​កម្ពុជា​ព្រម​បើក​ដំណើរការ​​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម​​និង​ជើងហោះហើរ​ឡើងវិញ​ជាមួយ​ជប៉ុន ​

22-08-2020 2:41 pm 589

​កម្ពុជា​បាន​យល់ព្រម​បើក​ដំណើរការ​ឡើងវិញ​នូវ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ជើងហោះហើរ​ជាមួយ​ជប៉ុន តាម​សំណើរ​របស់​ភាគី​ជប៉ុន បន្ទាប់ពី​ស្ថានភាព​កូវី​ដ​១៩ រវាង​ប្រទេស​ទាំងពីរ ហាក់​ធូរស្រាល​មួយកម្រិត​។ 

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​គាំទ្រ​នូវ​ការបើកឲ្យ​ដំណើរការ​នូវ​ទំនាក់ទំនង​ឡើងវិញ ក៏ដូចជា​ជំរុញ​នូវ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងៗ​រវាង​កម្ពុជា​និង​ជប៉ុន ដែល​ទាំងអស់នោះ នឹង​ធ្វើអោយ​ទំនាក់ទំនង និង​ការផ្ដល់​ការធ្វើដំណើរ​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​ដែល​អាច​នាំមក​ទំនាក់ទំនង​កាន់តែខ្លាំង​បន្ថែមទៀត និង​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ជា​បន្តទៀត​ផងដែរ​។ ការប្រកាស​គាំទ្រ​នេះ បន្ទាប់ពី​លោក​ម៉ូតេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រីការបរទេស​ជប៉ុន បានស្នើ​ក្នុងជំនួប​ជាមួយ​លោក នា​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២០​។​

​បើតាម​ទំព័រ​ហ្វេ​សប៊ុក​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​បញ្ជាក់ថា ក្នុងជំនួប​នោះ រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​ស្នើសុំ​ដើម្បី​ធ្វើយ៉ាងណា​បើក​ដំណើរការ​ឡើងវិញ រវាង​ប្រទេស​ទាំងពីរ ដូចជា​ការធ្វើដំណើរ​ទៅវិញទៅមក ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិស័យ​ធុរកិច្ច​។ ម្យ៉ាងវិញទៀត​លោក​ម៉ូតេ​ហ្គី តូ​ស៊ី​មី​ត្សឹ បាន​លើកឡើងថា ភាគី​ជប៉ុន​បានធ្វើ​ការសិក្សា​ចប់សព្វគ្រប់​ហើយ​ទៅលើ​កំពង់ផែ​ក្រុងព្រះសីហនុ សម្រាប់​ធ្វើយ៉ាងណា​ឲ្យ​កំពង់ផែ​នោះ​ទទួល​កប៉ាល់​ធំៗ​ចូល​ចត ក្នុងន័យនេះ លោក​ស្នើសុំ​កម្ពុជា​ឲ្យមាន​ការគាំទ្រ​គម្រោង​នេះ​ផងដែរ​។​

​ភ្លាមៗ​ក្រោយពី​មាន​សំណើរ​បែបនេះ លោក​ហ៊ុន សែន ក៏បាន​ប្រកាស​គាំទ្រ​នូវ​ការបើកឲ្យ​ដំណើរការ​នូវ​ទំនាក់ទំនង​ឡើងវិញ ក៏ដូចជា​ជំរុញ​នូវ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងៗ​រវាង​កម្ពុជា​និង​ជប៉ុន​។ ជាមួយគ្នានេះដែរ លោក​នាយករដ្ឋមន្ត្រី ក៏​បានបញ្ជាក់​អំពី​ទំហំ​ពាណិជ្ជ​កម្ពុជា​និង​ជប៉ុន នៅ​ឆ្នាំ​២០១៩ កន្លងទៅនេះ មាន​ប្រមាណ​២​ពាន់​លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​ប្រមាណ​១,២​ពាន់​លាន ហើយ​ជប៉ុន​បាន​នាំចូល​មក​កម្ពុជា ប្រមាណ ៨០០​លាន​។ ដោយឡែក​នៅ​ឆ្នាំ​២០២០​នេះ រយៈពេល​ជិត​៩​ខែ ដំបូង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ប្រមាណ​៨០០​លាន​ដុល្លារ ក្នុងនោះ​កម្ពុជា​នាំចេញ​ទៅ​ជប៉ុន ប្រមាណ​៥០០​លាន​ដុល្លារ និង​ជប៉ុន​នាំចូល​មក​កម្ពុជា​ប្រមាណ​៣០០​លាន​ដុល្លារ​៕

ព័ត៌មានផ្សេងទៀត