ស្វែងយល់ពីជំងឺរលាកទងសួត

26-08-2020 5:14 pm 682
  ស្តាប់
ស្តាប់ជាសំឡេង

ជំងឺរលាកទងសួតគឺជាជំងឺដែលមានការរលាកនៅកម្រាលខាងក្នុងរបស់បំពង់ទងសួត ដែលបំពង់នេះមានតួនាទីដឹកនាំខ្យល់ចេញ និងចូលទៅក្នុងសួត។ អ្នកដែលមានជំងឺរលាកទងសួតច្រើនតែមានអាការៈក្អកមានស្លេសខាប់ ហើយស្លេសនោះអាចគ្មានពណ៌។ ការរលាកទងសួតមានលក្ខណៈពីរយ៉ាងគឺស្រួចស្រាវ និងរ៉ាំរ៉ៃ ហើយជាធម្មតាការមានអាការៈផ្តាសាយ ឬការបង្ករោគនៅផ្លូវដង្ហើមផ្សេងៗ វាច្រើនតែមានការទាក់ទងនឹងការរលាកទងសួតស្រួចស្រាវ។ 

រលាកទងសួតស្រួចស្រាវ ច្រើនតែមានសភាពស្រួលបួលមកវិញក្នុងរយៈពេលពីរបីថ្ងៃដោយគ្មានអ្វីប៉ះពាល់ទេ ទោះបីជាអ្នកនៅបន្តក្អកជាច្រើនសប្តាហ៍ទៀតក៏ដោយ។ រីឯការរលាកទងសួតរ៉ាំរ៉ៃ ដែលជាស្ថានភាពកាន់តែធ្ងន់ធ្ងរនោះ គឺជាការរលាកជាប់រហូតមួយទៅលើភ្នាសកម្រាលខាងក្នុងរបស់បំពង់ទងសួត ដែលច្រើនតែបណ្តាលមកពីការជក់បារី។ ការរលាកទងសួតរ៉ាំរ៉ៃត្រូវបានគេអោយនិយមន័យថា ជាការក្អកមានស្លេសជាប់យ៉ាងហោចណាស់រយៈពេល ៣ខែ ហើយកើតឡើងម្តងទៀតយ៉ាងហោចណាស់ ២ឆ្នាំជាបន្តបន្ទាប់។ 

ទាំងជំងឺរលាកទងសួតស្រួចស្រាវ និងរ៉ាំរ៉ៃអាចនឹងមានរោគសញ្ញាដូចជា៖ក្អក មានសម្បោថ្លា, ស, លឿងប្រផេះ ឬបៃត និងឈាម (កម្រ),អស់កម្លាំង,ពិបាកដកដង្ហើម,ក្តៅខ្លួនឬញ៉ាក់តិចតួច,មិនស្រួលក្នុងទ្រូង។ បើសិនជាអ្នកមានជំងឺរលាកទងសួតស្រួចស្រាវ អ្នកប្រហែលជាមានអាការៈក្អកជាប់រហូតដែលបន្តជាប់រហូតដល់ច្រើនសប្តាហ៍ក្រោយពីជាពីការរលាករួច។ អ្នកគួរតែជួបគ្រូពេទ្យបើសិនជាការអ្នកក្អកយូរជាង៣សប្តាហ៍មិនអាចអោយដេកបាន,ក្តៅខ្លួនខ្លាំងជាង៣៨អង្សាសេ,មានស្លេសអត់ពណ៌,មានជាប់ទាក់ទងនឹងការដកដង្ហើមលឺដូចហួច ឬពិបាកដកដង្ហើម។ គួរជម្រាបថា កត្តាដែលធ្វើអោយប្រឈមនឹងជំងឺរលាកទងសួតកាន់តែខ្លាំងនោះមានដូចជា៖

១ ជក់បារី៖ អ្នកដែលជក់បារី ឬរស់នៅជាមួយអ្នកជក់បារីគឺមានការប្រឈមមុខកាន់តែខ្ពស់ទាំងជំងឺរលាកទងសួតស្រួចស្រាវ និងរ៉ាំរ៉ៃ។

២ មិនសូវធន់នឹងជំងឺ៖ រឿងនេះប្រហែលជាបណ្តាលមកពីជំងឺស្រួចស្រាវដូចជា ជំងឺផ្តាសាយ ឬជំងឺរ៉ាំរ៉ៃណាមួយដែលរំខានដល់ប្រព័ន្ធភាពរបស់អ្នក។ ចំពោះមនុស្សចាស់, ទារកទើបនឹងកើត និងក្មេងតូចៗគឺងាយនឹងឆ្លងជំងឺណាស់។

៣ ការប៉ះពាល់ទៅនឹងសារធាតុបង្ករលាកនៅកន្លែងធ្វើការ៖ ការប្រឈមមុខនឹងជំងឺរលាកទងសួតនឹងកាន់តែខ្លាំងបើសិនជាអ្នកធ្វើការនៅកន្លែងដែលមានសារធាតុបង្ករលាកដល់សួតដូចជា កន្លែងប្រមូលគ្រាប់ធញ្ញជាតិឬប៉ះពាល់នឹងសារធាតុគីមីច្រើន។

៤ ច្រាលទឹកក្រពះ៖ ការដែលឧស្សាហ៍មានបញ្ហាក្រហាយដើមទ្រូងធ្ងន់ធ្ងរអាចធ្វើអោយរលាកដល់បំពង់ក និងងាយកើតជំងឺរលាកទងសួតណាស់។

យ៉ាងណាមិញ ភាគច្រើននៃជំងឺរលាកទងសួតស្រួចស្រាវនឹងជាមកវិញក្នុងរយៈពេល២សប្តាហ៍ដោយមិនបាច់ព្យាបាលអ្វីទាំងអស់។ ប៉ុន្តែក៏មានករណីខ្លះត្រូវការការព្យាបាលដែរ។ ដូចច្នេះដើម្បីបង្ការមិនឲ្យកើតមានជំងឺនេះ អ្នកគួរតែអនុវត្តន៍តាមវិធីមួយចំនួនដូចជាកាត់បន្ថយការជក់បារី៖ ព្រោះការជក់បារីធ្វើអោយអ្នកប្រឈមកាន់តែខ្លាំងនឹងការរលាកទងសួតរ៉ាំរ៉ៃ។ ចាក់វ៉ាក់សាំង៖ ករណីភាគច្រើននៃជំងឺរលាកទងសួតស្រួចស្រាវបណ្តាលមកពីវីរុសបង្កជំងឺផ្តាសាយ។ ដូចច្នេះការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយរាល់ឆ្នាំ អាចជួយការពារអ្នកបាន។ លាងដៃ៖ ដើម្បីបន្ថយការប្រឈមនឹងការបង្ករោគដោយវីរុស អ្នកត្រូវលាងដៃអោយបានញឹកញាប់ និងមានទម្លាប់ប្រើទឹកលាងដៃផង។ ពាក់ម៉ាសវះកាត់៖ បើសិនជាអ្នកមានជំងឺស្ទះសួតរ៉ាំរ៉ៃ អ្នកគួរតែពាក់ម៉ាសជាប្រចាំនៅកន្លែងធ្វើការ និងកន្លែងដែលមានមនុស្សច្រើន៕ 

ប្រភព៖health.com.kh

ដោយ៖ស៊ូ សូរិយា

 

 ពាក្យគន្លឹះ  សុខភាពជំងឺរលាកទងសួត

ព័ត៌មានផ្សេងទៀត