លោកហ៊ុន សែនណែនាំឲ្យមន្រ្តីរៀបចំសិក្ខាសាលាដើម្បីឲ្យពលរដ្ឋសួរសំណួរអំពីបញ្ហាព្រំដែន

25-08-2020 11:41 am 906

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានណែនាំឲ្យរៀបចំសិក្ខាសាលាដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសសិស្ស-និស្សិតបានស្ដាប់ និងសួរសំណួរអំពីបញ្ហាព្រំដែន។ ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដើម្បីបូកសរុបការងារឆមាសទី៤នៅថ្ងៃទី២៥ ខែសីហានេះ។

លោកពេជ្រ ស្រស់ សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សយុវជនកម្ពុជា ដែលលើកសំណួរសួរទៅកាន់លោកនាយករដ្ឋមន្រ្ដីហ៊ុន សែនក្នុងកិច្ចប្រជុំនាព្រឹកនេះ បានឲ្យដឹងថា លោកហ៊ុន សែនបានណែនាំដល់រដ្ឋមន្រ្ដីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី រៀបចំសិក្ខាសាលាឲ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលស្តាប់និងសួរអំពីរឿងព្រំដែន។

លើសពីនេះទៀតលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ក៏បានបញ្ជាឲ្យលោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែន ចុះទៅជួបប្រជាពលរដ្ឋដែលអះអាងថាបាត់បង់ដីធ្លីនៅខេត្តត្បូងឃ្មុំ ក្រោយពីបោះបង្គោលព្រំដែនផងដែរ។

លោកពេជ្រ ស្រស់ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា”សម្តេចតេជោបានបញ្ជាឲ្យឯកឧត្តមវ៉ា គឹមហុងចុះទៅជួបពលរដ្ឋដែលអះអាងថាបាត់ដីនៅខេត្តត្បូងឃ្មុំ ក្រោយពីបោះបង្គោលព្រំដែន ហើយសម្តេចតេជោក៏បានណែនាំឲ្យឯកឧត្តមរដ្ឋមន្រ្តី ទីស្តីការគណៈរដ្ឋមន្រ្តីបើកសិក្ខាសាលាឲ្យប្រជា ពលរដ្ឋ សិស្ស និស្សិតចូលស្តាប់និងសួរអំពីរឿងព្រំដែន តបតាមសំនួររបស់ខ្ញុំដែលបានសួរទៅកាន់នាយករដ្ឋមន្រ្តីនៃកម្ពុជា”៕ ដោយ៖ឃួន សុភ័ក្រ 

ព័ត៌មានផ្សេងទៀត