តៃវ៉ាន់​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​ពី​អាមេរិក​ជាច្រើន​គ្រឿង​ក្នុងតម្លៃ​៦២​ពាន់​លាន​ដុល្លារ​

15-08-2020 1:20 pm 1015

​តាមពិតទៅ​តៃវ៉ាន់​ទទួលបាន​ភ្លើងតៃត​ង​ពី​អាមេរិក សម្រាប់​ការទិញ​យន្តហោះ​ចម្បាំង​ប្រភេទ​F-16s​ជំនាន់​ថ្មី​ចំនួន​៦៦​គ្រឿង ផលិត​ដោយ​ក្រុមហ៊ុន​Lockheed Martin​កាលពី​ឆ្នាំមុន​មកម្ល៉េះ​។ ប៉ុន្តែ​ទើប​សម្រេចបាន​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០២០​។ ការបញ្ជាទិញ​ជា​ផ្លូវការ​នេះ ស្ថិតនៅក្នុង​កញ្ចប់​កិច្ចព្រមព្រៀង​រយៈពេល​១០​ឆ្នាំ​រវាង​កោះ​តៃវ៉ាន់​និង​អាមេរិក ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន​៦២​ពាន់​លាន​ដុល្លារ​។ នេះ​ជា​កិច្ចសន្យា​ទិញ​លក់​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប ទ្រង់ទ្រាយ​ធំ​លើក​ទី​១​រវាង​អាមេរិក​និង​តៃវ៉ាន់​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​។​

​ដំណឹង​នេះ​នឹង​បញ្ឆេះ​កំហឹង​ដល់​ចិន​បន្ថែមទៀត ព្រោះ​ចិន​មិន​ចង់ឲ្យ​អាមេរិកនិង​តៃវ៉ាន់ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយគ្នា​ឡើយ ជាពិសេស​គឺ​ការលក់ដូរ​គ្រឿង​សម្រាប់​ការពារជាតិ​នេះ​។ ទីក្រុង​ប៉េកាំង​បាន​ទទូចថា​តៃវ៉ាន់​ដែលមាន​ប្រជាជន​ចំនួន​២៣​លាន​នាក់ និង​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​តាំងពី​ឆ្នាំ ១៩៤៩ គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន ហើយ​បាន​ប្តេជ្ញា​ប្រើប្រាស់​កម្លាំងយោធា​ប្រឆាំងនឹង​កោះ​តៃវ៉ាន់ ប្រសិនបើ​ទីក្រុង​តៃប៉ិ​មានះ​ចង់​ប្រកាស​ឯករាជ្យ​។ លោកស្រី​Hua Chunying​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ធ្លាប់​និយាយថា ការលក់​អាវុធ​របស់​អាមេរិក​ទៅឲ្យ​កោះ​តៃវ៉ាន់ គឺ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​គោលការណ៍​ចិន​តែមួយ​។រដ្ឋាភិបាល​ចិន​ទទូច​ដល់​សហរដ្ឋអាមេរិកឲ្យ​ប​ញ្ឈប់​ការលក់​យន្តហោះ​ចម្បាំង​ទៅឲ្យ​កោះ​តៃវ៉ាន់ និង​បញ្ឈប់​ការលក់​សព្វាវុធ​នានា​ទៅឲ្យ​កោះ​តៃវ៉ាន់ ព្រមទាំង​បញ្ឈប់​ការទាក់ទង​ផ្នែក​យោធា​ជាមួយ​កោះ​តៃវ៉ាន់​ផងដែរ​។​

​ទីក្រុង​វ៉ាស៊ីនតោន​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​កោះ​តៃវ៉ាន់​ ដោយ​ងាក​មក​ទទួលស្គាល់​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​តែមួយ​ប៉ុណ្ណោះនៅ​ឆ្នាំ​១៩៧៩​។ អាមេរិក​ទទួលស្គាល់​គោលការណ៍​ចិន​តែមួយ តែ​នៅ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​បំផុត​ជាមួយ​កោះ​តៃវ៉ាន់ និង​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​របស់​តៃវ៉ាន់​។ ត្បិត​មិនមាន​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់ ប៉ុន្តែ​ទីក្រុង​វ៉ាស៊ីនតោន​ត្រូវបាន​ចងភ្ជាប់​ដោយ​ច្បាប់ ដើម្បី​ផ្តល់ឲ្យ​តៃ​វ៉ាន់នូវ​មធ្យោបាយ​ដើម្បី​ការពារ​ខ្លួន​។​

​ចំណែក​តៃវ៉ាន់ ដោយ​មើលឃើញ​ពី​មហិច្ឆតា​ដ៏​ធំធេង​របស់​ចិន​ចំពោះ​តៃវ៉ាន់ ក៏​បារម្ភ​កាន់តែខ្លាំង​ចំពោះ​សុវត្ថិភាព​របស់ខ្លួន​។ ស្របទៅតាម​មហិច្ឆតា​ចង់​ផ្តាច់ខ្លួន​ផង និង​ការគំរាមកំហែង​របស់​ចិន​ផង តៃវ៉ាន់​ខំប្រឹង​ពង្រឹង​វិស័យ​ការពារជាតិ ដោយ​ទិញ​បន្ថែម​នូវ​គ្រឿង​សព្វាវុធ ជាមួយនឹង​ការបង្កើន​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​លើ​វិស័យ​ការពារជាតិ​នៅ​ឆ្នាំក្រោយ ដែល​កើន​លើស​ឆ្នាំនេះ​ចំនួន​ប្រមាណ​១.៤ ពាន់​លាន​ដុល្លារ​អាមេរិក​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត