ផ្ទុះ​ការតវ៉ា​នៅ​អាមេរិក​ករណី​ប៉ូលិស​ស្បែក​ស​បាញ់​បុរស​ស្បែក​ខ្មៅ​ម្នាក់​

25-08-2020 3:54 pm 617

​ក្រុមអ្នកតវ៉ា​អាមេរិក​រាប់រយ​នាក់ បាន​ប្រឈម​ជាមួយនឹង​ក្រុម​ប៉ូលិស​អស់​រយៈពេល​២​យប់​នៅ​ក្នុង​ទីក្រុង​Kenosha​នៃ​រដ្ឋ​Wisconsin ចាប់តាំងពី​ថ្ងៃ​អាទិត្យ​ទី​២៣ រហូតដល់​យប់​ថ្ងៃ​ចន្ទ​ទី​២៤​។ ការតវ៉ា​ធ្វើឡើង​ក្រោយពី​មាន​ករណី​ប៉ូលិស​អាមេរិក​បាន​ព្យាយាម​បាញ់ប្រហារ​លើ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​។ 

​បុរស​ស្បែក​ខ្មៅ​ដែល​ត្រូវបាន​ប៉ូលិស​អាមេរិក​ស្បែក​ស​ព្យាយាម​បាញ់ប្រហារ​មានឈ្មោះ​Jacob Blake អាយុ​២៩​ឆ្នាំ​។ តាមរយៈ​ខ្សែ​វីដេអូ​បង្ហាញថា​រូបលោក​ត្រូវបាន​ប៉ូលិស​ដេញ​បាញ់​ពីក្រោយ​ជា​ច្រើនលើក​ច្រើនសា ខណៈ​ដែល​លោក​Blake បាន​ព្យាយាម​រត់​ចូលទៅក្នុង​ឡាន​របស់ខ្លួន​។ កូន​ទាំង​៣​នាក់​របស់​លោក​Blake បាន​ឈរ​មើល​ឪពុក​របស់​ខ្លួន​ត្រូវ​ប៉ូលិស​បាញ់ប្រហារ​។​

​ក្រោយ​ការបាញ់ប្រហារ​ក្រុមគ្រួសារ​លោក​Blake បានឲ្យដឹងថា លោក​Blake​ត្រូវបាន​បញ្ជូន​តាម​យន្តហោះ​ទៅ​សង្គ្រោះបន្ទាន់​នៅឯ​ទីក្រុង​Milwaukee ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ តែ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​បាន​អះអាង​ថា លោក​Blake ទទួលបាន​ការវះកាត់ និង​មាន​ស្ថានភាព​ប្រសើរ​ឡើង​វិញ​ហើយ​។​

​ក្រុមអ្នកតវ៉ា​បាន​ឈរ​ស្រែកថា “​គ្មាន​យុត្តិធម៌ គ្មាន​សន្តិភាព​” និង​ថែម​ទាំង​បាន​ស្រែក​ឈ្មោះ​លោក​Jacob Blake ថែមទៀត​ផង​។ ក្រុមអ្នកតវ៉ា​បាន​នាំគ្នា​កាន់​ពាក្យស្លោក​ដែល​មាន​អត្ថន័យ​ស្រដៀង​ទៅ​នឹង​ការតវ៉ា​ពាក់ព័ន្ធ​នឹង​ការរើសអើង​ពូជសាសន៍​មុនៗ​ដែរ​។​

​ការតវ៉ា​ដែល​ឈានដល់​ការដុត​បំផ្លាញ​រថយន្ត​ក្រុង​ជាច្រើន​គ្រឿង និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​។ ប្រការ​នេះ​បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​សម្រេច​ប្រកាស​បម្រាម​គោចរ​ចាប់តាំងពី​ពី​ម៉ោង​៨​យប់​ថ្ងៃ​ទី​២៤​សីហា រហូតដល់​ម៉ោង​៧​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ ជាមួយ​គ្នា​លោក​Tony Evers អភិបាលរដ្ឋ​Wisconsin បានបញ្ជាក់​ថា លោក​បាន​បញ្ជូន​កងកម្លាំង​សន្តិសុខ​ចំនួន ១២៥​នាក់ ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​តំបន់​ផ្ទុះ​ការតវ៉ា​។​
​យ៉ាងណា​ក៏​ដោយ​លោកចូ បៃ​ដិន ដែលជា​តំណាង​របស់​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក បាន​ទទូច​ឲ្យមាន​ការស៊ើបអង្កេត​ប្រកបដោយ​តម្លាភាព​មួយ ចំពោះ​ការបាញ់ប្រហា​រលើ​បុរស​ស្បែក​ខ្មៅ​ខាងលើនេះ​។​

​សូម​រម្លឹកថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ឡើយ ដែល​ប្រទេស​មហាអំណាច​នេះ ផ្ទុះ​នូវ​ការតវ៉ា​ប្រឆាំង​នឹង​ការរើសអើង​ពូជសាសន៍​។ ជាក់ស្ដែង​កាលពី​៣​ខែ​មុន អាមេរិក​ផ្ទុះ​ការ​បាតុកម្ម​ដ៏​ធំ​ស្ទើរតែ​ទូទាំង​ប្រទេស​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​បុរស​ជ​ន​ជាតិ​ស្បែក​ខ្មៅ​ម្នាក់​ឈ្មោះ​George Floyd ក្នុង​រដ្ឋ​Minneapolis៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត