លោកជិនម៉ាលីនឆ្លើយតប៧ចំណុចទៅកាន់ក្រុមអង្គការសង្គមស៊ីវិល

19-08-2020 11:03 am 3774

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ក្រុមអង្គការសង្គមស៊ីវិលចំនួន៧៩ បានសេចក្ដីថ្លែងការណ៍រួមគ្នាដោយបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះអាជ្ញាធរដែលបានប្រើប្រាស់អំពើហិង្សា ទៅលើអ្នកតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនសកម្មជនជាង១០នាក់កាលពីពេលថ្មីៗនេះ។ ជាការឆ្លើយតបលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងនោះ បានបញ្ជាក់ជូន៧ ចំណុចដើម្បីជាចំណេះដឹងសម្រាប់យុវជន អំពីច្បាប់និងការអនុវត្តសិទ្ធិសេរីភាពនៃការជួបជុំតវ៉ានិងបញ្ចេញមតិ។ ចំណុចទាំង៧ដែលលោកជិន ម៉ាលីន ឆ្លើយតបទៅកាន់ក្រុមអង្គការសង្គមស៊ីវិលនោះរួមមាន៖

ទី១.បើពិនិត្យទៅលើឈ្មោះអង្គការសមាគម ដែលចេញសេចក្តីថ្លែងការណ៍នេះ ភាគច្រើនជាអង្គការសមាគមខ្យល់ ដែលមិនមានសកម្មភាពអ្វីទេនាពេលកន្លងមក ក្រៅតែពីការប្រមូលផ្តុំគ្នាចេញសារនិងសេចក្តីថ្លែងការណ៍នយោបាយ ក្នុងការការពារក្រុមគោលដៅនយោបាយរបស់គេ និងរិះគន់វិធានការច្បាប់របស់រដ្ឋាភិបាល ដោយគ្មានមូលដ្ឋាន។ ដូច្នេះ ក្រសួងមហាផ្ទៃក៏អាចពិនិត្យមើលឡើងវិញផងដែរទៅលើសកម្មភាពរបស់អង្គការសមាគមទាំងនោះ ដោយផ្អែកលើមូលដ្ឋាននៃច្បាប់ស្តីពីការបង្កើតសមាគមនិងអង្គការក្រៅរដ្ឋាភិបាល ជាពិសេសអំពីសុច្ចរិតភាពនិងអព្យាក្រឹត្យភាពនយោបាយនៃសកម្មភាពរបស់ពួកគេ។

ទី២. រដ្ឋធម្មនុញ្ញចែងថាពលរដ្ឋមានសិទ្ធិសេរីភាពនៃការជួបជុំបញ្ចេញមតិនិងតវ៉ា តែក៏បានចែងបន្ថែមទៀតដែរថា ការអនុវត្តសិទ្ធិទាំងនេះ ត្រូវកំណត់ដោយច្បាប់។ ដូច្នេះ យើងត្រូវមើលរដ្ឋធម្មនុញ្ញឱ្យអស់ កុំមើលតែមួយផ្នែក រួមទាំងច្បាប់ទាំងឡាយដែលពាក់ព័ន្ធផងដែរ ដើម្បីអាចដឹងបានថាសកម្មភាពណាជាការអនុវត្តសិទ្ធិ និងសកម្មភាពណាជាការបំពានច្បាប់ ដែលអាចនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ណាមួយជាយថាហេតុ។

ទី៣. ការជួបជុំតវ៉ាដោយសន្តិវិធី សហការជាមួយសមត្ថកិច្ច និងគោរពតាមវិធានការសន្តិសុខ សុវត្ថិភាព និងសុខភាពសាធារណៈ គឺជាការអនុវត្តសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញនិងច្បាប់ តែផ្ទុយទៅវិញការជួបជុំតវ៉ាដោយមិនបានជូនដំណឹងនិងសហការជាមួយសមត្ថកិច្ច បំពានវិធានការសន្តិសុខ សុវត្ថិភាព និងសុខភាពសាធារណៈ បង្កជាអំពើហឹង្សានិងភាពចលាចលក្នុងសង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងសិទ្ធិសេរីភាពអ្នកដ៏ទៃ រួមទាំងការដាក់សម្ពាធដល់ស្ថាប័នតុលាការដែលជាស្ថាប័នឯករាជ្យផងដែរនោះ គឺជាអំពើល្មើសទៅនឹងច្បាប់ ដែលសមត្ថកិច្ចត្រូវចាត់គ្រប់វិធានការដើម្បីទប់ស្កាត់ ហើយអ្នកតវ៉ាក៏ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរដែលមានជាធរមាន។

ទី៤. ការបញ្ចេញមតិអំពីក្តីកង្វល់ពាក់ព័ន្ធបញ្ហាព្រំដែន គឺជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ តែផ្ទុយទៅវិញការបញ្ចេញមតិដោយបំផ្លើសនិងបំភ្លៃព័ត៌មានមិនពិតពីបញ្ហាព្រំដែន ក្នុងចេតនាទុច្ចរិតញុះញង់បង្កភាពចលាចលប៉ះពាល់ដល់សន្តិសុខជាតិ មិនមែនជាការអនុវត្តសិទ្ធិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រវតាមផ្លូវច្បាប់ដែលមានជាធរមាន។

ទី៥. បញ្ហាព្រំដែនជាបញ្ហារសើបនិងមានភាពស្មុកស្មាញ ហើយការបំផ្លើសនិងបំភ្លៃព័ត៌មានមិនពិតពីបញ្ហាព្រំដែននេះ នឹងអាចនាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រទេសជាតិ ជាពិសេសប៉ះពាល់ដល់សន្តិសុខជាតិ និងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ដូច្នេះវិធានការច្បាប់ក្នុងការទប់ស្កាត់និងបង្រ្កាបត្រូវតែម៉ឹងម៉ាត់បំផុត ដើម្បីការពារសុខសន្តិភាពជូនប្រទេសជាតិ។

ទី៦. ការដោះស្រាយបញ្ហាព្រំដែន គួរតែត្រូវបានធ្វើឡើងដោយអ្នកជំនាញដែលមានបទពិសោធន៍ ការស្រាវជ្រាវ និងចំណេះដឹងច្បាស់លាស់អំពីបញ្ហាព្រំដែន ជាជាងធ្វើឡើងដោយក្រុមសកម្មជននិងឈ្មួញនយោបាយដែលគ្មានជំនាញ ចំណេះដឹង និងការស្រាវជ្រាវទាល់តែសោះអំពីបញ្ហានេះ ដោយសូម្បីតែមើលផែនទីក៏មិនចេះមើលហើយមើលក៏មិនត្រូវជ្រុងផងដែរនោះទេ តែបែជានាំគ្នាទៅមើលលើផែនដីឯណោះទៅវិញ។

ទី៧. តុលាការជាស្ថាប័នឯករាជ្យ គ្មានជនណាឬក្រុមអង្គការអន្តរជាតិណាមួយ អាចដាក់សម្ពាធនិងបង្គាប់បញ្ជាមកលើតុលាការបាននោះទេ។ ការចេញសេចក្តីថ្លែងការណ៍ដាក់សម្ពាធនិងទាមទាឱ្យតុលាការដោះលែងជនជាប់ចោទនិងទម្លាក់ចោលបទចោទ មិនមែនជាមធ្យោបាយស្របច្បាប់ក្នុងការការពារជនជាប់ចោទនោះទេ ហើយក៏នឹងមិនមានឥទ្ធិពលអ្វីដែរទៅលើការសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ។ ការកំណ ត់ពីពិរុទ្ធភាព បទល្មើស និងទោសទណ្ឌរបស់ជនល្មើស គឺជាសមត្ថកិច្ចផ្តាច់មុខរបស់តុលាការដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុនិងអង្គច្បាប់ដែលមានជាធរមាន គឺមិនមែនអាស្រ័យលើបក្សពួកឬក្រុមសម្ព័ន្ធមិត្តនិងអង្គការដែលគាំទ្រនិងការពារសកម្មភាពខុសច្បាប់របស់ជនល្មើសនោះទេ ហើយមធ្យោបាយតាមផ្លូវច្បាប់តែមួយគត់ក្នុងការការពារជនជាប់ចោទក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ គឺការចូលរួមក្នុងដំណើរនីតិវិធីតុលាការដើម្បីធ្វើការការពារខ្លួនតាមផ្លូវច្បាប់៕ ដោយ៖ឃួន សុភ័ក្រ 

ព័ត៌មានផ្សេងទៀត