មន្ដ្រី​យោធា​ជាន់ខ្ពស់​៖​​យោធា​អាមេរិក​​នឹងមិន​លូកដៃ​​ក្នុង​វិវាទ​នៃ​​ការបោះឆ្នោត​ឡើយ​

30-08-2020 10:21 am 527

​មន្ដ្រី​យោធា​ជាន់ខ្ពស់​និង​ជា​អគ្គសេនាធិការ​ចម្រុះ​អាមេរិក​លោក​ឧត្ដមសេនីយ៍​Mark Milley បាន​ឆ្លើយតប​នឹង​ការ​ចោទសួរ​របស់​សមាជិក​សភា​ថា យោធា​នឹងមិន​លូកដៃ​ជួយ​ដោះស្រាយ​ឡើយ​ប្រសិនបើ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ធ្វើឡើង​នៅ​ខែវិច្ឆិកា​មាន​ភាពចម្រូងចម្រាស​។ រដ្ឋធម្មនុញ្ញ​និង​ច្បាប់​អាមេរិក​បង្កើត​ដំណើរការ​នៃ​ការ​អនុវត្ដ​ការបោះឆ្នោត ហើយ​សម្រាប់​ការដោះស្រាយ​វិវាទ​ជុំវិញ​លទ្ធផល​បោះឆ្នោត លោក​Milley​ថា​យោធា​គ្មាន​ពាក់ព័ន្ធ​អ្វី​នឹង​ការងារ​នេះ​ទេ​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍ ឆ្លើយតប​សំណួរ​សមាជិកសភា​ពីររូប​នៃ​គណៈកម្មាធិការ​ឃ្លាំមើល​សព្វាវុធ​អាមេរិក​។​

​លោក​Milley​បន្ថែមថា បើ​មាន​ជម្លោះ​កើតឡើង​ទាក់ទង​នឹង​ការបោះឆ្នោត តាមច្បាប់​អាមេរិក​តម្រូវឲ្យ​តុលាកា​រនិង​សភាជា​អ្នកដោះស្រាយ ដូច្នេះ​លោក​ពិតជា​ជឿជាក់​យ៉ាង​ជ្រាលជ្រៅ​បំផុត​ទៅលើ​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​នយោបាយ​របស់​យោធា​។ 

​ដើមចម​ដែល​មានការ​ចោទសួរ​ពី​គោលជំហរ​របស់​យោធា​ជុំវិញ​លទ្ធផល​ឆ្នោត​អាមេរិក កើតឡើង​ក្រោយពេល​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោក​Joe Biden និយាយ​ក្នុង​បទសម្ភាសន៍​មួយ​កាលពី​ខែមិថុនា​ថា ប្រសិនបើ​លោក​Donald Trump​ចាញ់ឆ្នោត​ហើយ​មិន​ចុះ​ចេញពី​តំណែង លោក​ជឿជាក់ថា​នឹងមាន​ការបណ្ដេញ​លោក​Trump​ចេញ​ពុំខាន​ឡើយ​។ នោះ​គឺ​លោក​សំដៅ​ទៅលើ​អគ្គសេនាធិការ​ចម្រុះ ដែល​នឹង​ចាត់វិធានការ​បណ្ដេញ​លោក​ត្រាំ​ចេញពី​តំណែង​ប្រធានាធិបតី​បើ​លោក​នៅ​រឹងទទឹង​ទាំង​ចាញ់ឆ្នោត​។​

​ចំណែក​អ្នកស្រី​Hillary Clinton​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​ឆ្នាំ​២០១៦ ក៏មាន​មន្ទិលសង្ស័យ​ដែរ​ថា​លោក​Trump​ទំនង​មិន​ចុះ​ចេញពី​តំណែង​ទេ ជាដើម​ហេតុ​អាច​ឈានដល់​ជម្លោះ​ដោយសារ​លទ្ធផល​ឆ្នោត​។ លោក​Trump​ធ្លាប់បាន​បដិសេធ​មិន​ប្រកាស​ជា​សាធារណៈ ថា​លោក​នឹង​ទទួលយក​លទ្ធផល​ឆ្នោត​ឬ​យ៉ាងណា​ឡើយ​។ លោក​មិនទាន់​ថា​ព្រម​ឬក៏​មិន​ព្រម​តាម​លទ្ធផល​ទេ ប៉ុន្ដែ​លោក​ត្រូវ​រង់ចាំ​មើល​ជាក់ស្ដែង​សិន​។​

​ការលើកឡើង​ដូច្នេះហើយ​ទើប​មាន​ការព្រួយបារម្ភ រហូត​មាន​ការស្នើសុំ​ថាបើ​លោក​Trump​ពិតជា​ទទូច​មិន​ចុះ​ចេញពី​តំណែង​ទោះបី​ចាញ់ឆ្នោត​ហើយ​នោះ យោធា​អាមេរិក​ត្រូវតែ​ចេញ​បទបញ្ជា​ប្រើ​កម្លាំង​ទ័ព​ទម្លាក់​លោក​ចោល​។ ការស្នើសុំ​ឲ្យ​យោធា​អន្ដរាគមន៍​ក៏​ទទួល​ប្រតិកម្ម​ទាំងពី​មន្ទីរ​បញ្ច​កោណ​និង​អ្នកជំនាញ​ក្នុង​វិស័យ​ទំនាក់ទំនង​ស៊ីវិល​-​យោធា​ជាច្រើន​។ អ្នកនាំពាក្យ​ប្រធាន​មន្ទីរ​បញ្ច​កោណ​លោក​Jonathan Hoffman បាន​និយាយ​ក្នុង​សន្និសីទកាសែត​កាលពី​ដើមខែ​នេះ​ថា អាមេរិក​មាន​រដ្ឋធម្មនុញ្ញ​ហើយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​បុគ្គលិក​យោធា​ទាំងអស់​បាន​ស្បថ មិន​ពាក់ព័ន្ធ​ឬ​ធ្វើជា​អាជ្ញាកណ្ដាល​ក្នុង​ជម្លោះ​នយោបាយ​ឬ​ការបោះឆ្នោត​ដាច់ខាត​។ បើតាម​ប្រវត្ដិសាស្ដ្រ​របស់​អាមេ​រិក​ដែល​ធ្លាប់មាន​ជម្លោះ​ក្នុង​ការបោះឆ្នោត​នា​ឆ្នាំ​១៨៧៦​និង​ឆ្នាំ​២០០០ វិវាទ​កាលនោះ​ត្រូវបាន​ដោះស្រាយ​ដោយ​អាជ្ញាធរ​ស៊ីវិល​ប៉ុណ្ណោះ យោធា​ពុំដែល​ធ្លាប់​ពាក់ព័ន្ធ​ឡើយ​។​

​គួរ​ជម្រាបជូន​ថា អាមេរិក​នឹង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃទី​០៣​ខែវិច្ឆិកា​ខាងមុខ ដោយ​លោក​Donald Trump​ប្រធានាធិបតី​បច្ចុប្បន្ន​មកពី​គណបក្ស​សាធារណរដ្ឋ ត្រូវ​ប្រជែង​ជាមួយ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោក​Joe Biden​។ លទ្ធផល​យ៉ាងណា​នៅ​ពុំទាន់​អាចសន្និដ្ឋាន​បានទេ ខណៈ​មានមតិ​គាំទ្រ​ម្ខាងៗ​ថា​លោក​Trump​នឹង​បន្ដ​ឈ្នះ ហើយ​ខ្លះ​ថា​លោក​Biden​នឹង​អាច​ទម្លាក់​លោក​Trump​បាន​៕​(ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត