នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងនៃវីរុសកូវីដ-១៩កើនឡើងជាបន្តបន្ទាប់ ដែលតួលេខឆ្លងថ្មីចុងក្រោយមានចំនួន២៩៧នាក់។ នៅក្នុងករណីឆ្លងថ្មីយ៉ាងហោចណាស់១៤០មានប្រភពមកពីព្រះវិហារ Sarang Jeil ហើយសរុបករណីឆ្លងរកឃើញលើមនុស្ស ដែលពាក់ព័ន្ធជាមួយព្រះវិហារមួយនេះ បានកើនឡើងដល់ជិត៦០០នាក់ហើយ។
និយាយជារួម ករណីឆ្លងថ្មីជិត៩០ភាគរយនៅក្នុងទីក្រុងសេអ៊ូលនិងតំបន់ជុំវិញនោះ ដែលធ្វើឲ្យមានការព្រួយបារម្ភ អំពី ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុស នៅក្នុងតំបន់ទីប្រជុំជនដែលមានប្រជាជនជាង២៥លាននាក់។ លោកKim Gang-lip អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងថា «យើងស្ថិតក្នុងវិបត្តិដ៏គ្រោះថ្នាក់មួយ ដែលការឆ្លងរាលដាលក្នុងតំបន់ទីប្រជុំជនក្រុងសេអ៊ូល និងគំរាមកំហែងនាំឲ្យមានការឆ្លងរាលដាលទូទាំងប្រទេស»។ លោករដ្ឋមន្ត្រីរូបនេះ បានអំពាវនាវយ៉ាងទទូចឲ្យប្រជាពលរដ្ឋស្នាក់នៅតែក្នុងផ្ទះ កុំចេញទៅណាបើពុំមានការចាំបាច់ បើមិនដូច្នេះទេរដ្ឋាភិបាលពិតជាពិបាកនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាល។
ដោយសារតែករណីឆ្លងថ្មីភាគច្រើននៅក្នុងព្រះវិហារតែមួយ អាជ្ញាធរកំពុងព្យាយាមតាមដានសមាជិក ៦០០ នាក់ផ្សេងទៀតនៃក្រុមជំនុំនៅក្នុងព្រះវិហារ ដើម្បីដាក់ពួកគេនៅដាច់ដោយឡែក ហើយចង់ធ្វើតេស្តលើសមាជិកទាំងអស់ចំនួន ៤,០០០ នាក់ផងដែរ។ ប៉ូលិសជាង៨,៥០០នាក់ត្រូវបានគេដាក់បទបញ្ជា ឲ្យតាមដានតែសមាជិកក្រុមជំនុំនៃព្រះវិហារ Sarang Jeil។ អ្វីដែលកាន់តែពិបាកនោះ សមាជិកខ្លះនៅក្នុងព្រះវិហារ ស្ទាក់ស្ទើរនៅក្នុងការដាក់ខ្លួនដាច់ដោយឡែក និងរារែកនៅក្នុងការធ្វើតេស្ត។ លោក Chung Sye-kyun នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា រដ្ឋាភិបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងព្រះវិហារ ចំពោះការប៉ុនប៉ងណាមួយ ដែលរំខានដល់ការតាមដាននិងការធ្វើតេស្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។
កាលពីដើមសប្តាហ៍នេះ រដ្ឋាភិបាលបានបញ្ជាឲ្យបិទក្លឹបកម្សាន្តពេលរាត្រី ខារ៉ាអូខេ និងសេវាកម្មនៅព្រះវិហារជាដើម ហើយដាក់កម្រិតការប្រមូលផ្តុំមិនឲ្យលើសពី៥០និង១០០នាក់ឡើយ។ ប៉ុន្តែប្រសិនបើករណីឆ្លងនៅតែកើនឡើង ឬនៅតែរកឃើញករណីឆ្លងប្រហាក់ប្រហែលនឹងចំនួនបច្ចុប្បន្ននោះ រដ្ឋាភិបាលទំនងជាដាក់ចេញវិធានការរឹតបន្តឹងក្នុងកម្រឹតខ្ពស់បំផុត ដែលអាចនឹងបិទសាលារៀននិងអាជីវកម្ម ហើយណែនាំឲ្យធ្វើការងារពីផ្ទះ និងកំណត់ចំនួននៃការប្រមូលផ្តុំជាថ្មីមិនឲ្យលើសពី១០។
គួរជម្រាបជូនថា ករណីឆ្លងវីរុសកូវីដ-១៩នៅកូរ៉េខាងត្បូង កើនឡើងដល់ជាង១៦,០០០នាក់ បូកករណីឆ្លងថ្មី២៩៧នាក់ និងស្លាប់មានចំនួន៣០៦នាក់។ ទន្ទឹមនឹងនោះដែរ មានអ្នកជំងឺជាង ១៤,០០០នាក់ហើយបានព្យាបាលជាសះស្បើយ។ ដោយឡែក ករណីឆ្លងសរុបនៅក្នុងពិភពលោកវិញ បានកើនឡើងដល់ជាង២២លាន៣សែននាក់ បូកករណីឆ្លងថ្មីជាង២៨,០០០នាក់ និងស្លាប់កើនដល់ជាង៧៨ម៉ឺននាក់ បូកករណីស្លាប់ថ្មី១,២៤១នាក់។ ចំណែកករណីព្យាបាលជាសះស្បើយ កើនដល់ជាង១៥លាននាក់៕ ដោយ៖អ៊ុន សុខឡា