ក្រសួងប្រកាសថ្ងៃនេះ មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី និងគ្មានអ្នកជាសះស្បើយ

23-08-2020 8:58 am 227

ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ឲ្យដឹងថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ចំណែកឯអ្នកព្យាបាលជាសះស្បើយក៏គ្មានដែរ ខណៈអ្នកកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនៅសល់១០នាក់ដដែល។

សូមជម្រាបថា គិតថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា រកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៧៣នាក់ (ស្ត្រី៥៤នាក់ និងបុរស ២១៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន២៦៣នាក់ (ស្រី៥៤នាក់ និងបុរស២០៩នាក់) និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ មានចំនួន១០នាក់។

ក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល ក៏បានធ្វើការអរគុណដល់មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រួសារគ្រូពេទ្យទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលខិតខំបំពេញភារកិច្ចក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវី១៩ ព្រមទាំងអ្នកប៉ះពាល់កន្លងមក រួមទាំងការដាក់វិធានការនានាដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ក្នុងប្រទេស។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តរក្សាអនុវត្តវិធានរបស់ក្រសួង ដោយត្រូវអនុវត្តអនាម័យឲ្យបានល្អ ដូចជាត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ ។ត្រូវរក្សាគម្លាតនៅឃ្លាតឆ្ងាយពីគ្នា ព្រោះប្រទេសជិតខាងកម្ពុជា ក៏ដូចជាពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លា រីឯវ៉ាក់សាំងឬថ្នាំព្យា បាលជំងឺចម្លងមួយពុំទាន់បានបញ្ចេញជាផ្លូវការនៅឡើយ៕

ព័ត៌មានផ្សេងទៀត