ចិន​ប្រតិកម្ម​​រឿង​យន្ដហោះ​​ឈ្លប​ការណ៍​​អាមេរិក​​ចូល​ទីតាំង​​ទ័ព​ចិន​​ធ្វើ​សមយុទ្ធ​

26-08-2020 4:26 pm 649

​ចន្លោះពេល​ស្ថានភាព​កំពុង​តានតឹង​ជុំវិញ​ជម្លោះ​ចាស់ៗ តួយ៉ាង​មាន​ជម្លោះ​បច្ចេកវិទ្យា សង្គ្រាម​ពាណិជ្ជកម្ម និង​មាន​ពាក់ព័ន្ធ​ជំងឺ​កូវី​ដ​-១៩​ផង​នោះ ពេលនេះ​ចិន​បានចេញ​ប្រតិកម្ម​បន្ថែម​ដាក់​សហរដ្ឋអាមេរិក​។ ចិន​បាន​ជំទាស់​ដាច់ខាត​នឹង​សកម្មភាព​អាមេរិក ដោយ​ចោទថា​បាន​បញ្ជូន​យន្ដហោះ​ឈ្លប​ការណ៍​U-2​ចូលទៅក្នុង​តំបន់ហាមឃាត់​កាលពី​ថ្ងៃ​អង្គារ ស្ថិតនៅលើ​ទីតាំង​ដែល​យោធា​ចិន​កំពុង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​។​

​ចិន​មិនដែល​ទទួលស្គាល់​ឡើយ​នូវ​សកម្មភាព​ឈ្លប​ការណ៍​របស់​អាមេរិក ខណៈ​អាមេរិក​ក៏​បានបង្ហាញ​ការព្រួយបារម្ភ​ពី​បញ្ហា​អ​សុវត្ថិភាព​នៃ​ការហោះហើរ បង្កឡើង​ដោយ​យន្ដហោះ​ស្ទាក់​របស់​ចិន​។ ករណីនេះ​តែងតែ​កើតឡើង​ជា​ញយ​ដង ហើយ​ភាគី​ទាំងពី​ក៏​តែង​បញ្ចេញ​ប្រតិកម្ម​ទៅវិញទៅមក​។ 

​ក្រសួងការពារជាតិ​ចិន​បាន​បញ្ជាក់ថា យន្ដហោះ​U-2​របស់​អាមេរិក ហោះហើរ​ចូល​តំបន់ហាមឃាត់​ដោយ​គ្មាន​ការអនុញ្ញាត នៅក្នុង​តំបន់​យោធា​ភាគ​ខាងជើង​ប្រទេស ជា​ទីតាំង​កងទ័ព​ចិន​កំពុង​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​។ វា​ជាការ​ជ្រៀត​ជ្រែង​យ៉ាងធ្ងន់ធ្ងរ​បំផុត​នៅក្នុង​ការធ្វើ​សមយុទ្ធ​ជា​ទម្លាប់​របស់​ចិន ហើយក៏​អាច​ឈានដល់​ការយល់ច្រឡំ​បាន​ដោយ​ងាយ ឬក៏​ការវិនិច្ឆ័យ​ខុស​ដែល​បង្កឲ្យមាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ​។ ការបញ្ជូន​យន្ដហោះ​ឈ្លប​ការណ៍​ចូលទៅ​ដែនអាកាស​ហាមឃាត់​ពី​សំណាក់​អាមេរិក ជា​ទង្វើ​បង្កហេតុ​ទាំង​ននល ដូច្នេះ​ចិន​សូម​ជំទាស់​ដាច់ខាត​និង​បាន​បញ្ជូន​តំណាង​តតាំង​ជាមួយ​អាមេរិក​រួចហើយ​។​

​ដោយឡែក​បើតាម​ការបកស្រាយ​ពី​អាមេរិក​នៅក្នុង​សេចក្ដីថ្លែងការណ៍ យន្ដហោះ​U-2​ហោះ​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក គឺ​ស្ថិតក្នុង​តំបន់​ដែល​ទទួលស្គាល់​ដោយ​ច្បាប់​អន្ដរជាតិ​ប៉ុណ្ណោះ​។ តាមរយៈ​សេចក្ដីថ្លែងការណ៍​អាមេរិក​នៅតែ​ទទូច​បន្ដ​បញ្ជូន​យន្ដហោះ​ធ្វើ​ប្រតិ​ប​ត្ដិការ​គ្រប់​ទីកន្លែង ឲ្យតែ​ច្បាប់​អន្ដរជាតិ​អនុញ្ញា​ត ទៅតាម​ការជ្រើសរើសរ​បស់​ខ្លួន​។ ចំពោះ​យន្ដហោះ​U-2​របស់​អាមេរិក អាច​ហោះហើរ​នៅ​រយៈកម្ពស់​ជាង​២​ម៉ឺន​ម៉ែត្រ អាច​អនុវត្ដ​សកម្មភាព​ឈ្លប​ការណ៍​ពី​ចម្ងាយ ដោយ​មិនចាំបាច់​ចូលទៅ​តំបន់ហាមឃាត់​នោះទេ​។​

​ស្របពេល​មិន​បានបញ្ជាក់​ច្បាស់លាស់​ពី​ទីតាំង​កើតហេតុ បច្ចុប្បន្ន​ប្រទេស​ចិន​កំពុង​ធ្វើ​សមយុទ្ធ​នៅក្នុង​សមុទ្រ​ប៉ូ​ហៃ នៅ​សមុទ្រ​លឿង និង​សមុទ្រ​ចិន​ខាងត្បូង​។  ចិន​ចាត់ទុក​សកម្មភាព​អាមេរិក​ផ្ទុយ​នឹង​ច្បាប់​ដែល​បាន​ឯកភាពគ្នា​ស្ដីពី​អាកប្បកិរិយា​នៅ​ដែនសមុទ្រ​និង​ដែន​អាកាស និង​ផ្ទុយ​ពី​បទដ្ឋាន​អន្ដរជាតិ​ផងដែរ​។ ចិន​ទាមទារ​ឲ្យ​អាមេរិក​បញ្ឈប់​ជាបន្ទាន់​ឥរិយាបថ​បង្កហេតុ​និង​ចាត់វិធានការ​ជាក់ស្ដែង ដើម្បី​ការពារ​សន្ដិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  ចិនអាមេរិកឈ្លបការណ៍

ព័ត៌មានផ្សេងទៀត