ជំងឺភ្នែកឡើងបាយនិងវិធីបង្ការ

12-08-2020 5:05 pm 3156

ជំងឺភ្នែកឡើងបាយ គឺជាការឡើងផ្សែងពពកទៅលើកែវភ្នែករបស់អ្នក។ ជំងឺនេះបានចែកចេញជាច្រើនប្រភេទរួមមាន ជំងឺភ្នែកឡើងបាយប៉ះពាល់ដល់ចំណុចកណ្តាលនៃកញ្ចក់ភ្នែក,ជំងឺភ្នែកឡើងបាយដែលប៉ះពាល់ដល់គែមនៃកែវភ្នែក,ជំងឺភ្នែកឡើងបាយដែលប៉ះពាល់ដល់ផ្នែកខាងក្រោយនៃកញ្ចក់ភ្នែក និងជំងឺភ្នែកឡើងបាយពីកំណើត។ ចំពោះអ្នកដែលមានជំងឺភ្នែកឡើងបាយ ការមើលឃើញតាមរយៈកែវភ្នែកស្រអាប់ដូចពពក គឺហាក់បីដូចជាមើលតាមកញ្ចក់ឡាន ដែលពោរពេញដោយផ្សែងទឹកកក ឬអ័ព្ទអញ្ចឹង។

ការមើលឃើញដែលបង្កឡើងដោយជំងឺភ្នែកឡើងបាយបែបនេះ អាចធ្វើឲ្យអ្នកពិបាកក្នុងការអាន បើកបរ (ជាពិសេសនៅពេលយប់) ឬមើលឃើញមុខមាត់មនុស្ស ឬមិត្តភក្តិរបស់អ្នក។ ជំងឺភ្នែកឡើងបាយ ភាគច្រើន មានការវិវត្តយឺតៗ ហើយមិនរំខានដល់ភ្នែករបស់អ្នកឆាប់ពេកនោះទេ។ ប៉ុន្តែ យូរៗទៅ ជំងឺភ្នែកឡើងបាយនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សមត្ថភាពមើលឃើញរបស់អ្នក។ ដំណាក់កាលដំបូង វ៉ែនតា និងការប្រើពន្លឺភ្លឺកាន់តែខ្លាំងអាចជួយអ្នកដោះស្រាយបញ្ហាភ្នែកឡើងបាយបាន។ ប៉ុន្តែ ប្រសិនបើភ្នែកដែលប៉ះពាល់នេះនឹងរារាំងសកម្មភាពធម្មតារបស់អ្នក នោះប្រហែលជាត្រូវធ្វើការវះកាត់ហើយ។ តែក៏ជាសំណាងល្អ ព្រោះការវះកាត់ភ្នែកឡើងបាយជាទូទៅ គឺមានសុវត្ថិភាព និងប្រសិទ្ធភាព។

សូមជម្រាបថា កត្តាដែលអាចបង្កើនហានិភ័យនៃជំងឺភ្នែកឡើងបាយរួមមាន៖ កត្តាអាយុកាន់តែចាស់,មានជំងឺទឹកនោមផ្អែម,ការប៉ះពាល់ហួសហេតុទៅនឹងពន្លឺព្រះអាទិត្យ,ការជក់បារី,ធាត់,សម្ពាធឈាមខ្ពស់,របួសភ្នែកមុន,រលាកភ្នែក,ធ្លាប់មានការវះកាត់ភ្នែកពីមុន,ការប្រើថ្នាំពន្យារកំណើតរយៈពេលយូរ និងផឹកស្រាច្រើនពេក។ល។ ជំងឺភ្នែកឡើងបាយ ជាទូទៅមានការវិវត្តលើភ្នែកទាំងពីរ ប៉ុន្តែមិនដូចគ្នានោះទេ។ ជំងឺភ្នែកឡើងបាយក្នុងភ្នែកមួយអាចកើតមានមុនភ្នែកមួយទៀត ដែលវាបណ្តាលឲ្យមានភាពខុសប្លែកពីគ្នារវាងភ្នែកទាំងពីរ។

