EU​នឹង​ដាក់ទណ្ឌកម្ម​លើ​អ្នកពាក់ព័ន្ធ​នៅក្នុង​ការបន្លំ​ការបោះឆ្នោត​និង​អំពើហិង្សា​នៅ​បេឡា​រុស​

20-08-2020 11:57 am 849

​លោក​Charles Michel ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ថ្លែងថា​សហភាព​អឺរ៉ុប​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត ដែល​ពោរពេញ​ទៅដោយ​ការ​ក្លែងបន្លំ​នៅ​ប្រទេស​បេឡា​រុស​ឡើយ ហើយ​ថា​នឹង​ដាក់ទណ្ឌកម្ម​ឆាប់ៗ​នេះ លើ​បុគ្គល​ដែល​ចូលរួម​នៅក្នុង​ការបន្លំ​នៅក្នុង​ការបោះឆ្នោត និង​បុគ្គលមួយចំនួនដែលទទួលខុសត្រូវ ចំពោះអំពើហិង្សា ការ​បង្ក្រាប​លើ​អ្នក​តវ៉ា​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​។ ការ​ថ្លែង​របស់លោក Charles Michel  ធ្វើឡើង​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​វិសាមញ្ញ​សហភាព​អឺរ៉ុប ដើម្បី​ពិក្សា​ស្វែងរកដំណោះស្រាយ​វិបត្តិ ក្រោយ​បោះឆ្នោត​នៅ​ប្រទេស​បេឡា​រុស​ នៅ​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០២០​។ ប៉ុន្តែ​លោក​មិន​បានបញ្ជាក់​អំពី​ប្រភេទ​ទណ្ឌកម្ម​នៅឡើយ​ទេ​។​

​គួរ​ជម្រាបជូន​ថា បេឡា​រុស​បានរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០២០ ហើយ​លទ្ធផល​បោះឆ្នោត​បា​ន​បង្ហាញថា លោក​ប្រធានាធិបតី Alexander Lukashenko ដែល​កាន់តំណែង​អស់​រយៈពេល​២៦​ឆ្នាំ​មកហើយ​នោះ បន្ត​ទទួល​ជ័យជម្នះ​យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ការបោះឆ្នោត​រហូត​ដល់​៨០​ភាគរយ​។ ក្រោយ​លទ្ធផល​បោះឆ្នោត​ត្រូវ​បានប្រកាស ប្រជាជន​បេឡា​រុស​រាប់ពាន់នាក់ បាន​ផ្ទុះ​ការតវ៉ា​ស្ទើរ​ទូទាំងប្រទេស អស់​រយៈពេល​ជាង​១​សប្តាហ៍​ជាប់ៗ​គ្នា ដើម្បី​ប្រឆាំងនឹង​លទ្ធផល​ឆ្នោត ដែល​ពួកគេ​យល់ថា​មានការ​ក្លែងបន្លំ​សន្លឹកឆ្នោត​។ តែ​ប្រធានាធិបតី​Alexander Lukashenko បាន​ច្រានចោល​ការចោទប្រកាន់​ពី​ការ​ក្លែងបន្លំ​សន្លឹកឆ្នោត​នេះ​។ 

​ចន្លោះពេល​នៃ​ការតវ៉ា ក៏មាន​ការប៉ះទង្គិច​គ្នា​កើតឡើង​រវាង​អ្នក​តវ៉ា​និង​បូលិស​ផងដែរ​។ ប៉ូលិស​ត្រូវបាន​ដាក់ពង្រាយ ដើម្បី​បំបែកហ្វូង​បាតុករ បាន​ប្រើ​ដំបង គ្រាប់​បែកផ្សែង ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គ្រាប់កាំភ្លើង​ជ័រ​។ បាតុកម្ម​ផ្ទុះ​ស្ទើរ​គ្រប់​ទីកន្លែង តែ​ចំណុចក្តៅ​ខ្លាំង​គឺ​នៅ​រដ្ឋធានី Minsk ប្រទេស​បេឡា​រុស ដែលមាន​បាតុករ​ខ្លះ​ស្លាប់ ខ្លះ​របួស​និង​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​៕

ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  EUបេឡារុស

ព័ត៌មានផ្សេងទៀត