កូរ៉េខាងត្បូងនៅថ្ងៃទី២៣សីហានេះ បានរាយការណ៍ពីចំនួនមនុស្សឆ្លងកូវីដ-១៩ថ្មីកើនឡើងខ្ពស់បំផុតមិនធ្លាប់មានគិតពីខែមីនា។ តាមការបញ្ជាក់ពីមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងកូរ៉េខាងត្បូងបានឲ្យដឹងថា ចំនួនករណីឆ្លងកូវីដ-១៩ថ្មីមានរហូតដល់៣៩៧នាក់ គិតត្រឹមពាក់កណ្ដាលយប់ថ្ងៃសៅរ៍។ ករណីឆ្លងថ្មីច្រើនដូច្នេះធ្វើឲ្យចំនួនឆ្លងសរុបនៅកូរ៉េខាងត្បូងកើនដល់១៧,៣៩៩នាក់ ស្លាប់៣០៩នាក់។ ប៉ុន្ដែក្នុងនោះមានជាសះស្បើយ១៤,២០០នាក់ កំពុងសម្រាកព្យាបាលសល់២,៨៩០នាក់។
កន្លងមកកូរ៉េខាងត្បូងទទួលជោគជ័យក្នុងការទប់ស្កាត់ករណីឆ្លងរាតត្បាតក្នុងសហគមន៍ ប៉ុន្ដែបានផ្ទុះការឆ្លងជារលកទីពីរក្នុងពេលថ្មីៗ រហូតរដ្ឋាភិបាលដាក់ចេញនូវវិធានការទប់ស្កាត់ជាថ្មីយ៉ាងតឹងរ៉ឹងបំផុត។ ចាប់ពីថ្ងៃទី២៣សីហានេះទៅ រដ្ឋាភិបាលបានដាក់ចេញនូវវិធានការរក្សាគម្លាតសង្គមថ្នាក់ទីពីរ ក្នុងតំបន់ស្ថិតនៅខាងក្រៅទីក្រុងសេអ៊ួលដោយហាមឃាត់ការជួបជុំនៅក្នុងព្រះវិហារ និងបិទក្លឹបរាត្រី ហាងកាហ្វេ ហាងអាហារប៊ូហ្វេជាដើម។ អាជ្ញាធរសុខាភិបាលបាននិយាយថា វិធានការរក្សាគម្លាតសង្គមថ្នាក់ទីបីអាចនឹងត្រូវដាក់ចេញបន្ថែមក្នុងពេលឆាប់ៗ ដែលជំរុញឲ្យសាលារៀននិងអាជីវកម្មផ្សេងៗត្រូវបិទទ្វារបណ្ដោះអាសន្ន ប្រសិនបើអត្រានៃការឆ្លងបន្ដកើនឡើងមិនធ្លាក់ចុះវិញទេ៕(ដោយ៖ពេញ ផេង)