រដ្ឋមន្ត្រីកសិកម្ម៖ទំនើបកម្មកសិកម្មមួយឆ្នាំចុងក្រោយនេះចេញលទ្ធផល បណ្តើរៗហើយ

30-08-2020 10:21 am 202

លទ្ធផលដែលយើងទទួលបានជាទីគាប់ចិត្ត ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ដែលបាននិងកំពុងលេចចេញជាបណ្តើរៗ តាមរយៈនៃការដាក់ចេញនូវគោលនយោបាយនៃការធ្វើទំនើបកម្មកសិកម្ម ដោយជំរុញ និងបង្កើនការផលិតបន្លែសុវត្ថិភាពនៅតាមបណ្តារាជធានី/ខេត្ត ក្នុងគោលបំណងឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្លែក្នុងស្រុក កាត់បន្ថយការនាំចូលជាបណ្តើរៗតាមរយៈការបំពាក់ផ្ទះសំណាញ់ និងបញ្ចូលបច្ចេកវិទ្យាថ្មីនៃការដាំដុះ និងការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹកជូនដល់កសិករ។ នេះជាការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក រដ្ឋមន្ត្រីបានបញ្ជាក់ថា យោងតាមអ្វីដែលកសិករធ្លាប់ប្រឈមក្នុងការដាំដុះបន្លែកន្លងមក គឺមានការប្រឈមទៅនឹងអាកាសធាតុ (ក្តៅខ្លាំងនៅរដូវប្រាំង និងភ្លៀងច្រើននៅរដូវវស្សា) និងជាពិសេសសត្វល្អិតបានកើតឡើងច្រើន នៅរដូវក្តៅ និងដើមរដូវវស្សា ហើយទាមទានូវការប្រើប្រាស់ថ្មាំពុលលើសកម្រិត រួមជាមួយនឹងវិធានការជាច្រើនទៀត ហើយទទួលបានប្រាក់ចំណូលទាបបំផុត ទន្ទឹមនឹងនេះបានដាក់បន្ទុកទៅលើកសិករ និងមន្រ្តីកសិកម្មមិនយកចិត្តទុកដាក់ក្នុងការបង្កើនផលិតស្បៀងនៅក្នុងស្រុក។

លោក វេង សាខុន បានបន្ថែមទៀតថា តាមរយៈការផ្តល់ជូននូវបច្ចេកវិទ្យាថ្មីនៃការដាំដុះដល់កសិករក្នុងរយៈពេលមួយឆ្នាំចុងក្រោយ បានពិនិត្យឃើញថាប្រជាជនមានការពេញចិត្ត ក្នុងការបង្កើនការដាំដុះរហូតទៅដល់ ពី៥ ទៅ៦ដងក្នុងមួយឆ្នាំ ហើយមិនចាំបាច់ចំណាយលើការប្រើប្រាស់ថ្នាំពុលសម្លាប់សត្វល្អិត ហើយក៏មានការបញ្ជាទិញពីទីផ្សារមានការកើនឡើងខ្ពស់ផងដែរ។

ជាមួយគ្នានេះ តាមរយៈលទ្ធផលដ៏ល្អប្រសើរដែលកំពុងទទួលបាននេះ លោករដ្ឋមន្ត្រីមានក្តីសង្ឃឹមថា ដៃគូអភិវឌ្ឍន៍ទាំងអស់ និងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងបង្កើនការយកចិត្តទុកដាក់ និងបង្កើនទុនវិនិយោគជួយកសិករបន្ថែមទៀតនាពេលខាងមុខនេះ៕(ដោយ៖ភិន សុភី) 

ព័ត៌មានផ្សេងទៀត