អាជ្ញាធរអាមេរិកនៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២០ បានជូនដំណឹងជាផ្លូវការដល់ទីក្រុងហុងកុងរួចហើយថា សហរដ្ឋអាមេរិកបានព្យួរឬបញ្ចប់កិច្ចព្រមព្រៀងនិងសន្ធិសញ្ញាទ្វេភាគីចំនួន ៣ ជាមួយទីក្រុងហុងកុង។ ក្នុងចំណោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំង៣នោះ ក៏មានសន្ធិសញ្ញា ស្តីពី ការធ្វើបត្យាប័នទ្វេភាគីជាមួយហុងកុងផងដែរ។ ក្រសួងការបរទេសអាមេរិកនិយាយថា វិធានការទាំងនេះបញ្ជាក់ពីការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់អាមេរិក ទាក់ទងនឹងការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការដាក់ចេញនូវច្បាប់សន្តិសុខជាតិ ដែលបានបំបិទសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង។
ក្រសួងការបរទេសចិន និយាយនៅថ្ងៃទី២០ខែសីហាឆ្នាំ២០២០នេះថា ហុងកុងនឹងផ្អាកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់មួយចំនួន ជាមួយសហរដ្ឋអាមេរិកវិញ ដើម្បីឆ្លើយតបទៅទីក្រុងវ៉ាស៊ីនតោន ដែលបញ្ចប់កិច្ចព្រមព្រៀងមួយចំនួនជាមួយហុងកុង។
ចាប់តាំងពីចិនអនុម័តសេចក្តីព្រាងច្បាប់សន្តិសុខសម្រាប់អនុវត្តនៅហុងកុងមក អាមេរិកបានដាក់ចេញវិធានការចម្បងៗមួយចំនួន ក្នុងបំណងប្រឆាំងនឹងចិន។ នៅក្នុងនោះមានដូចជា ការផ្តាច់ការអនុគ្រោះពាណិជ្ជកម្មពិសេសជាមួយហុងកុងជាដើម ខណៈកាលពីដើមខែនេះរដ្ឋបាលលោកត្រាំ បានដាក់ទណ្ឌកម្មលើនាយកប្រតិបត្តិហុងកុងលោកស្រីខារី ឡាមនិងមន្ត្រីជាន់ខ្ពស់១០នាក់ផ្សេងទៀត មកពីហុងកុងនិងចិនដីគោក។
ច្បាប់សន្តិសុខជាតិថ្មីដែលអនុម័តឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០នោះ ផ្តល់សិទ្ធិអំណាចដល់ក្រុងប៉េកាំង ក្នុងការចាប់បញ្ជូនជនសង្ស័យប្រព្រឹត្តបទល្មើសទាក់ទិននឹងសន្តិសុខជាតិ ទៅអនុវត្តច្បាប់នៅចិនដីគោក ហើយច្បាប់នេះក៏បើកផ្លូវឲ្យចិន បង្កើតការិយាល័យសន្តិសុខជាតិចិន ប្រចាំនៅហុងកុងដោយផ្ទាល់ជាលើកដំបូង។ អាជ្ញាធរចិននិងហុងកុង អះអាងថាច្បាប់នេះគ្រាន់តែចូលមករៀបចំសណ្តាប់ធ្នាប់ហុងកុងឡើងវិញ ក្រោយផ្ទុះនូវមហាបាតុកម្មនិងការតវ៉ាអស់រយៈពេលជាច្រើនខែ។
យ៉ាងណាក៏ដោយ ក្រោយចិនយកច្បាប់សន្តិសុខថ្មីមកអនុវត្តនៅហុងកុង ប្រទេសមួយចំនួនដែលធ្លាប់មានសម្ព័ន្ធភាពជិតស្និទ្ធជាមួយហុងកុង បានចាត់ទុកថាហុងកុងលែងដូចពីមុន ពោល ហុងកុងនិងចិនគឺតែមួយ។ ជាការពិតហុងកុងជារបស់ចិន ប៉ុន្តែមិនទាន់ដល់ពេលដែលចិន ត្រូវធ្វើបែបនេះចំពោះហុងកុងនៅឡើយទេ យ៉ាងហោចណាស់ចាំរំកិលដល់ឆ្នាំ២០៤៧សិនដែរ ទើបចិនមានសិទ្ធិ។ ដូច្នេះទើបបានជាធ្វើឲ្យប្រទេសមួយចំនួនសម្តែងនូវការខកចិត្តចំពោះចិន និងអាណិតអាសូរប្រជាជនហុងកុងខ្លាំង។
គួរជម្រាបជូនថា ក្រៅតែពីអាមេរិក មានប្រទេសផ្សេងៗទៀតដែលបានព្យួរសន្ធិសញ្ញា ស្តីពី ការធ្វើបត្យាប័នជាមួយហុងកុង រួមមានដូចជា អូស្ត្រាលី កាណាដា អង់គ្លេស ណូវែលហ្សេឡង់ និងអាល្លឺម៉ង់។ នៅក្រោមកិច្ចព្រមព្រៀងបត្យាប័ននេះ ប្រទេសជាសមាជិកអាចបញ្ជូនជនសង្ស័យដែលប្រព្រឹត្តបទល្មើសណាមួយ ពីប្រទេសមួយទៅប្រទេសមួយទៀត ដោយផ្អែកទៅតាមការស្នើសុំរបស់ប្រទេសសាមី៕ ដោយ៖អ៊ុន សុខឡា