រោគសញ្ញានៃជំងឺភ្នែកឡើងបាយមានដូចជា៖ ការមើលឃើញមិនច្បាស់ ឬស្រអាប់,កាន់តែពិបាកបើមើលនៅពេលយប់,ចាញ់ ឬមានប្រតិកម្មទៅនឹងពន្លឺ,ត្រូវការពន្លឺភ្លឺខ្លាំងសម្រាប់ការអាន និងសកម្មភាពផ្សេងៗទៀត,មើលឃើញដូចជា "ព្រះអាទិត្យបាំងឆ័ត្រ" នៅជុំវិញអំពូលភ្លើង ឬពន្លឺនានា,ការផ្លាស់ប្តូរជាញឹកញាប់ទៅលើវែនតា ឬកញ្ចក់កែវភ្នែក,បន្ថយ ឬមើលឃើញពណ៌លឿងកាន់តែខ្លាំង,មើលឃើញពីរនៅលើភ្នែកតែមួយជាដើម។

គ្មានការស្រាវជ្រាវណាមួយដែលបង្ហាញពីរបៀបការពារជំងឺភ្នែកឡើងបាយ ឬពន្យឺតការវិវត្តនៃជំងឺនេះនោះទេ។ ប៉ុន្តែ វេជ្ជបណ្ឌិតជំនាញៗគិតថាយុទ្ធសាស្ត្រមួយចំនួនខាងក្រោមនេះច្បាស់ជាអាចមានប្រយោជន៍សម្រាប់អ្នក៖

១ ការពិនិត្យភ្នែកជាទៀងទាត់៖ ការពិនិត្យភ្នែកអាចជួយរកមើលជំងឺភ្នែកឡើងបាយ និងបញ្ហាភ្នែកដទៃទៀតនៅដំណាក់កាលដំបូងបំផុត។ សូមសួរគ្រូពេទ្យថាតើអ្នកគួរតែពិនិត្យភ្នែករបស់អ្នកញឹកញាប់ប៉ុណ្ណា។

២ ឈប់ជក់បារី៖ អ្នកអាចសួរវេជ្ជបណ្ឌិតអំពីវិធីនៃការបញ្ឈប់ការជក់បារី។ យ៉ាងណា ឱសថ ការផ្តល់ប្រឹក្សា និងយុទ្ធសាស្ត្រផ្សេងៗទៀតអាចជួយអ្នកបាន។

៣ គ្រប់គ្រងបញ្ហាសុខភាពផ្សេងទៀត៖ ចូរធ្វើតាមវេជ្ជបញ្ជា និងការព្យាបាល ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម ឬស្ថានភាពសុខភាពផ្សេងៗទៀត ដែលអាចបង្កើនហានិភ័យនៃជំងឺភ្នែកឡើងបាយ។

៤ ជ្រើសរើសរបបអាហារដែលមានសុខភាពល្អ រួមទាំងផ្លែឈើ និងបន្លែឲ្យបានច្រើន៖ ការបន្ថែមបន្លែ និងផ្លែឈើចម្រុះពណ៌ទៅក្នុងរបបអាហារ ធានាថាអ្នកទទួលបានវីតាមីន និងជីវជាតិជាច្រើន។ ផ្លែឈើ និងបន្លែមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយរក្សាសុខភាពភ្នែករបស់អ្នក។ ការស្រាវជ្រាវមិនបានបង្ហាញថា សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងទម្រង់ថ្នាំគ្រាប់អាចជួយការពារជំងឺភ្នែកឡើងបាយនោះទេ។ ប៉ុន្តែ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា របបអាហារដែលមានសុខភាពល្អ ដែលសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃការវិវត្តទៅជាជំងឺភ្នែកឡើងបាយ។ 

៥ ពាក់វ៉ែនតា៖ កាំរស្មីអ៊ុលត្រាវីយូឡេពីព្រះអាទិត្យអាចរួមចំណែកដល់ការវិវត្តនៃជំងឺភ្នែកឡើងបាយ។ ចូរពាក់វ៉ែនតាដែលរាំងខ្ទប់កាំរស្មី UVB នៅពេលដែលអ្នកនៅខាងក្រៅ។

៦ កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង៖ បើអាចអ្នកគួរតែកាត់បន្ថយ ព្រោះការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិតអាចបង្កើនហានិភ័យនៃជំងឺភ្នែកឡើងបាយ៕ 

ប្រភព៖health.com.kh

 

 ពាក្យគន្លឹះ  សុខភាពភ្នែកឡើងបាយ

ព័ត៌មានផ្សេងទៀត