តៃវ៉ាន់​​សម្រេចបាន​​កិច្ចសន្យា​ចុងក្រោយ​​ទិញ​យន្ដហោះ​​ចម្បាំង​​F-16​ពី​អាមេរិក​

16-08-2020 10:57 am 418

​តៃវ៉ាន់​កាលពី​ថ្ងៃ​សុក្រ​បាន​ឈានដល់​ការសម្រេច​ចុងក្រោយ ស្ដីពី​ការទិញ​យន្ដហោះ​ចម្បាំង​F-16​ពី​ក្រុមហ៊ុន​អាមេរិក​Lockheed Martin​។ ជា​កិច្ចសន្យា​ទិញ​យន្ដហោះ​ចម្បាំង​ដែល​ធ្លាប់មាន​ការបញ្ជាក់​ពីមុន​ថា មានតម្លៃ​រហូតដល់​ទៅ​៨​ពាន់​លាន​ដុល្លារ​។ ការឈាន​ដល់​កិច្ចព្រមព្រៀង​ចុងក្រោយ​នៃ​ការទិញ​យន្ដហោះ​ចម្បាំង​នេះ ក៏​ស្របពេល​តៃវ៉ាន់​កំពុង​ឡើង​កម្ដៅ​ជាមួយ​ចិន​។ 

​មន្ទីរ​បញ្ច​កោណ​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ ពី​កិច្ចសន្យាលក់​យន្ដហោះ​ចម្បាំង​F-16​រវាង​ក្រុមហ៊ុន​Lockheed Martin​ជាមួយ​បរទេស​ក្នុង​រយៈពេល​១០​ឆ្នាំ មានតម្លៃ​សរុប​រហូតដល់​៦២​ពាន់​លាន​ដុល្លារ​អាមេរិក​។ មន្ទីរ​បញ្ច​កោណ​មិនបាន​ប្រាប់ថា​នរណា​ជា​អ្នកទិញ​ខ្លះ​នោះទេ ប៉ុន្ដែ​ក្នុងនោះ​ក៏មាន​កោះ​តៃវ៉ាន់​មួយ​ផងដែរ​។ តៃវ៉ាន់​ជា​ដែន​កោះ​ដែល​ចិន​ចាត់ទុកជា​កម្មសិទ្ធិ ទទួលបាន​ភ្លើង​ខៀវ​ពី​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ឆ្នាំមុន ក្នុង​ការទិញ​យន្ដហោះ​ចម្បាំង​ជំនាន់​ថ្មី​៦៦​គ្រឿង ដែល​នឹង​អាចធ្វើ​ទំនើបកម្ម​លើ​វិស័យ​ការពារជាតិ​បាន​។ តៃវ៉ាន់​ក៏មាន​យន្ដហោះ​ចម្បាំង​F-16​រួចហើយ ដែល​ទិញ​ពី​អាមេរិក​តាំងពី​ឆ្នាំ​១៩៩២​។​

​ចំពោះ​កិច្ចសន្យា​ទិញ​-​លក់​ថ្មី​ដែល​មន្ទីរ​បញ្ច​កោណ​និយាយ គឺ​សម្រាប់​ការបញ្ជាទិញ​ដំបូង​នូវ​យន្ដហោះ​ចម្បាំង​ចំនួន​៩០​គ្រឿង និង​ជាការ​ផ្ដល់នូវ​យន្ដហោះ​កាន់តែ​ទំនើប​បន្ថែមទៀត ជាមួយនឹង​បច្ចេកវិទ្យា​និង​អាវុធ​ថ្មី​បំផុត​។​

​គួរ​បញ្ជាក់ថា ទីក្រុង​ប៉េកាំង​នៅតែ​ទទូចថា​តៃវ៉ាន់​ជា​ដែន​កោះមាន​មនុស្ស​រស់នៅ​ប្រមាណ​២៣​លាន​នាក់ គឺជា​ដែនដី​មួយ​របស់ខ្លួន ហើយ​បាន​ប្ដេជ្ញា​ឆ្លើយតប​ដោយ​ប្រើ​កងកម្លាំង​យោធា​ប្រសិន​ចង់​ប្រកាស​ផ្ដាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​។ អ្វីដែល​ចិន​ខឹង​ខ្លាំង​បំផុត​គឺ​នៅពេល​អាមេរិក​បង្ហាញ​សកម្មភាព​គាំទ្រ និង​ការព្រមព្រៀង​លក់​អាវុធ​ឲ្យ​តៃ​វ៉ាន់មិន​ខ្វល់​ពី​ការហាមឃាត់​របស់​ចិន​។ ទីក្រុង​វ៉ាស៊ីនតោន​ទោះបីជា​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​តាំងពី​ឆ្នាំ​១៩៧៩ ប៉ុន្ដែ​នៅតែ​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ដ៏​ធំ​និង​ជា​អ្នកគាំទ្រ​ដ៏​សំខាន់បំផុត​សម្រាប់​តៃវ៉ាន់​។​

​ក្នុងពេល​ថ្មីៗ​នេះ​មន្ដ្រីជាន់ខ្ពស់​និង​ជា​រដ្ឋមន្ដ្រី​សុខាភិបាល​អាមេរិក ក៏បាន​ធ្វើ​ទស្សនកិច្ច​ជា​ប្រវត្ដិសាស្ដ្រ​ទៅ​កាន់កោះ​តៃ​វ៉ាន់គិត​តាំងពី​ឆ្នាំ​១៩៧៩ ធ្វើឲ្យ​ចិន​ប្រតិកម្ម​កាន់តែខ្លាំង​ជាមួយ​អាមេរិក​។ អាមេរិក​-​ចិន​កំពុងមាន​វិបត្ដិ​ជាប់គាំង​ជាមួយ​គ្នា​ដោះស្រាយ​មិន​ចេញ ដូចជា​សង្គ្រាម​ពាណិជ្ជកម្ម ការចោទប្រកាន់​រឿង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ប្រឆាំង​គ្នា​ពី​ច្បាប់​សន្ដិសុខ​ថ្មី​នៅ​ហុងកុង រួមទាំង​បញ្ហា​យោធា​និង​សន្ដិសុខ​ផងដែរ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត