កម្ពុជាស្នើដល់អង្គការសហប្រជាជាតិ ពន្យារពេលនៃការផ្លាស់ប្តូរកម្លាំងកងទ័ពមួកខៀវ

16-08-2020 3:55 pm 576

 លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា នៅពេលខាងមុខកម្ពុជានឹងត្រូវផ្លាស់ប្តូរកម្លាំងកងទ័ពមួកខៀវ ជាង៤០០នាក់ ពីប្រទេសក្រៅ ដូចជា ប្រទេសម៉ាលី អាហ្វិកកណ្តាល លីបង់ ស៊ូដង់ខាងត្បូង ប៉ុន្តែដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កម្ពុជានឹងសុំការយោគយល់ពីអង្គការសហប្រជាជាតិ ក្នុងការពន្យារពេលនៃការផ្លាស់ប្តូរកងកម្លាំងនេះ។ការស្នើសុំនេះ ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីសម្ពោធសួនទឹក ហ្គាឌិនស៊ីធី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ។

លោក នាយករដ្ឋមន្ត្រី បន្តថាការបញ្ជូនកងទ័ពមួកខៀវដែលត្រូវវិលត្រឡប់មកកម្ពុជានិងបញ្ជូនពីកម្ពុជាទៅក្រៅប្រទេសវិញ វានឹងធ្វើឲ្យមានការកើនឡើងនៃជំងឺកូវីដ១៩។ ជាក់ស្តែងដូចជា ករណីកងទ័ពមួកខៀវចំនួន៦២នាក់ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលីមានករណីឆ្លងកូវីដ១៩ចំនួន៩នាក់ បន្ទាប់ពីធ្វើចត្តាឡីស័ក ប៉ុន្តែពេលត្រឡប់ទៅផ្ទះមានករណីកងទ័ពមួកខៀវម្នាក់មានវិជ្ជមានវីរុសនេះ ទើបតម្រូវឲ្យក៏ទ័ពទាំងអស់ត្រូវត្រឡប់មកធ្វើចត្តាឡីសស័កឡើងវិញ ដែលនេះជាបញ្ហាធំសម្រាប់កម្ពុជា ។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់បន្ថែមថា ប្រសិនបើអង្គការសហប្រជាជាតិព្រមពន្យារពេលនៃការបញ្ជូនកម្លាំងកងទ័ពមួកខៀវ សុំឲ្យនាយទាហាន ពលទាហានដែលនៅក្រៅប្រទេស ក្រុមគ្រួសារនៅក្នុងប្រទេសទាំងអស់មេត្តាយោគយល់ ដែលជានេះជាបញ្ហារួមដើម្បីកុំឲ្យមានការចម្លងជំងឺកូវីដ១៩ កាន់តែខ្លាំងឡើងតែប៉ុណ្ណោះ ។

គួរបញ្ជក់ថា បច្ចុប្បន្ននេះនៅមានកងទ័ពមួកខៀវកម្ពុជាចំនួន៧១នាក់ កំពុងដាក់អោយធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ។ ក្នុងចំណោមកងទ័ពមួកខៀវកម្ពុជាចំនួន៨០នាក់ដែលទើបវិលមកពីបំពេញបេសកម្មនៅក្នុងប្រទេសម៉ាលី គឺមានឆ្លងជំងឺកូវីដ១៩ ចំនួន0៩នាក់។ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេទាំង0៩នាក់ បានព្យាបាលជាសះស្បើវិញហើយ៕ 

ព័ត៌មានផ្សេងទៀត