កូរ៉េខាងត្បូងនិយាយនៅថ្ងៃទី២២ខែសីហាឆ្នាំ២០២០ថា ខ្លួនបានជួបពិភាក្សាជាមួយអ្នកការទូតកំពូលរបស់ប្រទេសចិន ស្តីពី ពាណិជ្ជកម្ម ការដកហូតអាវុធនុយក្លេអ៊ែរ និងការឆ្លើយតបនឹងមេរោគឆ្លងកូវីដ-១៩ ព្រមទាំងបញ្ហាមួយចំនួនទៀត។ ភាគីចិនដឹកនាំដោយលោក Yang Jiechi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ហើយភាគីកូរ៉េខាងត្បូងដឹកនាំដោយលោក Suh Hoon ទីប្រឹក្សាសន្តិសុខជាតិថ្មីរបស់កូរ៉េខាងត្បូង។ ជំនួបនេះធ្វើឡើងនៅក្នុងទីក្រុងប៊ូសានប្រទេសកូរ៉េខាងត្បូង។
នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានព្រមព្រៀង សម្រាប់ការបំពេញទស្សនកិច្ចរបស់លោកស៊ី ជីងពីនប្រធានាធិបតីចិន ទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅពេលដែលស្ថានភាពនៃវីរុសកូវីដ-១៩មានស្ថិរភាព។ លោក Yang និយាយថាចិននឹងបន្តជជែកនិងសហការជាមួយប្រទេសកូរ៉េខាងត្បូង ដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ ភាគីទាំងពីរក៏បានឯកភាពលើភាពចាំបាច់ ដើម្បីរៀបចំកិច្ចប្រជុំកំពូលត្រីភាគីកូរ៉េខាងត្បូង - ចិន - ជប៉ុនក្នុងឆ្នាំនេះផងដែរ៕