អាមេរិក​ប្រកាស​​ចាត់វិធានការ​​រឹតបន្ដឹង​​បន្ថែម​​លើ​សត្រូវ​ចាស់​​Huawei

18-08-2020 3:56 pm 635

​រដ្ឋាភិបាល​អាមេរិក​បានប្រកាស​រឹតបន្ដឹង​បន្ថែម​លើ​ក្រុមហ៊ុន​Huawei ដើម្បី​កាត់ផ្ដាច់​ដំណើរការ​របស់​ក្រុមហ៊ុន​នេះ​ជាមួយ​បច្ចេកវិទ្យា​អាមេរិក​។ ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ឆ្នាំមុន​បាន​ហាមឃាត់​មិនឲ្យ​នាំចេញ​បន្ទះ​ឈីប​កុំព្យូទ័រ និង​ឧបករណ៍​អេឡិចត្រូនិច​ផ្សេងទៀត​ទៅឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យាយ​ក្ស​ចិន​មួយ​នេះឡើយ​។ កាលពី​ខែឧសភា​អាមេរិក​បាន​ពង្រីក​ការ​រឹតបន្ដឹង​លើ​ការលក់​ឧបករណ៍​អេឡិចត្រូនិច​ដែល​ផលិតជា​មួយ​ឧបករ​ណ៍​អាមេរិក ទោះបីជា​វា​នាំចូល​មកពី​ប្រទេស​ផ្សេង​ក៏ដោយ​។​

​កាលពី​ថ្ងៃ​ចន្ទ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​Huawei​កំពុង​ព្យាយាម​រក​ច្រក​ចេញពី​ការគ្រប់គ្រង​និង​ការហាមឃាត់​នានា​។ ដូច្នេះ​ការ​រឹតបន្ដឹង​ថ្មី​នឹង​ហាមឃាត់​លើ​ការលក់​បន្ទះ​ឈី​បផលិត​ដោយ​បរទេស រួម​នឹង​ឧបករណ៍​ដែល​ប្រើប្រាស់​ក្នុង​បច្ចេកវិទ្យា​អាមេរិក​។ ក្រសួងពាណិជ្ជកម្ម​ក៏​បញ្ចូល​សាខា​ក្រុមហ៊ុន​Huawei​ចំនួន​៣៨​នៅ​អឺរ៉ុប អាមេរិក​ខាងត្បូង និង​តំបន់​ផ្សេងទៀត ទៅក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្ម​។ ក្រុមហ៊ុន​នៅ​ជុំវិញ​ពិភពលោក​ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​Huawei នឹងត្រូវ​ស្ថិតក្រោម​ការឃ្លាំមើល​របស់​អាមេរិក​។​

​គួរ​ជម្រាបជូន​ថា រដ្ឋាភិបាល​អាមេរិក​កំពុង​បង្កើន​ភាពជា​គូប្រជែង​ផ្នែក​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ជាមួយ​ប្រទេស​ចិន តាមរយៈ​ការរារាំង​ក្រុមហ៊ុន​Huawei​មិនឲ្យ​ទទួលបាន​សមា​ស​ធាតុ​សំខាន់ៗ​ទាំងអស់ ដែលមាន​ការផលិត​រួមគ្នា​ជាមួយ​បច្ចេកវិទ្យា​អាមេរិក​។ ម្យ៉ាងវិញទៀត​អាមេរិក​ធ្លាប់បាន​ប្រកាស​ទៅកាន់​ពិភពលោក ពី​ហានិភ័យ​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យារ​បស់​ក្រុមហ៊ុន​Huawei តួយ៉ាង​មាន​បច្ចេកវិទ្យា​5G​ជាដើម​ព្រោះ​អាចមាន​គ្រោះថ្នាក់​ដល់​សន្ដិសុខ​ជាតិ​។ 

​អាមេរិក​ក៏​ធ្លាប់​និយាយ​ផងដែ​រថា ក្រុមហ៊ុន​Huawei​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដូច្នេះ​ឧបករណ៍​របស់​ក្រុមហ៊ុន​នេះ​មាន​បង្កប់​នូវ​ប្រព័ន្ធ​លួច​ព័ត៌មាន​សម្ងាត់ ដែល​នឹងមាន​ហានិភ័យ​ដល់​អ្នកប្រើប្រាស់​។ កន្លងមក​អាមេរិក​បាន​ហាម​មិនឲ្យ​មន្ដ្រី​កំពូលៗ​របស់ខ្លួន​ទាំង​មន្ដ្រី​យោធា​និង​នយោបាយ ប្រើប្រាស់​ទូរស័ព្ទ​ក្រុមហ៊ុន​Huawei​ឡើយ ដោយ​បារម្ភ​ពី​ការ​លួច​ធ្វើ​ចារកម្ម​តាម​ប្រព័ន្ធ​ទូរស័ព្ទ​។ 

​ការនិយាយ​ដោយ​បើកចំហ​របស់​អាមេរិក​ដូច្នេះ បានធ្វើឲ្យប​ណ្ដា​ក្រុមហ៊ុននិង​រដ្ឋាភិបា​ល​ប្រទេស​មួយចំនួន ផ្អាក​បណ្ដោះអាសន្ន​កិច្ចសហការ​លើ​បណ្ដាញ​អ៊ី​ន​ធឺ​ណេត​ឥត​ខ្សែ​5G​របស់​Huawei​ព្រោះ​មាន​មន្ទិល​។ សម្រាប់​ក្រុមហ៊ុន​Huawei​បានចេញ​ប្រតិកម្ម​មិន​ស្ទើរ​ទេ និង​ចោទថា​អាមេរិក​បំផ្លៃការពិត​មូល​បង្កាច់ខ្លួន ដោយសារតែ​ចង់​បំបាត់​ប្រជាប្រិយភាព​Huawei​។ Huawei​ហ៊ាន​ទាំង​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ជា​ដៃគូ​សហការ​ទាំងអស់ បើក​ការស៊ើបអង្កេត​ដើម្បី​បញ្ជាក់​ភាព​ស្អាតស្អំ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត