បំផ្ទុះ​គ្រាប់បែក​​នៅ​ហ្វីលីពីនស្លាប់និងរបួស​ជាច្រើន​នាក់​

24-08-2020 4:30 pm 396

​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ទីក្រុង​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន បានសម្លាប់​មនុស្ស​៩​នាក់​និង​របួស​ជាច្រើន​នាក់​ទៀត ដោយមាន​ទាំង​ទាហាន​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​យោធា​ហ្វីលីពីន​។ ការ​បំផ្ទុះ​កើតឡើង​នៅ​ថ្ងៃទី​២៤​សីហា​នេះ ដោយមាន​គ្រឿងផ្ទុះ​ពីរ​គ្រាប់​ជឿជាក់ថា​ជា​គ្រាប់បែក​ច្នៃ ត្រូវបាន​បំផ្ទុះ​នៅក្នុង​ទីក្រុង​ជូ​ឡូ​នៃ​ខេត្ដ​សូ​លូ ជា​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​ក្រុម​សកម្មប្រយុទ្ធ​អា​ប៊ូ​សាយ៉ា​ហ្វ​។ 

​នេះ​គឺជា​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​នៅក្នុង​ទីក្រុង​គិត​តាំងពី​ឆ្នាំ​២០១៩ នៅពេល​មានការ​បំផ្ទុះ​គ្រាប់បែក​ភ្លោះ​សម្លាប់​មនុស្ស​ជាង​២០​នាក់​និង​របួស​យ៉ាងហោចណាស់​១០០​នាក់​។ ចំពោះ​ហេតុការណ៍​កើតឡើង​នៅ​ថ្ងៃទី​២៤​សីហា​នេះ​វិញ ការ​បំផ្ទុះ​គ្រាប់​ដំបូង​សម្លាប់​ទាហាន​៥​នាក់​និង​ជន​ស៊ីវិល​៤​នាក់ កងទ័ព​១៦​នាក់​ស្ថិតក្នុង​ចំណោម​អ្នករងរបួស​ជាច្រើន​ទៀត​។ ចំណែក​ការ​បំផ្ទុះ​គ្រាប់​ទី​ពីរ​នៅ​ពុំទាន់​មាន​សេចក្ដីរាយការណ៍​ថា​មាន​អ្នកស្លាប់​ឬ​របួស​នៅឡើយ​ទេ​។​

​ក្រោយ​កើតហេតុ​នៅ​ពុំទាន់​មាន​ក្រុម​ណា​ចេញមុខ​ទទួលខុសត្រូវ​ឡើយ ប៉ុន្ដែ​គេ​បាន​បន្ទោស​ទៅលើ​ក្រុម​សកម្មប្រយុទ្ធ​អា​ប៊ូ​សាយ៉ា​ហ្វ ខណៈ​ក្រុម​ជំនាញ​កំពុងបើក​ការស៊ើបអង្កេត​។ ក្រុម​អា​ប៊ូ​សាយ៉ា​ហ្វ​ត្រូវបាន​បង្កើតឡើង​ក្នុង​ទសវត្ស​ឆ្នាំ​១៩៩០ ក្នុង​បុព្វហេតុ​បំបែក​ខ្លួន​ចេញពី​រដ្ឋាភិបាល​។ ពួកគេ​បានធ្វើ​សកម្មភាព​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន គឺ​នៅតាម​ភូមិសាស្ដ្រ​ខេត្ដ​ស៊ូ​លូ​នៃ​កោះ​មិន​ដា​ណាវ​។ នៅ​ទីនោះ​ហ្វីលីពីន​បាន​ដាក់ពង្រាយ​ទាហាន​រាប់រយ​នាក់ ដើម្បី​បង្ក្រាប​និង​កម្ទេច​ក្រុម​នេះ​ចោល ដោយសារតែ​ពួកគេ​មាន​ទំនាក់ទំនង​ជា​មួយក្រុម​រដ្ឋ​អ៊ីស្លាម​និង​ក្រុម​អាល់​កៃ​ដា​។​

​ពួកគេ​មាន​បក្សពួក​ផ្សេងៗ​ទៀត​ដែល​បាន​បង្កបញ្ហា​ប្រឆាំង​រដ្ឋាភិបាល ដូចជា​ការ​បំផ្ទុះ​គ្រាប់បែក សកម្មភាព​ចាប់ជំរិត ចាប់ពង្រត់ ចោរកម្ម​ជាដើម​។ ពួកគេ​ក៏​ល្បីល្បាញ​យ៉ាងខ្លាំង​ខាង​កាត់​ក្បាល​ចំណាប់ខ្មាំង ដោយ​ក្នុងនោះ​មាន​ពលរដ្ឋ​នៃ​ប្រទេស​លោកខាងលិច​ផងដែរ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត