មេបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ជួបប្រទះ​នូវ​ក្ដីបារម្ភ​ធំៗ​៣

27-08-2020 5:10 pm 331

​លោក​យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន តាមរយៈ​សន្និសីទ​កាសែត​ស្ដីពី “​ក្តី​បារម្ភ​ពី​ស្ថានភាព​នយោបាយ និង​ដំណោះស្រាយ​” បាន​លើកឡើង​ថា ក្ដីបារម្ភ​ធំៗ​ទាំង​៣​ដែល​កម្ពុជា​កំពុង​ជួបប្រទះ​រួម​មាន ទី​១.​បញ្ហា​អរិភាព​នៅក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ខ្មែរ​។ ទី​២.​ផលប៉ះពាល់​ជា​អវិជ្ជមាន​លើ​វិស័យសេដ្ឋកិច្ច និង​ទី​៣.​បញ្ហា​ពាក់ព័ន្ធ​សិទ្ធិមនុស្ស​និង​អំពើពុករលួយ​។​

​ជាមួយ​គ្នា​លោក​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA)១​ភាគ​៣​ឬ​២០%​ពី​កម្ពុជា​ដោយ​សហភាព​អឺរ៉ុប ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​១២​សីហា​កន្លងទៅ​។ លោក​បញ្ជាក់ថា មូលហេតុ​នៃ​ការដក​EBA ២០%​នេះ ដោយសារ​កម្ពុជា​ខកខាន​ពុំ​បាន​បំពេញ​តាម​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​លើ​វិស័យ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយនឹង​សហភាព​អឺរ៉ុប​។ ខកខាន​ដោយហេតុថា នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​សហភាព​អឺរ៉ុប បាន​កំណត់​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នឹង​ត្រូវ​ព្យួរ ប្រសិនបើ​កម្ពុជា​មានកា​រ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​និង​ជា​ប្រព័ន្ធ​។​

​យ៉ាងណាមិញ​លោក​យ៉េង វីរៈ បានលើកឡើង​បន្ថែមថា ដ្បិត​សហគមន៍​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA)២០%​ក៏ពិតមែន តែ​កម្ពុជា​នៅមាន​សញ្ញា​ល្អ​នៅឡើយ​។ នៅមាន​សញ្ញា​ល្អ ដោយសារ​សហភាព​អឺរ៉ុប​នៅតែ​អាច​ផ្ដល់ឱកាស​ឲ្យ​កម្ពុជា​ដើម្បី​ស្រោចស្រង់​EBA ព្រោះ​សហភាព​អឺរ៉ុប​យល់ច្បាស់​ពី​ស្ថានភាព​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រួចហើយ បើទោះបីជា​ការសម្រេច​ដ​ក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA) បាន​ចូល​ជា​ធរមាន​រួច​ហើយ​ក៏​ដោយ​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​លោក​រ៉ុង ឈុន ទាក់ទង​នឹង​បញ្ហា​ព្រំដែន​វិញ លោក​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន បាន​គូសបញ្ជាក់ថា កម្ពុជា​បាន​ខកខាន​ក្នុង​ការបំពេញ​នូវ​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​នៃ​ការបញ្ចេញមតិ និង​សិទ្ធិ​ប្រមូលផ្ដុំ​ជាដើម​។​

​គួរ​ជម្រាប​ថា ការលើកឡើង​របស់​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ធ្វើឡើង​ក្រោយ​ពី​មាន​ការចាប់ខ្លួន​លោក​រ៉ុង ឈុន ដែល​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា កាលពី​យប់​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្ដែង​ញុះ​ញ៉ុង​ឲ្យមាន​ភាពវឹកវរដ​ល់​សន្តិសុខ​សង្គម​លើ​បញ្ហា​ព្រំដែន​កម្ពុជា​។ ម្យ៉ាង​សូម្បីតែ​លោក​សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ ពាក់ព័ន្ធ​បទល្មើស​ជាក់ស្ដែង​ទាក់ទង​នឹង​ការ​ញុះ​ញ៉ុង​បំភ្លៃ​ការពិត​លើ​បញ្ហា​ព្រំដែន និង​ការចោទប្រកាន់​មួលបង្កាច់​ទម្លាក់កំហុស​លើ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន កាលពី​ថ្ងៃ​ទី​១៤​សីហា ៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត