កម្ពុជានឹងចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ នៅថ្ងៃទី ២៤សីហា

16-08-2020 11:44 am 979

តបតាមការអញ្ជើញរបស់លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលជាសហប្រធានកិច្ចប្រជុំជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី៣ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ដែលចូលរួមជាមួយរួមមាន៖ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនចូលរួមផងដែរ។

កិច្ចប្រជុំនេះ រៀបចំឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» ថ្នាក់ដឹកនាំ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលសម្រេចបានស្របតាមទិសដៅនៃសេចក្ដីថ្លែងការណ៍សាន់យ៉ាឆ្នាំ២០១៦ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញឆ្នាំ២០១៨ និងផែនការសកម្មភាពសម្រាប់រយៈពេល៥ឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកវិស័យនៃកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជាពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង។

កិច្ចប្រជុំនេះដែរថ្នាក់ដឹកនាំ ក៏នឹងផ្តោតការយកចិត្តទុកដាក់ផងដែរលើកិច្ចខិតខំប្រឹងប្រែងរួមរបស់បណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩។

សូមជម្រាបថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣នេះ នឹងគូសបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅតំបន់មេគង្គ-ឡានឆាង ក៏ដូចជា ការលើកកម្ពស់សន្តិសហវិជ្ជមាន ក្នុងចំណោមបណ្តាប្រទេសមេគង្គ-ឡានឆាង៕ 

ព័ត៌មានផ្សេងទៀត