ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានច្រានចោលសំណើរបស់អាមេរិកដែលចង់ឲ្យបន្ដការដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់។ ប៉ុន្ដែទោះបីជាក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិមិនឯកភាព ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបាននិយាយថា ទណ្ឌកម្មដាក់លើអ៊ីរ៉ង់ជាថ្មីនឹងចាប់ផ្ដើមឡើងវិញក្នុងពេលឆាប់ៗ គឺអាចនៅសប្ដាហ៍ថ្មីនេះហើយ។
នៅក្នុងសន្ដិសីទកាសែតពីរដ្ឋNew Jersey លោកត្រាំកត់សម្គាល់ថា “យើងដឹងហើយថាការបោះឆ្នោតនឹងទៅជាយ៉ាងណា ប៉ុន្ដែយើងនឹងត្រឡប់ក្រោយវិញងាកដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដែលអ្នកនឹងឃើញនៅសប្ដាហ៍ក្រោយ។” លោកត្រាំបន្ថែមថា លោកក៏គ្មានបំណងចូលរួមក្នុងសន្និសីទតាមប្រព័ន្ធវីដេអូ ដែលជាការស្នើសុំរបស់ប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀ ពូទីនដែរ។
អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រីឃែលី ក្រាហ្វ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃសុក្រថា អាមេរិកមានសិទ្ធិគ្រប់យ៉ាងក្នុងការចាប់ផ្ដើមអនុវត្ដឡើងវិញនូវសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិពីមុន។ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះអាមេរិកនឹងធ្វើតាមការប្ដេជ្ញាចិត្ដ គឺបញ្ឈប់អ្វីទាំងអស់បន្ដពង្រីកទណ្ឌកម្មអាវុធលើប្រទេសអ៊ីរ៉ង់។
អាមេរិកបានដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងឆ្នាំ២០១៨ ហើយការឈានទៅរកការដាក់ទណ្ឌកម្មជាឯកតោភាគី បានបង្កជាការសង្ស័យនិងការព្រួយបារម្ភថា អាចនឹងមានការបញ្ចប់នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ។ ស្ថិតក្រោមកិច្ចព្រមព្រៀងចុះហត្ថលេខាក្នុងឆ្នាំ២០១៥រវាងអ៊ីរ៉ង់ជាមួយប្រទេសមហាអំណាច៥+១ ការហាមឃាត់អាវុធលើប្រទេសអ៊ីរ៉ង់ដែលកំណត់ជាផ្លូវការនោះនឹងផុតកំណត់នៅពាក់កណ្ដាលខែតុលាខាងមុខហើយ។ អស់រយៈពេលជាច្រើនខែដែលរដ្ឋបាលលោកដូណាល់ ត្រាំ បានព្យាយាមពង្រីកការដាក់ទណ្ឌកម្មនេះ ទោះបីជាបានដើរចេញពីកិច្ចព្រមព្រៀងក៏ដោយ៕(ដោយ៖ពេញ ផេង)