “New Fist of Fury “​។ ប៉ុន្ដែ​រឿង​ថ្មី​នោះ​មិន​ទទួលជោគជ័យ​ទេ ព្រោះ​ជែក​គី ចាន់​មិន​ធ្លាប់​សម្ដែង​ជា​តារា​ក្បាច់គុន​ដូច​ប្រ៊ូ​សលី​។ យ៉ាងណាក៏ដោយ​អ្នកដឹកនាំ​រឿង​ឡូ វៃ បន្ដ​ផលិត​រឿង​ដែលមាន​ឈុត​ឆាក​ស្រដៀង​គ្នា ដោយ​ទទួលបាន​លទ្ធផល​ប្រសើរ​ជាង​មុន​តិចតួច​។​

​ក្រោយ​ជួប​បទពិសោធន៍​បរាជ័យ ជែក​គី ចាន់​បាន​ពិចារណា​ឡើងវិញ​ចង់​បំបែក​កំណត់ត្រា​របស់​ប្រ៊ូ​សលី ហើយ​បង្កើត​ទស្សនីយភាព​ផ្ទាល់ខ្លួន​វិញ​ម្ដង​។ លោក​ក៏​គិត​ច្នៃ​បន្ថែម​សមត្ថភាព​សិល្បៈ​ក្បាច់គុន​ជាមួយ​ភាពប៉ិនប្រសព្វ​ក្នុង​ការសម្ដែង មាន​ទាំង​ការ​វាយតប់​បែប​កំប្លែង​ផង ទីបំផុត​ក៏​រកឃើញ​អ្វីដែល​ជា​របស់ខ្លួន​ក្នុង​វិស័យ​ភាពយន្ដ​។ ក្នុង​ឆ្នាំ​១៩៧៨​លោក​ចាន់​បាន​ថត​រឿង​ពីរ​ដំណាល់គ្នា គឺ​រឿង “Snake in the Eagle’s Shadow”  និង​រឿង "kung fu comedy" ដែល​បច្ចុប្បន្ន​ស្គាល់​ថា “Drunken Master” ធ្វើឲ្យ​វិស័យ​ភាពយន្ដ​ហុងកុង​កាន់​តែ​ល្បី​រន្ទឺ​ក្នុង​ពិភពលោក​។ ជែក​គី ចាន់​បាន​បន្ដ​សម្ដែង​ជា​បន្ដបន្ទាប់ ហើយក៏​បាន​ក្លាយជា​អ្នកដឹកនាំ​រឿង​ផងដែរ​។ មិន​ត្រឹមតែ​ល្បី​រន្ទឺ​នៅក្នុង​ភាពយន្ដ​ហុងកុង ជែក​គី ចាន់​បន្ដ​បង្កើត​កេរ្ដិ៍ឈ្មោះ​នៅក្នុង​ពិភព​ហូលីវូដ​បន្ថែមទៀត​ចាប់ពី​ឆ្នាំ​១៩៩៥ ដោយបាន​សម្ដែង​ជាមួយ​តារា​ហូលីវូដ​បរទេស​ជាច្រើន​។ គិតដល់​បច្ចុប្បន្ន​ជែក​គី ចាន់​បាន​សម្ដែង​មិន​ក្រោម​១៥០​រឿង​ទេ​។ 

​តាម​ការផ្ដល់​បទសម្ភាសន៍​ដល់​កម្មវិធី​ទូរទស្សន៍​ល្បីៗ ទម្រាំ​ក្លាយជា​តារាភាពយន្ដ​ល្បី​ដូច​សព្វថ្ងៃ លោក​ក៏​ប្រឈម​គ្រោះថ្នាក់​ស្ទើរ​បាត់បង់​ជីវិត​ដែរ​។ លោក​ធ្លាប់​និយាយថា​លោក​រងរបួស​បាក់ឆ្អឹង​ពេញ​ខ្លួន​តាំងពី​ក្បាល​ដល់​ចុងជើង នៅក្នុង​ឈុត​ឆាក​សម្ដែង​ផ្ទាល់​ពុំមាន​កាត់ត​។ តួយ៉ាង​មានការ​លោត​ផ្លោះ​ជញ្ជាំង អគារ និង​ឈុត​ឆាក​គ្រោះថ្នាក់​ជាច្រើន​ទៀត​សុទ្ធតែ​ត្រូវ​សម្ដែង​ដោយផ្ទាល់​។ និយាយ​ពី​អារម្មណ៍​ពិត​ទោះបី​ពេលខ្លះ​ស្ទើរតែ​បាត់​បង់ជីវិត ប៉ុន្ដែ​ជែក​គី ចាន់​នៅតែ​ពេញចិត្ដ​នឹង​អាជីព​សម្ដែង​មិន​ព្រម​បោះបង់​ឡើយ​។​

​ងាក​ចេញពី​វិស័យ​ភាពយន្ដ ជែក​គី ចាន់​ក៏​ជា​អ្នកចម្រៀង​មួយរូប​ដែរ ដោយ​លោក​ធ្លាប់បាន​ចូលរៀន​នៅ​សាលា​អូ​ប៉េ​រ៉ា​កាលពី​ក្មេង​។ លោក​ចាប់ផ្ដើម​ថត​ចម្រៀង​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ ហើយក៏​ជា​អ្នកចម្រៀង​ដ៏​ជោគជ័យ​នៅ​ហុងកុង​និង​អាស៊ី​។ លោក​បាន​បញ្ចេញ​បទ​ចម្រៀង​ប្រមាណ​២០​អាល់​ប៊ុម​តាំងពី​ឆ្នាំ​១៩៨៤​។ បទ​ចម្រៀង​ចាក់​នៅ​ចុងបញ្ចប់​សាច់រឿង​លោក​សម្ដែង​ជាច្រើន សុទ្ទតែ​លោកជា​អ្នក​ច្រៀង​។​

​ជីវិត​គ្រួសារ​

​ជែក​គី ចាន់​បាន​រៀបការ​នៅ​ឆ្នាំ​១៩៨២​ជាមួយ​អ្នកស្រី​Joan Lin​តារា​សម្ដែង​តៃវ៉ាន់​។ ចំណង​អាពាហ៍ពិពាហ៍​មាន​កូនប្រុស​ម្នាក់​ឈ្មោះ​Jaycee ជា​តារា​សម្ដែង​និង​ជា​អ្នកចម្រៀង​ផងដែរ​។ មាន​ព័ត៌មាន​បែកធ្លាយ​ថា​លោក​មាន​កូនស្រី​ម្នាក់ទៀត​ឈ្មោះ​Etta Ng Chok Lam ជាមួយ​តារា​សម្ដែង​ហុងកុង​អ្នកស្រី Elaine Ng ដែល​ករណីនេះ​ក៏​ធ្លាប់​ផ្ទុះ​ជា​រឿងអាស្រូវ​ផងដែរ​កន្លងមក​។ 

​និយាយ​ពី​ទ្រព្យសម្បត្ដិ តាម​ការប៉ាន់ប្រមាណ​ក្នុង​ឆ្នាំ​២០២០​នេះ ជែក​គី ចាន់​មានទ្រព្យ​ចន្លោះ​ពី​៣៧០​ទៅ​៤០០​លាន​ដុល្លារ​អាមេរិក​។ កាលពី​ឆ្នាំ​២០១៦​លោក​ជាប់​ជា​តារា​សម្ដែង​ទី​ពីរ​ដែល​រកចំណូលបាន​ច្រើន​បំផុត​ក្នុង​ពិភពលោក​។ រីឯ​ភាសា​លោក​ចាន់​អាច​និយាយ​ភាសា​ចិន​កន្ដាំង ចិន​កុក​ងឺ អង់គ្លេស​។ លោក​ក៏​អាចនិយាយបាន​ខ្លះៗ​នូវ​ភាសា​អាល្លឺម៉ង់ កូរ៉េ ជប៉ុន អេ​ស្ប៉ាញ និង​ភាសា​ថៃ​។​

​ចំពោះ​កិច្ចការ​មនុស្សធម៌ លោក​ចាន់​ក៏​ជា​សប្បុរសជន​ដោយ​ធ្លាប់​ចូលរួម​ក្នុង​ការអភិរក្ស​សត្វ​និង​ជួយសង្គ្រោះ​ពី​គ្រោះមហន្ដរាយ​។ នៅ​ឆ្នាំ​២០០៦​លោក​បានប្រកាស​នឹង​បរិច្ចាគ​ទ្រព្យសម្បត្ដិ​ពាក់កណ្ដាល​ទៅឲ្យ​អង្គការ​សប្បុរសធម៌​នៅពេលលោ​ក​ស្លាប់​។ លោក​ចាន់​បាន​បម្រើការ​ជា​ទូត​សុ​ឆន្ទៈ​របស់​UNICEF​តាំងពី​ឆ្នាំ​២០០៤ និង​ត្រូវបានតែងតាំង​ជា​អគ្គរដ្ឋទូត​ប្រឆាំង​គ្រឿងញៀន​លើកដំបូង​នៅ​សិង្ហ​បុរី​។ ចំពោះ​ពានរង្វាន់​នៃ​វិស័យ​ភាពយន្ដ​លោក​បានទទួល​យ៉ាងច្រើន រាប់​តាំងពី​ពានរង្វាន់​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ក៏ដូចជា​ពានរង្វាន់​ពី​ហូលីវូដ​។ ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​វិញ លោក​ជែក​គី ចាន់​ក៏​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​នៃ​រដ្ឋាភិបាល​ប្រជាជន​ចិន​ផងដែរ​៕​(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត