អតីតមន្ដ្រី​CIA​​ម្នាក់​​ត្រូវ​ចោទ​ប្រកាន់ថា​​បាន​លក់​ព័ត៌មាន​​សម្ងាត់​​ឲ្យ​ចិន​

18-08-2020 10:29 am 438

​អតីតមន្ដ្រី​ទីភ្នាក់ងារ​ចារកម្ម​អាមេរិក​ហៅ​កាត់​ថា​CIA ត្រូវបាន​ចោទប្រកាន់​នៅក្នុង​តុលាការ​សហព័ន្ធ​នៅ​រដ្ឋ​ហា​វ៉ៃ​របស់​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ ពីបទ​លក់​ព័ត៌មាន​សម្ងាត់​ទៅឲ្យ​ប្រទេ​សចិន ដែល​ក្នុងនោះ​មាន​ការបង្ហាញ​អត្ដ​សញ្ញាណ​អ្នកផ្ដល់​ព័ត៌មាន​របស់​អាមេរិក​ប្រចាំ​ក្នុងប្រទេស​ចិន​ផងដែរ​។ លោក​Andrew Yuk Ching Ma​ដែល​បច្ចុប្បន្ន​មាន​វ័យ​៦៧​ឆ្នាំ ត្រូវបាន​ភ្នាក់ងារ​សម្ងាត់​អាមេរិក​មួយ​ល្បួង​ឲ្យ​សារភាពពី​សកម្មភាព​កាលពី​ឆ្នាំមុន ដោយ​លោក​ទទួលបាន​ប្រាក់​យ៉ាងច្រើន​ពី​ការទម្លាយ​ព័ត៌មាន​សម្ងាត់​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​ការចោទប្រកាន់​។​

​លោក​បាន​បន្ដ​ជួប​ជាមួយ​ទីភ្នាក់ងារ​សម្ងាត់ ហើយ​ទទួល​យកប្រាក់​និង​ផ្ដល់ព័ត៌មាន​សម្ងាត់​ជា​បន្ដបន្ទាប់ និង​ថែមទាំង​និយាយថា​រីករាយ​ក្នុង​កិច្ចសហការ​ការងារ​ជាមួយ​ទីក្រុង​ប៉េកាំង​ថែមទៀត ប៉ុន្ដែ​ចង់​ពិភាក្សា​ពី​ឱកាស​សហការ​បន្ដ​ក្រោយពេល​ចប់​កូវី​ដ​-១៩​។ ក្រសួង​យុត្ដិធម៌​អាមេរិក​បានឲ្យដឹងថា​លោក​Ma​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៤​សីហា ប៉ុន្ដែ​ទើប​ប្រកាស​ការចោទប្រកាន់​នៅ​ថ្ងៃទី​១៧​សីហា​។ 

​លោក​Ma​ជា​ពលរដ្ឋ​អាមេរិក​ដើមកំណើត​ហុងកុង បានធ្វើ​ការឲ្យ​ទីភ្នាក់ងារ​CIA​អាមេរិក​ក្នុងនាម​ជា​មន្ដ្រីជាន់ខ្ពស់​មួយរូប​ពី​ឆ្នាំ​១៩៨២​ដល់​១៩៨៩​។ លោក​ក៏មាន​សាច់ញាតិ​ម្នាក់ទៀត​ពាក់ព័ន្ធ​ក្នុងករណី​នេះដែរ ប៉ុន្ដែ​មិន​ត្រូវបាន​ចោទប្រកាន់​ទេ​ដោយសារ​វ័យ​ជរា​ដល់​៨៥​ឆ្នាំ​ទៅហើយ និង​មាន​ជំងឺសរសៃប្រសាទ​ទៀត​។ សាច់ញាតិ​ដែល​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​នោះ​បានធ្វើ​ការឲ្យ​CIA​ពី​ឆ្នាំ​១៩៦៧​ដល់​១៩៨៣​។​

