អ្នកជំងឺកូវីដ១៩ ចំនួន០៩នាក់ បានព្យាបាលជាសះស្បើយ និងមិនមានអ្នកឆ្លងថ្មីទេ

16-08-2020 9:22 am 283

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី មានករណីជាសះស្បើយ០៩នាក់ នៃអ្នកជំងឺកូវីដ១៩ និងមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីនោះទេ។

ករណីជាសះស្បើយចំនួន០៩នាក់រួមមាន៖ ស្ត្រីជនជាតិកាណាដា អាយុ៤១ឆ្នាំ បានធ្វើដំណើរមកពីប្រទេសអ៊ូបេគីស្ថាន ឆ្លងកាត់តាមឌូបៃ និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ និង ស្ត្រីជនជាតិអាម៉េរិកកាំងអាយុ២៥ឆ្នាំ ជាអ្នកធ្វើដំណើរពីប្រទេស អាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ។ ក្នុងនោះក៏មានស្ត្រីជនជាតិខ្មែរអាយុ២៧ឆ្នាំ នៅខេត្តកណ្ដាល ជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់មកពីប្រទេសម៉ាលី មកកាន់កម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ ។

ស្ត្រីជនជាតិខ្មែរអាយុ១៣ឆ្នាំ នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ។ បុរសជនជាតិខ្មែរអាយុ២៦ឆ្នាំនៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ។

បុរសជនជាតិខ្មែរអាយុ ៦៥ឆ្នាំ នៅខេត្តកំពង់ចាម ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយ។

បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ នៅខេត្តកណ្ដាល បុរសជនជាតិខ្មែរ អាយុ ២៤ឆ្នាំ នៅ ខេត្តកំពង់ចាម បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ នៅ ខេត្តកំពង់ឆ្នាំង បុរសទាំង៣នាក់នេះជាអ្នកធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់ ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២៣៨នាក់ និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប៣៥នាក់៕ 

ព័ត៌មានផ្សេងទៀត