រដ្ឋាភិបាល​នឹង​រៀបចំ​វេទិកា​សាធារណៈ​ពន្យល់រឿង​ផែនទីនិង​បង្គោល​ព្រំដែន​

25-08-2020 4:42 pm 346

​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​រៀបចំ​វេទិកា​សាធារណៈ​ដើម្បី​ពន្យល់ និង​បើក​ទូលាយ​សម្រាប់​ប្រជាពលរដ្ឋ ដែល​មាន​ការ​ចង់ដឹង ចង់​យល់ អំពី​ផែនទី និង​ការបោះបង្គោល​ព្រំដែន នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ឆាប់ៗ​ខាងមុខនេះ​។

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ឆ្លើយតប​នឹង​សំណើ​របស់ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ នៅក្នុង​កិច្ចប្រជុំ​នា​ថ្ងៃទី​២៥​ខែ​សីហា​នេះ ដោយ​បាន​ណែនាំ​ឲ្យ លោក​ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំ​វេទិកា​សាធារណៈ ដើម្បី​ពន្យល់​ប្រជាពលរដ្ឋ ដែល​ចង់ដឹង​អំពី​ផែនទី និង​ការបោះបង្គោល​ព្រំដែន​។ ​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក ឈឹម ផល​វរុណ អគ្គលេខាធិការ នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់​។​

​លោក ឈឹម ផល​វិរុណ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​បើក​ទូលាយ ដោយ​អនុញ្ញាត​ឲ្យ​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​លើ​កិច្ចការ​ព្រំដែន ចុះ​ទៅ​សាកសួរ​ប្រជាពលរដ្ឋ ដែល​អះអាង​ថា​បាត់​ដី ហើយ​ការបើក​ទូលាយ​មួយទៀត គឺ​អនុញ្ញាត​ឲ្យ​រៀបចំ​វេទិកាសាធារណៈ ដើម្បី​ពន្យល់​អំពី​ផែនទី និង​ការបោះបង្គោល​ព្រំដែន​។​

​គួរបញ្ជាក់​ថា ការដាក់ចេញ​នូវ​ការរៀបចំ​វេទិកា ដើម្បី​ពន្យល់​ប្រជាពលរដ្ឋ​អំពី​ការបោះបង្គោល​ព្រំដែន និង​ផែនទី​នេះ បាន​ធ្វើឡើង​ស្របពេល​ដែល កម្ពុជា និង​វៀតណាម បានប្រគល់ និង​ទទួល ផែនទី​ឋានលេខា​ព្រំដែន​គោក ខ្នាត ១/២៥ ០០០ ដែល​ជា​ផែនទី​ទំនើប​សម័យ​ឌីជីថល កាលពី​ថ្ងៃ​ទី​០១ ខែ​សីហា និង​បន្ទាប់​ពី​មានការ​បំផុសបំផុល​អំពី​បញ្ហា​ព្រំដែន​ឡើងវិញ រហូតដល់​មាន​ការឃាត់ខ្លួន លោក រ៉ុង ឈុន និង លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត