អាមេរិក​​អនុញ្ញាត​ឲ្យ​ប្រើ​ប្លា​ស្មា​​ទៅ​ព្យាបាល​​អ្នកជំងឺ​​កូវី​ដ​-១៩

24-08-2020 11:09 am 482

​អាជ្ញាធរ​អាមេរិក​កាលពី​ថ្ងៃអាទិត្យ​បានប្រកាស​ផ្ដល់​សិទ្ធិ​បន្ទាន់​ឲ្យ​ក្រុម​វេជ្ជបណ្ឌិត ក្នុង​ការប្រើប្រាស់​ប្លា​ស្មា​អ្នក​ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​-១៩ ដើម្បី​ព្យាបាល​អ្នក​កំពុង​ឈឺ​។ ចំណាត់ការ​របស់​រដ្ឋ​បាល​ចំណីអាហារ​និង​ឱសថ​អាមេរិក​ដូច្នេះ ធ្វើឡើង​ស្របពេល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ កំពុង​ប្រឈម​នឹង​សម្ពាធ​យ៉ាងខ្លាំង​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាតត្បាត​កូវី​ដ​-១៩​។ ប្លា​ស្មា​ត្រូវបាន​គេ​ជឿជាក់ថា​មាន​អង់ទីគ័រ​អាចជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​បាន ហើយ​អាច​ការពារ​ពី​អាការៈ​ធ្ងន់ធ្ង​រនៃ​ជំងឺ​កូវី​ដ​-១៩​បាន​ផងដែរ​។ 

​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​អាមេរិក​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា ការធ្វើ​ដូច្នេះ​អាចមាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​កូវី​ដ​-១៩ ហើយ​អត្ថប្រយោជន៍​ត្រូវបានគេទទួលស្គាល់​ច្រើនជាង​ហានិភ័យ​។ ការស្រាវជ្រាវ​ដំបូង​បង្ហាញថា ប្លា​ស្មា​អាច​កាត់បន្ថយ​អត្រា​ស្លាប់​និង​បង្កើន​សុខភាព​អ្នកជំងឺ ប្រសិនបើ​អាច​គ្រប់គ្រង​ស្ថានភាព​បាន​ក្នុង​រយៈពេល​បី​ថ្ងៃ​ដំបូង​នៃ​ការចូល​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។ យ៉ាងណាមិញ​ទោះបីប្លា​ស្មា​ត្រូវបាន​ប្រើព្យាបាល​អ្នក​ជំងឺ​កូវី​ដ​-១៩​នៅ​អាមេរិក​និង​ប្រទេស​មួយចំនួន​រួចទៅហើយ​ក្ដី ប្រសិទ្ធភាព​របស់​វា​នៅតែ​ត្រូវ​អ្នកជំនាញ​យកទៅ​ពិភាក្សា​បន្ថែម ស្របពេល​អ្នកជំនាញ​ខ្លះ​ព្រមាន​ថា​អាចមាន​ផលប៉ះពាល់​។​

​លោក​ដូណាល់ ត្រាំ​បាន​និយាយថា ការព្យាបាល​ដោយ​ប្រើ​ប្លា​ស្មា​អ្នក​ជាសះស្បើយ​ពី​កូវី​ដ​-១៩ អាច​កាត់បន្ថយ​អត្រា​ស្លាប់​បាន​រហូតដល់​៣៥​ភាគរយ​។ លោក​ថា​នេះ​ជា​វិធី​ដែល​លោក​ចង់ឲ្យ​ធ្វើជា​យូរ​មកហើយ ហើយ​លោក​ក៏​ពេញចិត្ដ​នឹង​ប្រកាស​ប្រយុទ្ធប្រឆាំង​វីរុស​ចិន​ជា​ប្រវត្ដិសាស្ដ្រ ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រាប់មិនអស់​។ វា​ជា​វិធីសាស្ដ្រ​ព្យាបាល​ដ៏​មាន​ឥទ្ធិពល​មួយ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិក​ទៅ​បរិច្ចាក​ប្លា​ស្មា ប្រសិនបើ​ពួកគេ​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​-១៩​។​

​គួរ​ជម្រាបជូន​ថា អាមេរិក​គឺជា​ប្រទេស​ដែលមាន​មនុស្ស​ឆ្លងកូវី​ដ​-១៩​ច្រើនជាងគេ គឺ​ឆ្លង​ជិត​៥​លាន​៩​សែន​នាក់​និង​ស្លាប់​ជាង​១៨​ម៉ឺន​នាក់​។ ក្នុងចំណោម​ឆ្លង​ក៏មាន​ជាសះស្បើយ​ជាង​៣​លាន​នាក់​និង​កំពុង​សម្រាក​ព្យាបាល​ជាង​២​លាន​កន្លះ​។ ដោយឡែក​បើ​គិតពី​ចំនួន​មនុស្ស​ឆ្លង​ទូទាំង​ពិភពលោក បាន​កើនឡើង​ដល់​ជាង​២៣​លាន​នាក់​និង​ស្លាប់​ជាង​៨១​ម៉ឺន​នាក់​។ អ្នក​ជាសះស្បើយ​មាន​ចំនួន​ជាង​១៦​លាន​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ជាង​៦​លាន​នាក់​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត