កូរ៉េខាងត្បូង​​រាយការណ៍​​ករណី​ឆ្លង​កូវី​ដ​-១៩ថ្មី​​ក្នុង​សហគមន៍​​ច្រើន​បំផុត​​គិតពី​ចុង​ខែមីនា​

14-08-2020 9:37 am 264
កូរ៉េខាងត្បូង​កំពុងទប់ស្កាត់ករណីឆ្លងជារលកទីពីរ

​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​១៤​សីហា​នេះ បាន​រាយការណ៍​ពី​ចំនួន​មនុស្ស​ឆ្លងកូវី​ដ​-១៩​ចំនួន​១០៣​នាក់ ដោយ​ក្នុងនោះ​មាន​៨៥​នាក់​ឆ្លង​នៅក្នុង​សហគមន៍ ដែលជា​ករណី​ឆ្លង​ច្រើន​បំផុត​គិតពី​ចុងខែ​មីនា​មក​។ បូកសរុប​ករណី​ឆ្លង​ថ្មី​ធ្វើឲ្យ​កូរ៉េខាងត្បូង​មាន​មនុស្ស​ឆ្លង​សរុប​កើន​ដល់​១៤,៨៧៣​នាក់​ហើយ និង​ស្លាប់​៣០៥​នាក់​គិត​ត្រឹម​យប់​ថ្ងៃទី​១៣​សីហា​។ ក្នុងចំណោម​មនុស្ស​ឆ្លង​សរុប​ក៏មាន​ជាសះស្បើយ​ចំនួន​១៣,៨៦៣​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​៧០៥​នាក់​។​

​កូរ៉េខាងត្បូង​កន្លងមក​ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​ខ្លាំង​បំផុត​បន្ទាប់ពី​ប្រទេស​ចិន ប៉ុន្ដែ​អាច​គ្រប់គ្រង​ស្ថានភាព​បាន​វិញ​តាមរយៈ​ការតាមដាន ធ្វើតេស្ដ និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩​។ កូរ៉េខាងត្បូង​ក៏​ត្រូវបាន​ពិភពលោក​កោតសរសើរ​និង​រៀនសូត្រ​តាម​ផងដែរ ជុំវិញ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​។ ប៉ុន្ដែ​យ៉ាងណាមិញ​ករណី​ឆ្លង​រលក​ទី​ពីរ​ទើប​ផ្ទុះឡើង ធ្វើឲ្យ​កូរ៉េខាងត្បូង​មាន​ការប្រុងប្រយ័ត្ន​ជាថ្មី ហើយ​ករណី​ឆ្លង​នោះ​ក៏​ចាប់ផ្ដើម​កើនឡើង​ជា​បន្ដបន្ទាប់​។​

​គួរ​ជម្រាបជូន​ដែរថា បើ​គិតពី​ចំនួន​មនុស្ស​ឆ្លងកូវី​ដ​-១៩​សរុប​ក្នុង​ពិភពលោក កើន​ដល់​ជាង​២១​លាន​នាក់​ស្លាប់​ជាង​៧៥​ម៉ឺន​នាក់​។ ក្នុងចំណោម​មនុស្ស​ឆ្លង​សរុប​មាន​ជាសះស្បើយ​ជិត​១៤​លាន​នាក់ កំពុង​សម្រាក​ព្យាបាល​ជាង​៦​លាន​នាក់ និង​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ​ជាង​៦​ម៉ឺន​នាក់​៕

(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត