តាមតួលេខបង្ហាញនៅថ្ងៃទី១៧សីហានេះបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃបានធ្លាក់ចុះដ៏អាក្រក់បំផុតគិតក្នុងរយៈពេលជាង២ទសវត្សកន្លងមក ដោយសារតែជំងឺកូវីដ-១៩បានបំផ្លាញឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះ។ ថៃបានរួចផុតពីករណីឆ្លងធ្ងន់ធ្ងរដោយសារកូវីដ-១៩ តាមរយៈការចាត់វិធានការរឹតបន្ដឹងនិងការបិទទ្វារប្រទេសជាដើម ប៉ុន្ដែវិធានការនេះក៏បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
ការិយាល័យក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងសង្គម បានបង្ហាញឲ្យដឹងថាការបិទទ្វារក្នុងចន្លោះពេលឆ្លងកូវីដ-១៩ បានធ្វើឲ្យសេដ្ឋកិច្ចថៃធ្លាក់ចុះដល់១២.២ភាគរយក្នុងត្រីមាសទីពីរក្នុងឆ្នាំនេះ ជាការធ្លាក់ចុះអាក្រក់បំផុតគិតតាំងពីមានវិបត្ដិហិរញ្ញវត្ថុនៅអាស៊ីក្នុងឆ្នាំ១៩៩៨។ ក្រុមប្រឹក្សាបានព្យាករណ៍ពីការធ្លាក់ចុះក្នុងឆ្នាំ២០២០គឺ៧.៥ភាគរយ។
ភ្ញៀវទេសចរប្រមាណ៤០លាននាក់រំពឹងនឹងមកកម្សាន្ដនៅប្រទេសថៃក្នុងឆ្នាំនេះ ប៉ុន្ដែវិស័យឧស្សាហកម្មដឹកជញ្ជូនត្រូវរងគ្រោះមុនគេ នៅពេលមានវិធានការបិទទ្វារប្រទេសកាលពីខែមីនា។ អវត្ដមាននៃភ្ញៀវទេសចរបានធ្វើឲ្យប៉ះពាល់ដល់វិស័យផ្សេងៗជាច្រើន រាប់ចាប់តាំងពីផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ការលក់ដូរជាដើម។ បច្ចុប្បន្នរដ្ឋាភិបាលថៃកំពុងព្យាយាមជំរុញវិស័យទេសចរណ៍ក្នុងស្រុក ដោយទុកមួយផ្នែកនៃហិរញ្ញវត្ថុដែលបានអនុម័ត សម្រាប់ផ្ដល់ជាមូលនិធិដល់វិស័យធ្វើដំណើរ៕(ដោយ៖ពេញ ផេង)