អាមេរិក​ថា​លោក​ម៉ា​ឌូ​រ៉ូ​រារាំង​ពលរដ្ឋ​អាមេរិក​មិនឲ្យ​ចាកចេញ​ពី​វេ​ណេ​ហ្ស៊ូ​អេ​ឡា​

21-08-2020 11:37 am 600

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក និយាយ​នៅ​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០២០​ថា រដ្ឋាភិបាល​របស់​ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡា លោក​នី​កូឡាស់ ម៉ា​ឌូ​រ៉ូ​កំពុងតែ​រារាំង​ពលរដ្ឋ​អាមេរិកាំង​នៅ​ក្នុងប្រទេស​នេះ មិនឲ្យ​ចាកចេញ​តាមរយៈ​ការបដិសេធ​កិច្ចខិតខំ​របស់​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​ការរៀបចំ​ជើងហោះហើរ ដើម្បី​ដឹក​មនុស្ស​ចេញពី​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ក្នុង​ក្របខណ្ឌ​ជម្លៀស​បែប​មនុស្សធម៌​។ បើតាម​រដ្ឋមន្ត្រីក្រសួង​ការបរទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​Jorge Arreaza សរសេរ​នៅលើ​បណ្តាញ​សង្គម​Twitter នៅ​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០២០​ថា ទីក្រុង​កា​រ៉ា​កាស​បានផ្តល់​ការធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​អាមេរិក តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​រដ្ឋ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​គឺ​ក្រុមហ៊ុន​Conviasa​។ 

​ប៉ុន្តែ​ការផ្តល់ឲ្យ​របស់វេ​ណេ​ហ្ស៊ូ​អេ​ឡានេះ ប្រឆាំងនឹង​ទណ្ឌកម្ម​របស់​រដ្ឋបាល​លោក​ត្រាំ ដែល​ហាមឃាត់​មិន​ឲ្យមាន​ប្រតិបត្តិ​ការហោះហើរ ទៅ​-​មក​រវាង​ប្រទេស​ទាំងពីរ តាមរយៈ​ជើងហោះហើរ​នេះឡើយ ហើយ​អាមេរិក​ក៏​ដាក់​បម្រាម​មិនឲ្យ​ពលរដ្ឋ​របស់ខ្លួ​នណាម្នាក់ ទាក់ទង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​រដ្ឋ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​Conviasa​នេះដែរ​។ ក្នុងន័យនេះ បង្ហាញថា​អាមេរិក​អាចធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​របស់ខ្លួន​បាន លុះត្រាតែ​ដក​ទណ្ឌកម្ម​ចេញ​។ អាមេរិក​មិនទាន់​សម្រេច​បែបណា​នៅឡើយ​ទេ តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោកស្រី​Morgan Ortagus​អះអាងថា ទីក្រុង​វ៉ាស៊ីនតោន សម្លឹងមើល​គ្រប់​ជម្រើស​ទាំងអស់ ដើម្បី​ធានា​ដល់​ការវិលត្រឡប់​ទៅផ្ទះ​វិញ​របស់​ពលរដ្ឋ​អាមេរិក ប្រកបដោយ​សុវត្ថិភាព​។​

​អ្នកការទូត​អាមេរិក​លោក​James Story​ទទួលបន្ទុក​កិច្ចកា​រវេ​ណេ​ហ្ស៊ូ​អេ​ឡា ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កូឡុំប៊ី និយាយ​កាលពី​សប្តាហ៍​មុន​ថា ជនជាតិ​អាមេរិក​ត្រូវបាន​រដ្ឋាភិបាល​របស់​លោក​ម៉ា​ឌូ​រ៉ូ​ចាប់ធ្វើជា​ចំណាប់ខ្មាំង​។ លោក​ថា​មាន​មនុស្ស​ជាង​៨០០​នាក់ បាន​ស្នើសុំ​ឲ្យមាន​ការអន្តរាគម​ន៍​ពី​រូបលោក ដើម្បី​ជួយ​ឲ្យ​ពួកគេ​បាន​ចាកចេញ​ពី​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ យ៉ាងណា លោក​James Story​មិន​បានបញ្ជាក់​ទេ​ថា ក្នុងចំណោម​នុស្ស​ដែល​បាន​ស្នើសុំ​ជំនួយ​សង្គ្រោះ​នោះ មាន​ពលរដ្ឋ​អាមេរិក​ប៉ុន្មាន​នាក់ ហើយក៏​មិនដឹង​ច្បាស់​នោះដែ​រថា មាន​ពលរដ្ឋ​អាមេរិក​ប៉ុន្មាន​នាក់ ដែល​កំពុង​ជាប់​នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។​

​ទំនាក់ទំនង​អាមេរិក​ជាមួយ​លោក​ម៉ា​ឌូ​រ៉ូ​ប្រធានាធិបតី​វេ​ណេ​ហ្ស៊ូ​អេ​ឡា បាន​ជួប​ភាព​តានតឹង​ខ្លាំង​មែនទែន ក្រោយ​លោក​ត្រាំ​ប្រកាស​គាំទ្រ​លោក​ច​ន ហ្គៃ​ដូ​មេ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ជា​ប្រធានាធិបតី និង​ជំរុញ​ឲ្យ​លោកម៉ា​ឌូ​រ៉ូប្រគ​ល់​អំណាច​។ លោក​ម៉ា​ឌូ​រ៉ូ​បាន​ចោទ​អាមេរិក នៅ​ពីក្រោយ​ការប៉ុនប៉ង​ទម្លាក់​លោក​ក​ចេញពី​តំណែង និង​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត ដែល​ធ្វើឲ្យ​ភាគី​ទាំងពីរ​នេះ​មិនត្រូវ​រូ​វ​គ្នា​។ អំឡុងពេល​ផ្ទុះ​វិបត្តនិយោបាយ​នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា​កាលនោះ មិនមែន​មានតែ​អាមេរិក​ម្នាក់​ទេ ដែល​ប្រកាស​គាំទ្រ​មេ​បក្សប្រឆាំង ពោល​ប្រទេស​ប្រមាណ​៦០​ផ្សេងទៀត ក៏​ទទួលស្គាល់​លោក​ហ្គៃ​ដូ​ដែរ និង​អះអាងថា​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ ដែល​លោក​ម៉ា​ឌូ​រ៉ូ​ជាប់ជា​ប្រធានាធិបតីម្ដង​ទៀត ជា​ការបោះឆ្នោត​មិន​ស្របច្បាប់​។ 

​បើទោះជា​ជួប​ឧបស័គ្គ​ចំពោះមុខ​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ ក៏​មិន​អាចធ្វើឲ្យ​លោកម៉ា​ឌូ​រ៉ូ​ឲ្យ​របេះ​ពី​តំណែង​បាន​មកទល់​បច្ចុប្បន្ន ដោយ​លោក​នៅតែ​បន្ត​កាន់អំណាច ដោយមាន​ការគាំទ្រ​ពី​យោធា​របស់​ប្រទេស ក៏ដូចជា​ប្រទេស​រុស្ស៊ី ចិន គុយបា​និង​អ៊ីរ៉ង់​។ ចំណែក​អាមេរិក នៅតែ​មិន​សុខចិត្ត​សម្លឹង​ឃើញ​លោក​ម៉ា​ឌូ​រ៉ូ​នៅ​កាន់អំណាច​ឡើយ បើទោះបីជា​បាន​ដាក់ទណ្ឌកម្ម​នានា​គា​ប​សង្កត់​លើ​របប​ដឹកនាំ​របស់លោក​ម៉ា​ឌូ​រ៉ូ​ក៏ដោយ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត