កម្ពុជា៖អ្នកជំងឺកូវីដ៤នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និងមិនមានករណីឆ្លងថ្មី

15-08-2020 9:36 am 220

 ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះថា មានអ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ត្រូវបានព្យាបាលឱ្យជាសះស្បើយ និងមិនមានករណីអ្នកឆ្លងថ្មីនោះទេ។

អ្នកព្យាបាលជាសះស្បើយនេះ ជាបុរសជនជាតិខ្មែរ ៤នាក់នេះរួមមាន៖ បុរសអាយុ ២៥ឆ្នាំ រស់នៅខេត្តកំពង់ចាម ធ្វើដំណើរពីប្រទេសរុស្ស៉ី ដោយបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

បុរសអាយុ ៣១ឆ្នាំ រស់នៅខេត្តពោធិ៍សាត់ ជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដែលបានវិលត្រឡប់ពីប្រទេសម៉ាលី តាមជើងហោះហើរ មកដល់កម្ពុជាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាព។

ដោយឡែក បុរសអាយុ ២៥ឆ្នាំ រស់នៅខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពីប្រទេស ឥណ្ឌូណេស៊ីតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ និងបុរសម្នាក់ទៀតអាយុ២៥ឆ្នាំ រស់នៅខេត្តបាត់ដំបង ជាអ្នកបានធ្វើដំណើរពី ប្រទេសប៉ាគីស្ថាន បន្តជើងយន្តហោះ នៅប្រទេសម៉ាឡេស៊ី មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។

គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២៧៣នាក់ ស្រី្ត ៥៤នាក់ និងបុរស ២១៩នាក់។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២២៩នាក់ ស្ត្រី ៤៦នាក់ និងបុរស១៨៣នាក់ដោយឡែកអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៤៤នាក់៕ 

ព័ត៌មានផ្សេងទៀត