ប្រធានាធិបតី​​បេឡា​រុស​​បញ្ជា​ឲ្យ​​កងទ័ព​​ការពារ​ព្រំដែន​​ខណៈ​​ក្នុងប្រទេស​​ផ្ទុះ​ការតវ៉ា​

23-08-2020 4:12 pm 464

​ជា​បុរស​ខ្លាំង​និង​ជា​ប្រធានាធិបតី​បេឡា​រុស​លោក​Alexander Lukashenko កាលពី​ថ្ងៃទី​២២​សីហា​បានចេញ​បញ្ជា​ឲ្យ​រដ្ឋមន្ដ្រី​ការពារជាតិ​ចាត់វិធានការ​តឹងរ៉ឹង​បំផុត ដើម្បី​ការពារ​បូរណភាព​ទឹកដី​បន្ទាប់ពី​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ផ្ទុះឡើង​ប្រឆាំងនឹង​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​របស់លោក​។ លោក​ថ្លែង​បែបនេះ​ក្នុង​ពេលធ្វើ​ទស្សនកិច្ច​ទៅកាន់​អង្គភាព​យោធា​ក្នុង​តំបន់​Grodno ជិត​ព្រំដែន​បេឡា​រុស​ជាមួយ​ប្រទេស​ប៉ូឡូញ​។ លោក​Lukashenko​និយាយថា កងទ័ព​ណា​តូ​នៅ​ក្នុងប្រទេស​ប៉ូឡូញ​និង​លី​ទុយ​អា​នី​កំពុង​រំជើបរំជួល​យ៉ាងខ្លាំង នៅ​ជិត​តំបន់​ព្រំដែន​ជាមួយ​បេឡា​រុស ដូច្នេះ​លោក​បានចេញ​បញ្ជា​ឲ្យ​កងទ័ព​បេឡា​រុស​ត្រូវ​ប្រុងប្រៀប​ប្រយុទ្ធ​ជានិច្ច​។​

​មេដឹកនាំ​វ័យ​៦៥​ឆ្នាំ​រូបនេះ​បាន​និយាយ​ដែរថា លោក​បាន​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​ក្នុង​អាណត្ដិទី​៦ ជាមួយ​សំឡេងគាំទ្រ​៨០​ភាគរយ​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី​០៩​ខែ​សីហា​។ ប៉ុន្ដែ​លទ្ធផល​ត្រូវ​ក្រុមប្រឆាំង​ជំទាស់​ដោយ​អះអាងថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​។ ក្រោយមក​ក៏​ផ្ទុះ​ជា​ការតវ៉ា​ទាមទារ​ឲ្យមាន​ការផ្លាស់ប្ដូរ ប៉ុន្ដែ​លោក​Lukashenko​ប្រកាស​មិន​ទទួលស្គាល់​ឡើយ ដោយ​ចាត់ទុក​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នេះ កំពុង​ទទួល​បានការ​គាំទ្រ​ពី​លោកខាងលិច​។ លោក​បានចេញ​បញ្ជា​ឲ្យ​កងទ័ព​ចេញ​ការពារ​តំបន់​ភាគ​ខាងលិច​ប្រទេស​បេឡា​រុស ដែល​លោក​ចាត់ទុកជា​តំបន់​គុជ​។ លោក​បន្ថែម​ដូច្នេះ​ថា “​វា​ពាក់ព័ន្ធ​នឹង​ការចាត់វិធានការ​តឹងរ៉ឹង​បំផុត ដើម្បី​ការពារ​បូរណភាព​ទឹកដី​នៃ​ប្រទេស​របស់​យើង​”​។ 

​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​RIA លោក​ប្រធានាធិបតី​Lukashenko​ធ្លាប់​និយាយថា លោក​អាច​នឹង​បិទ​រោងចក្រ​ដែលមាន​កម្មករ​ចេញមក​តវ៉ា​ចោល​។ លោក​សង្កត់ធ្ងន់ថា​ប្រសិនបើ​រោងចក្រ​ទាំងនោះ​គ្មាន​មនុស្ស​ធ្វើការ ដូច្នេះ​ចាក់សោ​រោងចក្រ​នោះ​ចាប់ពី​ថ្ងៃ​ចន្ទ​ទៅ បញ្ឈប់​វា​តែម្ដង  លោក​នឹង​សម្រេច​ថា​ត្រូវឲ្យ​នរណា​ទៅធ្វើការ​បន្ដ​នៅពេល​ក្រោយ​។​

​គួរ​បញ្ជាក់ថា ក្រុម​ប្រឆាំងនឹង​លោក​Alexander Lukashenko បានរៀបចំ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​បំផុត​ប្រឆាំងនឹង​ការជ្រើសរើស​លោក​ជា​ប្រធានាធិបតី​អាណត្ដិទី​៦ ហើយ​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​។ ក្រុមប្រឆាំង​បាន​អំពាវនាវ​ឲ្យមាន​ការប្រមូលផ្ដុំ​នៅក្នុង​ទីក្រុង​Minsk​នា​ថ្ងៃទី​២៣​សីហា​នេះ​ទៀត បន្ទាប់ពី​មាន​មនុស្ស​ចូលរួម​ការតវ៉ា​កាលពី​សប្ដាហ៍មុន​យ៉ាង​ភ្លូកទឹកភ្លូកដី​ប្រមាណ​ជាង​១០​ម៉ឺន​នាក់ ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​។ 

​សហភាព​អឺរ៉ុប​ក្នុង​សប្ដាហ៍​នេះ​បាន​ច្រានចោល​ជ័យជម្នះ​របស់លោក​Lukashenko​ដូចគ្នា ហើយ​ប្ដេជ្ញា​នឹង​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​អ្វីដែល​ខ្លួន​បាន​និយាយថា មាន​មនុស្ស​ជាច្រើន​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការបន្លំ​សន្លឹកឆ្នោត​និង​ការបង្ក្រាប​លើ​ការតវ៉ា​។ ដោយឡែក​លោក​ប្រធានាធិបតី​Lukashenko​បាន​ច្រានចោល​ការចោទប្រកាន់​នានា និង​មិន​ព្រមឲ្យ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ឡើយ​។ លោក​ថា​ក្រុមប្រឆាំង​បាន​ប៉ុនប៉ង​ដណ្ដើម​អំណាច​ពី​លោក​។ កាលពី​ថ្ងៃ​សុក្រ​លោក​បាន​សន្យា​នឹង​ដោះស្រាយ​វិបត្ដិ​នៃ​ការធ្វើ​បាតុកម្ម​នេះ​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  បេឡារុសការតវ៉ា

ព័ត៌មានផ្សេងទៀត