​នៅក្នុង​ការចោទប្រកាន់​ឲ្យដឹង​ទៀតថា នៅ​ដើមឆ្នាំ​២០០១​បុរស​ទាំងពីរ​បានផ្ដល់​ព័ត៌មាន​ដល់​ទីភ្នាក់ងារ​នៃ​ក្រសួង​សន្ដិសុខ​រដ្ឋ​ក្រុង​ប៉េកាំង​។ ក្រុម​ស៊ើបអង្កេត​FBI​បានទទួល​វីដេអូ​និង​ខ្សែអាត់​សំឡេង​នៃ​កិច្ច​ជំនួប​របស់​ពួកគេ​ជាមួយ​ទីភ្នាក់ងារ​សម្ងាត់​ចិន​នៅ​ហុងកុង​ក្នុង​ខែ​មីនាឆ្នាំ​២០០១​។ នៅក្នុង​កិច្ច​ជំនួប​កាលនោះ​ពួកគេ​បាន​ផ្ដល់ព័ត៌មាន​លម្អិត​ពី​ទំនាក់ទំនង​របស់​CIA វិស័យ​ប្រតិ​បត្ដិកា​រ និង​បង្ហាញ​អត្ដ​សញ្ញាណ​អ្នកផ្ដល់​ព័ត៌មាន​អាមេរិក ដោះដូរ​នឹង​ការទទួលបាន​ប្រាក់​៥​ម៉ឺន​ដុល្លារ​។​

​បន្ទាប់ពីនោះ​លោក​Ma​បាន​ដាក់ពាក្យ​ចូល​បម្រើការ​នៅ​ស្ថាប័ន​FBI​ក្នុង​រដ្ឋ​ហា​វ៉ៃ ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​លោក​ទទួលបាន​នូវ​ព័ត៌មាន​ចម្រុះ ហើយ​យ៉ាងហោចណាស់​ក្នុងពេល​មួយ​ទសវត្ស​ចុងក្រោយ លោក​បាន​ទាញយក​ឯកសារ​និង​រូបថត​ជាច្រើន​ប្រគល់​ទៅឲ្យ​ភាគី​ចិន​ដែល​លោក​លួច​សហការ​ជាមួយ​។ លោក​និង​សាច់ញាតិ​ត្រូវបាន​ចិន​ស្នើសុំ​ឲ្យ​បង្ហាញ​ពី​រូបភាព​អ្នកផ្ដល់​ព័ត៌មាន​របស់​អាមេរិក​ប្រចាំ​នៅ​ចិន​ក្នុងអំឡុងពេល​នោះ​ផងដែរ​។

យ៉ាងណាមិញ​ការចោទប្រកាន់​មិនបាន​បង្ហាញថា លោក​Ma​និង​សាច់ញាតិ​បានធ្វើអ្វី​ទៀត​ទេ​បន្ទាប់ពីឆ្នាំ​២០១០ ឬ​នៅពេលដែល​អ្នក​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ដាក់​ការសង្ស័យ​លើ​លោក​នៅមុន​ឆ្នាំ​២០១៩​។ បន្ទាប់ពី​ចិន​រាយការណ៍​ថា​បានបញ្ចប់​បណ្ដាញ​នៃ​ប្រភព​CIA​និង​ប្រតិ​បត្ដិកា​ររបស់​អាមេរិក​នៅក្នុង​ប្រទេ​សចិន​ក្នុង​ឆ្នាំ​២០១០ ទីភ្នាក់ងារ​CIA​ក៏​ចាប់ផ្ដើម​ស្វែងរក​មូលហេតុ​នៃ​ការ​បែកធ្លាយ​ព័ត៌មាន​ឈានទៅ​បញ្ចប់​បេសកកម្ម​CIA​ដូច្នេះ​។​

​ករណីនេះ​គឺជា​ករណី​ចុងក្រោយ​បំផុត​មួយ​ក្នុងចំណោម​ករណី​ជាច្រើន ដែល​ត្រូវបាន​ប្ដឹង​ពីបទ​ប្រឆាំង​រដ្ឋាភិបាល​អាមេរិក​តាមរយៈ​ការលក់​ព័ត៌មាន​សម្ងាត់​ទៅឲ្យ​ចិន​។ កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​លោក​Jerry Chun Shing Lee ជា​មន្ដ្រី​បម្រើ​ការឲ្យ​CIA​ពី​ឆ្នាំ​១៩៩៤​ដល់​២០០៧ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១៩​ឆ្នាំ ពីបទ​លួច​ផ្ដល់ព័ត៌មាន​សម្ងាត់​ទៅឲ្យ​ក្រុម​ចារកម្ម​ចិន​ដូចគ្នា​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត