ក្រុមបាតុករ​​រាប់ពាន់នាក់​​ប្រមូលផ្ដុំ​​ទាមទារ​​ធ្វើកំណែ​ទម្រង់​​នយោបាយ​នៅ​ថៃ

17-08-2020 10:56 am 594
ក្រុមបាតុករកំពុងប្រមូលផ្ដុំក្នុងប្រទេសថៃ

​មនុស្ស​រាប់ពាន់នាក់​កាលពី​ថ្ងៃទី​១៦​សីហា បាន​ប្រមូលផ្ដុំ​តវ៉ា​នៅក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ ជា​ការប្រមូលផ្ដុំ​ទ្រង់ទ្រាយ​ធំ​បំផុត​គិត​តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។ ការតវ៉ា​នេះ​រៀបចំឡើង​ដោយ​យុវជន​មួយក្រុម ដែល​អំពាវនាវ​ឲ្យមាន​ការធ្វើ​កំណែទម្រង់នយោ​បាយនៅ​ក្នុងប្រទេស​ថៃ​។ មេធាវី​សិទ្ធិមនុស្ស​ម្នាក់​ឈ្មោះ​អា​ណុន ណាំ​ផា​(Arnon Nampa)​ដែល​ចូលរួម​ក្នុង​ការតវ៉ា បាន​ថ្លែង​ក្នុងពេល​ប្រមូលផ្ដុំ​ថា លោក​បានទទួល​សំណើ​ជា​ផ្លូវការ​មាន​គោលជំហរ​បី​។ គោលជំហរ​ទាំងបី​នោះ​គឺ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ថៃ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​នាយករដ្ឋមន្ដ្រី​ប្រា​យុទ្ធ ចាន់​អូ​ចា រំលាយ​រដ្ឋសភា ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​បញ្ចប់​ការយាយី​ជា​សាធារណៈ​ដោយ​មន្ដ្រី​រដ្ឋ​។​

​លោក​មេធាវី​សិទ្ធិមនុស្ស​តំណាង​ក្រុម​តវ៉ា​បន្ថែមថា សម្រាប់​ការស្នើសុំ​ដែលជា​ក្ដី​សុបិន​ដ៏​ធំ​បំផុត​របស់​ពួកគេ គឺ​ចង់ឃើញ​របប​រាជាធិបតេយ្យ​នៅតែមាន​ក្នុងសង្គម​ថៃ ហើយ​ស្ថិតនៅ​ពីលើ​នយោបាយ​ពិតប្រាកដ​។ ការលើកឡើង​របស់លោក​Arnon ធ្វើឡើង​បន្ទាប់ពី​មាន​បាតុកម្ម​មួយទៀត​ដឹកនាំ​ដោយ​និស្សិត​នៅ​សាកលវិទ្យាល័យ​ធម្មា​សាធ​កាលពី​ថ្ងៃទី​១០​សីហា​។ ពួកគេ​ទាមទារ​ឲ្យមាន​ការធ្វើ​កំណែទម្រង់ចំនួ​ន​១០​ចំណុច​នៃ​របប​រាជាធិបតេយ្យ​។ ក្នុងនោះ​មាន​រារាំង​អំណាច​ព្រះមហាក្សត្រ​និង​បញ្ចប់​មាត្រា​១១២​នៃ​ក្រមព្រហ្មទណ្ឌ​របស់​ថៃ​ជាដើម​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  ថៃការតវ៉ា

ព័ត៌មានផ្សេងទៀត