TikTok​​ប្រកាស​តតាំង​​តាម​ផ្លូវច្បាប់​​ប្រឆាំង​​ចំណាត់ការ​​របស់លោក​ត្រាំ​

23-08-2020 10:24 am 1708

​តាម​ការបញ្ជាក់​ពី​TikTok​កាលពី​ថ្ងៃ​សៅរ៍​បានឲ្យដឹងថា ខ្លួន​នឹង​ប្រឈមមុខ​នៅក្នុង​តុលាការ​ជាមួយនឹង​វិធានការ​បង្ក្រាប​របស់​រដ្ឋបា​លលោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​។ TikTok​គឺជា​កម្មវិធី​បង្ហោះ​វីដេអូ​ខ្លីៗ​របស់​ក្រុមហ៊ុន​ចិន​ByteDance ដែលមាន​ការពេញនិយម​យ៉ាងខ្លាំង​នៅ​សហរដ្ឋអាមេរិក ប៉ុន្ដែ​អាមេរិក​ចោទថា​កម្មវិធី​នេះ​គំរាមកំហែង​ដល់​សន្ដិសុខ​ជាតិ​។ ខណៈ​ភាព​តានតឹង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​អាមេរិក​-​ចិន​បាន​ផ្ទុះឡើង​ខ្លាំង ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិ​ប​ត្ដិ​មួយ​កាលពី​ថ្ងៃទី​០៦​សីហា ទុកពេល​៤៥​ថ្ងៃ​ឲ្យ​ក្រុមហ៊ុនឬ​អ្នករកស៊ី​អាមេរិក​បញ្ឈប់​ជាបន្ទាន់​ការធ្វើ​ជំនួញ​ជាមួយ​កម្មវិធី​TikTok​។ 

​ឆ្លើយតប​នៅក្នុង​សេចក្ដីថ្លែងការណ៍​TikTok​បានបញ្ជាក់​ច្បាស់ៗ​ថា “​ទោះបីជា​យើង​មិន​យល់ស្រប​ជាមួយ​ការព្រួយបារម្ភ​របស់​រដ្ឋបាល​អាមេរិ​ក​ក៏ដោយ អស់​រយៈពេល​ជិត​មួយឆ្នាំ​ហើយ​ដែល​យើង​ព្យាយាម​ចូលរួម​ដោះស្រាយ​ដោយ​ស្មោះត្រង់ ដើម្បី​ផ្ដល់នូវ​ដំណោះស្រាយ​ក្នុង​ការស្ថាបនា​។ ប៉ុន្ដែ​អ្វីដែល​យើង​ជួបប្រទះ​គឺ​កង្វះ​នីតិវិធី​ត្រឹមត្រូវ ដោយសារ​រដ្ឋបាល​អាមេរិក​មិនបាន​យកចិត្ដទុកដាក់​លើ​ការពិត ហើយ​បែរ​ព្យាយាម​ជ្រៀត​ខ្លួន​ចូលក្នុង​ការចរចា​អាជីវកម្ម​ឯកជន​ទៅវិញ​។​” 

TikTok​បន្ដថា “​ដើម្បី​ធានាថា​ច្បាប់​មិន​ត្រូវបាន​មើលរំលង ហើយ​ដើម្បី​ធានាថា​ក្រុមហ៊ុន​និង​អ្នកប្រើប្រាស់​របស់​យើង​ទទួលបាន​យុត្ដិធម៌ យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​តតាំង​នឹង​បទបញ្ជា​ប្រតិ​ប​ត្ដិ​របស់​លោកត្រាំ​តាម​ប្រព័ន្ធតុលាការ​ឡើយ​”​។ TikTok​សង្កត់ធ្ងន់​នៅក្នុង​សេចក្ដីថ្លែងការណ៍​ថា​អាច​នឹង​ដាក់ពាក្យ​ប្ដឹង​នៅ​សប្ដាហ៍​ក្រោយ​។​

​គួរ​ជម្រាបជូន​ថា លោក​ត្រាំ​បានចេញ​បទបញ្ជា​ប្រតិ​បត្ដិកា​លពី​ថ្ងៃទី​១៤​សីហា ផ្ដល់​ពេល​ឲ្យ​ក្រុមហ៊ុន​ByteDance៩០​ថ្ងៃ ដើម្បី​បង្វែរ​ប្រតិ​ប​ត្ដិ​ការឲ្យ​TikTok​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​អាមេរិក​។ ក្រុមហ៊ុន​ByteDance​ក៏បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ក្នុងនោះ​មាន​Microsoft Corp  Oracle ហើយ​វិនិយោគិន​អាមេរិក​មួយចំនួន​ដែលជា​ដៃគូ​របស់​ByteDance ក៏​អាច​ចូលរួម​ក្នុង​ការចរចា​នេះ​បានដែរ​។​

​លោក​ត្រាំ​បាន​អះអាងថា​កម្មវិធី​TikTok​អាច​ត្រូវបាន​ប្រើប្រាស់​ដោយ​ប្រទេស​ចិន ដើម្បី​តាមដាន​បុគ្គលិក​បម្រើការ​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក បង្កើត​សំណុំរឿង​ដើម្បី​គំរាម​រក​ប្រយោជន៍ និង​ធ្វើ​ចារកម្ម​លើ​សាជីវកម្ម​។ ប៉ុន្ដែ​ក្រុមហ៊ុន​បាន​ចេញមុខ​បដិសេធ​ទាំងស្រុង មិនបាន​ប្រគល់​ទិន្នន័យ​អ្នកប្រើប្រាស់​អាមេរិក​ណាមួយ​ទៅឲ្យ​រដ្ឋាភិបាលចិន​ឡើយ​។ ទីក្រុង​ប៉េកាំង​ក៏​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ការបង្ក្រាប​របស់លោក​ត្រាំ ហើយ​ចាត់ទុកជា​រឿង​នយោបាយ​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  អាមេរិកចិនTikTok

ព័ត៌មានផ្សេងទៀត