ផ្ទុះ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​​ទាមទារ​​ទម្លាក់​​ប្រធានាធិបតី​​បេឡា​រុស​

17-08-2020 9:56 am 312

​មនុស្ស​រាប់ម៉ឺន​នាក់​បាននាំគ្នា​ចេញ​តវ៉ា​ប្រឆាំងនឹង​លោក​ប្រធានាធិបតី​បេឡា​រុស​Alexander Lukashenko ជុំវិញ​ការបោះឆ្នោត​ដែល​ចម្រូងចម្រាស​។ ការប្រមូលផ្ដុំ​តវ៉ា​ដែល​គេ​ហៅថា “​ក្បួនព្យុហយាត្រា​ដើម្បី​សេរីភាព​” ឬ "March for Freedom" ធ្វើឡើង​នៅ​កណ្ដាល​រដ្ឋធានី​Minsk ចំពេល​មានការ​ខឹងសម្បារ​កាន់​តែ​ខ្លាំង​ចំពោះ​ការចោទប្រកាន់​ពី​ករណី​លួច​សន្លឹកឆ្នោត និង​ការប្រើ​អំពើហិង្សា​របស់​ប៉ូលិស​ទៅលើ​ក្រុម​តវ៉ា​ជា​បន្ដបន្ទាប់​។ 

​សម្រាប់​ក្រុមប្រឆាំង​ពួកគេ​ថា​មិនអាច​ទទួលយក​លទ្ធផល​ឆ្នោត​បានទេ ព្រោះ​ការបោះឆ្នោត​រៀបចំឡើង​គ្មាន​យុត្ដិធម៌ មាន​ការលួចបន្លំ​សន្លឹកឆ្នោត​។ ពួកគេ​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​ចុះ​ចេញពី​តំណែង ទាមទារ​ឲ្យមាន​ការផ្លាស់ប្ដូរ​។ ក្រុម​តវ៉ា​លើកឡើងថា​ឈាម​ហូរ​ដាប ហើយ​ប្រជាជន​នឹង​មិនអាច​បំភ្លេច​រឿងនេះ​បានឡើយ​។ ក្រុមបាតុករ​បាន​កាន់​បដា​សរសេរថា “​អ្នក​មិនអាច​លាង​ឈាម​ជ្រះ​ទេ​” និង “​លោក​Lukashenko​ត្រូវតែ​ឆ្លើយតប​ចំពោះ​ការធ្វើ​ទារុណកម្ម​និង​ការសម្លាប់​មនុស្ស​”​។​

​ដោយឡែក​លោក​Lukashenko​បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​ថា លោក​មិន​ពេញចិត្ដ​ការប្រមូលផ្ដុំ​នេះ​ទេ ហើយក៏​មិន​ត្រូវការ​នរណាម្នាក់​ការពារ​លោក​ដែរ​។ វា​មិនមែនជា​កំហុស​របស់លោក​ដែល​ត្រូវឲ្យ​លោក​សុំ​ជំនួយ​ពីក្រុម​តវ៉ា​ឡើយ​។ លោក​ក៏​បដិសេធ​មិន​ព្រម​ចុះចេញ​ពីតំណែង និង​ជំទាស់​ការអំពាវនាវ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ជាថ្មី ដោយ​សង្កត់ធ្ងន់ថា​បេឡា​រុស​នឹង​ស្លាប់​ប្រសិន​មាន​រឿងនេះ​កើតឡើង​។ 

​លោក​Lukashenko​បន្ថែមថា “​អ្នក​មក​ទីនេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​២៥​ឆ្នាំ អ្នក​អាច​ការពារ​ប្រទេស​របស់​អ្នក ឯករាជ្យ​របស់​អ្នក ប្រពន្ធ​របស់​អ្នក បងប្អូន​របស់​អ្នក និង​កូនៗ​របស់​អ្នក​។ សម្រាប់​ក្រុម​ប្រឆាំងនឹង​វារ​ដូចជា​សត្វ​កណ្ដុរ​ចេញពី​រូង ប្រសិន​ពួកគេ​មិន​ត្រូវបាន​បង្ក្រាប​នៅពេលនេះ​។ វា​ក៏​ជា​ការចាប់ផ្ដើម​នៃ​ទីបញ្ចប់​របស់​អ្នក អ្នកនឹង​លុតជង្គង់​ដូច​នៅ​អ៊ុយ​ក្រែ​ននិង​ដូចនៅ​ប្រទេស​ផ្សេងទៀត ហើយ​អធិដ្ឋានឲ្យ​ព្រះ​ស្គាល់​ថាជាន​រណា​។​”

​គួរ​ជម្រាបជូន​ថា ការបោះឆ្នោត​ប្រធានាធិបតី​នៅ​បេឡា​រុស​បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី​០៩​សីហា​មកម្ល៉េះ ដោយ​លទ្ធផល​ប្រមាណ​៨០​ភាគរយ​គាំទ្រ​លោក​Alexander Lukashenko ជា​ប្រធានាធិបតី​ក្នុង​អាណត្ដិ​ថ្មី​។ ប៉ុន្ដែ​ការបោះឆ្នោត​នេះ​ត្រូវ​ក្រុមប្រឆាំង​ចោទថា​មាន​ភាពមិនប្រក្រតី ចង់ឲ្យ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ដ្បិត​មិន​ចង់ឲ្យ​លោក​Lukashenko​ចូល​កាន់តំណែង​ក្នុង​អាណត្ដិទី​៦​។ ការតវ៉ា​កាលពី​ថ្ងៃទី​១៦​សីហា ត្រូវបាន​ចាត់ទុកជា​កា​រ​តវ៉ា​ទ្រង់ទ្រាយ​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្ដិសាស្ដ្រ គិត​តាំងពី​បេឡា​រុស​ផ្ដាច់ខ្លួន​ចេញពី​សហភាពសូវៀត​៕(​ដោយ​៖​ពេញ ផេង​)

 ពាក្យគន្លឹះ  បេឡារុសការតវ៉ា

ព័ត៌មានផ្សេងទៀត