ការផ្ទុះឡើងវិញនៃវីរុសកូវីដ-១៩នៅក្នុងប្រទេសកូរ៉េខាងត្បូង កំពុងតែបង្កក្តីបារម្ភជាថ្មី។ ករណីឆ្លងថ្មីភាគច្រើន នៅក្នុងបរិវេណនិងទីប្រជុំជនជុំវិញទីក្រុងសេអ៊ូល ដែលមានប្រជាជនប្រមូលផ្តុំរស់នៅច្រើនកកកុញស្មើនឹងពាក់កណ្តាល នៃប្រជាជនសរុបទូទាំងប្រទេស ដែលមានចំនួន៥២លាននាក់។ បណ្តាញនៃការឆ្លងថ្មី មានដំណភ្ជាប់មកពីព្រះវិហារProtestant។ នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២០នេះ ករណីឆ្លងធ្លាក់ចុះពី៣៩៧មក២៨០នាក់។ ចំនួននេះ គឺទាបនៅក្នុងន័យសកល ប៉ុន្តែវាខ្ពស់សម្រាប់ប្រទេសកូរ៉េខាងត្បូង ដែលនៅតែរកឃើញករណីឆ្លងកើនដល់ខ្ទង់រយ ក្នុងរយៈពេល១២ថ្ងៃជាប់ៗគ្នា ខណៈប៉ុន្មានសប្តាហ៍មុន ករណីឆ្លងរកឃើញត្រឹមតែខ្ទង់ដប់ ពោលចន្លោះពី៣០ទៅ៤០នាក់ក្នុងមួយថ្ងៃ។
ដូច្នេះឥឡូវនេះអាជ្ញាធរ កំពុងតែព្យាយាមរឹតបន្តឹងច្បាប់នៃការរក្សាគម្លាតសង្គម ហើយសាលារៀននិងសាលាមត្តេយ្យនៅក្នុងទីក្រុងសេអ៊ូល, Incheonនិងក្នុងខេត្ត Gyeonggi ដែលស្ថិតនៅជិតខាងនោះ នឹងត្រូវបិទទ្វារបណ្តោះអាសន្ន។ សិស្សសាលាទាំងនេះត្រូវប្តូរទៅរៀនតាមប្រព័ន្ធអនឡាញវិញ ចាប់ពីថ្ងៃទី២៦ខែសីហាឆ្នាំ២០២០ រហូតដល់ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២០។ តែក៏មានករណីលើកលែងដែរ ចំពោះក្រុមសិស្សដែលត្រូវប្រឡងចូលសាកលវិទ្យាល័យ នៅដើមខែធ្នូនៃឆ្នាំ២០២០នេះ។
រដ្ឋមន្ត្រីក្រសួងអប់រំលោកYoo Eun-haeប្រាប់អ្នកយកព័ត៌មានថា ចំណាត់ការតឹងរឹងចំពោះសិស្សសាលានេះ ក្រោយសង្កេតឃើញថា ពួកគេស្ថិតក្រោមការគំរាមកំហែងពីវីរុសកូវីដ-១៩ ព្រោះករណីឆ្លងបានរកឃើញលើសិស្សនិងបុគ្គលិកក្នុងវិស័យអប់រំ ជាបន្តបន្ទាប់ចំនួនជិត២០០នាក់ ក្នុងរយៈពេលតែ២សប្តាហ៍នៃខែសីហានេះ។
កូរ៉េខាងត្បូងធ្លាប់បិទសាលារៀនម្តងរួចមកហើយ ដោយសារតែកូវីដ-១៩ តែបានបើកឡើងវិញជាដំណាក់កាល ចាប់ពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២០និងថ្ងៃទី១ខែមិថុនាឆ្នាំ២០២០។ អំឡុងពេលនោះកូរ៉េខាងត្បូងបានទទួលការសរសើរថា មានចំណាត់ការល្អនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលបានដោយជោគជ័យ តាមរយៈការតាមដាន ការធ្វើតេស្តនិងការព្យាបាល ហើយត្រូវបានគេយកធ្វើជាប្រទេសគំរូផងដែរ។ ប៉ុន្តែមេរោគស្រាប់តែកំរើកឡើងវិញម្តងទៀត នៅក្នុងខែសីហានេះ ហើយអាជ្ញាធរបានពង្រីកវិធានការទប់ស្កាត់កាលពីសប្តាហ៍មុនក្នុងក្រុងសេអ៊ូល។ ក្រៅពីបិទសាលារៀន អាជ្ញាធរអំពាវនាវឲ្យប្រជាជនស្នាក់នៅតែក្នុងផ្ទះ និងកំណត់រាល់ការធ្វើដំណើរ, រឹតន្តឹងលើការប្រមូលផ្តុំទ្រង់ទ្រាយធំៗរបស់ព្រះវិហ៊ារ, បិទក្លឹបរាត្រីនិងខារ៉ាអូខេជាដើម។ បន្ថែមពីលើនេះ អាជ្ញាធរព្រមានប្រើវិធានការណ៍ឃ្លាតឆ្ងាយពីសង្គមកាន់តែតឹងរ៉ឹងជាងនេះទៀត ដែលរួមបញ្ចូលទាំងការបិទអាជីវកម្មផងដែរ ប្រសិនបើចំនួនករណីថ្មីបន្តកើនឡើងយ៉ាងឆាប់រហ័ស។
យោងទៅតាមការចុះផ្សាយដោយគេហៈទំព័រ ធ្វើបច្ចុប្បន្នភាពនៃវីរុសកូវីដ-១៩ប្រចាំថ្ងៃworldometer នៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ឲ្យដឹងថា ករណីឆ្លងវីរុសកូវីដ-១៩សរុបនៅក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងដល់១៧,៩៤៥នាក់ បូកជាមួយករណីឆ្លងថ្មី២៨០នាក់ និងស្លាប់កើនដល់៣១០នាក់បូកករណីស្លាប់ថ្មីចំនួន១នាក់ ទន្ទឹមនឹងនោះករណីព្យាបាលជាសះស្បើយ បានកើនឡើងដល់១៤,២៨៦នាក់។ គួរជម្រាបជូនផងដែរ អំពីករណីឆ្លងសរុបនៅក្នុងពិភពលោក បានកើនឡើងដល់ជាង២៣លាន៨សែននាក់ បូកជាមួយករណីឆ្លងថ្មី២៣,៩៩៨នាក់ និងស្លាប់កើនដល់ជាង៨១ម៉ឺន៧ពាន់នាក់ បូកជាមួយករណីស្លាប់ថ្មីចំនួន៦៧៥នាក់។ ចំណែក ករណីព្យាបាលជាសះស្បើយវិញ បានកើនឡើងដល់ជាង១៦លាន៣សែននាក់៕
ដោយ៖អ៊ុន សុខឡា