​លោក​ហ៊ុន សែន​៖​កម្ពុជា​ត្រូវមាន​ភាពម្ចាស់កា​រ​ការងារ​អាទិភាព​ចម្បង​ពីរ​​

15-08-2020 11:44 am 2622

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកឡើងថា បើទោះបី​ពិភពលោក​នៅ​បន្ត​ស្ថិតនៅក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​នៅឡើយ អំពី​ថ្នាំ​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ កម្ពុជា​ត្រូវតែមាន​ភាពច្បាស់លាស់​និង​ម្ចាស់កា​រលើ​ការងារ​ជា​អាទិភាព​ចម្បង​ពីរ គឺ​ទី​១-​ការបន្ត​រក្សា​នូវ​ស្ថិរភាព​នយោបាយ​ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការគ្រប់គ្រង​ស្ថានការណ៍ និង ទី​២-​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ឱ្យបាន​ល្អប្រសើរ ទប់ស្កាត់​អតិផរណា និង​ការឡើង​ថ្លៃទំនិញ​ក្នុង​ទីផ្សារ​។

​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២០ លោក​នាយករដ្ឋមន្ត្រី ក៏បាន​ជំរុញ​ក្រសួង​ស្ថាប័ន​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ ត្រូវ​អនុវត្តន៍​ទិសដៅ​ភារកិច្ច​ចំនួន​៥ ដែល​ក្នុងនោះ​រួមមាន ភារកិច្ច​ទី​១ បន្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩ កុំឱ្យ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ ហើយ​ត្រូវ​បន្ត​អនុវត្តន៍​និង​ចាត់វិធានការ​សុខាភិបាល​ឱ្យបាន​ដិតដល់ នៅ​កន្លែង​ដែលមាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត ពិសេស​ក្នុងកំឡុងពេល​ឈប់សម្រាក​ខាងមុខនេះ ដើម្បី​ថែរក្សា​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។​

​លោក​ហ៊ុន សែន ក៏បាន​ប្រាប់​ទៅ​ក្រសួងសុខាភិបាល ត្រូវខិតខំ​ស្ថាបនា​មន្ទីរពិសោធន៍​សម្រាប់​ធ្វើតេស្ត​មើល​មេ​រោគកូ​វីដ​-១៩ បន្ថែម​ពីលើ​មន្ទីរពិសោធន៍​នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្ត​សំខាន់​ចំនួន​៣​ទៀត គឺ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​ខេត្តបាត់ដំបង​។ 

​ភារកិច្ច​ទី​២ បន្ត​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​ធានា​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ការពារ​ភាពសុខសាន្ត និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។ 

​ភារកិច្ច​ទី​៣ បន្ត​អនុវត្តន៍​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​-១៩ ចំនួន​ពីរ​ខែ​ទៀត​។ 

​ភារកិច្ច​ទី​៤ ជំរុញ​និង​លើកទឹកចិត្ត​ការបង្កបង្កើន​ផល​ក្នុង​វិស័យ​កសិកម្ម ដោយ​ប្រមូលផ្ដុំ​ឡើងវិញ​នូវ​កម្លាំង​ពលកម្ម​ពី​វិស័យ​សេវាកម្ម​និង​ឧស្សាហកម្ម ដែល​បាននិងកំពុង​រង​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ ដើម្បី​គាំទ្រ​ដល់​ផលិតកម្ម​កសិកម្ម​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​ការនាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស ព្រមទាំង​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ទូទាំងប្រទេស ឱ្យធ្វើ​ការចិញ្ចឹម​ត្រី​អណ្ដែង ឱ្យបាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​និង​គាំទ្រ​ដល់​ការនាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​។ 

​ភារកិច្ច​ទី​៥ អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយ​ត្រូវ​បែងចែក​ទៅតាម​ដំណាក់កាល និង​ត្រូវគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល​។ ចំពោះ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​នឹងត្រូវ​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ ត្រូវមាន​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ឱ្យបាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ជាពិសេស​អគារសិក្សា​ដែល​ធ្លាប់បាន​ប្រើប្រាស់​ធ្វើជា​មណ្ឌល​ចត្តា​ឡី​ស័ក​។​

​នៅក្នុង​ឱកាស​នោះដែរ លោកនាយក​រ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក៏បាន​កោតសរសើរ​ចំពោះ​សមត្ថភាព និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​ក្រុមគ្រូពេទ្យ​និង​មន្ត្រី​សុខាភិបាល​កម្ពុជា ដែល​បាន​ខិតខំ​រួមចំណែក​លើកកម្ពស់​គុណ​ភាព​វិស័យ​សុខាភិបាល​ក្នុងស្រុក​ឱ្យមាន​ការរីកចម្រើន​គួរ​ជាទី​មោទនៈ ខណៈដែល​តម្រូវការ​នៃ​សេវា​សុខាភិបាល ក្នុងស្រុក​នា​ពេលបច្ចុប្បន្ន​មាន​ការកើនឡើង ដែលជា​ការជំនួស​ការ​ចេញទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​របស់​ប្រជាពលរដ្ឋ ក្នុង​កំឡុង​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩​។ 

​ជាងនេះទៀត រាជរដ្ឋាភិបាល​ក៏បាន​អរគុណ​ចំពោះ​គ្រប់​ក្រសួង​ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ វិស័យ​ឯកជន និង​ប្រជាជន​ទូទាំងប្រទេស ដែល​បាន​ខិតខំ​និង​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការរក្សា​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជា​ចូលរួម​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នាពេល​កន្លងមក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែន

ព័ត៌មានផ្សេងទៀត