លោក​ត្រាំ​ភ្ញាក់ផ្អើល​ដែល​លោកបៃ​ឌិន​ជ្រើស​លោកស្រី​ហារីស​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​

12-08-2020 2:24 pm 516

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​មាន​ការផ្ញាក់ផ្អើ​លណាស់ នៅពេល​លោកចូ បៃ​ឌិន​បេក្ខជន​ប្រធានាធិបតី​អាមេរិក មកពី​គណបក្ស​ប្រជាធិបតេយ្យ ប្រកាស​បេក្ខភាព​អនុ​ប្រធានាធិបតី​របស់ខ្លួន ដែល​នោះ​គឺជា​លោកស្រី​កា​ម៉ា​ឡា ហារី​ស​(Kamala Harris)​។ លោកស្រី​ហារី​ស ធ្លាប់​ឈរឈ្នោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ ដែល​បាន​ប្រកួត​ទល់នឹង​លោកបៃ​ឌិន ដើម្បី​ដណ្តើម​បេក្ខភាព​របស់​គណបក្ស​។ លោកស្រី​ហារី​ស​ធ្លាប់​ធ្វើឲ្យ​លោកបៃ​ឌិន មាន​អារម្មណ៍មិនល្អ​អំឡុងពេល​ជជែក​ដេញដោល​តទល់​មុខ​គ្នា​។ លោក​ត្រាំ​ថា ពិបាក​ខ្លាំងណាស់​នៅក្នុង​ការជ្រើសរើស​មនុស្ស​ដែល​ធ្លាប់មាន​បញ្ហា​បែបនេះ​ជាមួយគ្នា មក​ដើរ​ផ្លូវ​រួមគ្នា​។ ចំណុច​នេះហើយ​ដែល​ធ្វើឲ្យ​លោ​កត្រាំភ្ញាក់ផ្អើល ចំពោះ​លោកបៃ​ឌិន​។​

​សម្រាប់​លោកបៃ​ឌិន​មិនបានគិត​បែប​នេះទេ នៅក្នុង​សង្វៀន​នយោបាយ​លោក​បាន​សរសើរ ចំពោះ​សមត្ថភាព​របស់​លោកស្រី​ហារី​ស ថា​ជា​អ្នកតស៊ូ​និង​ជា​មន្ត្រី​ឆ្នើម​មួយរូប​របស់​ប្រទេស ហើយ​លោក​មាន​កិត្តិយស​ណាស់ ដែលមាន​លោកស្រី​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​។ លោកបៃ​ឌិន​សង្ឃឹមថា ការចាប់​ដៃគូ​ជាមួយ​លោកស្រី​ហារី​ស នឹង​អាច​ផ្តួល​លោក​ត្រាំ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ លោកបៃ​ឌិន​និង​លោកស្រី​ហា​រីស កំណត់ពេល​ថ្លែង​សុន្ទរកថា​ក្នុងនាម​ជា​ដៃគូ​ជា​លើកដំបូង នៅ​ក្រុង​Wilmington​រដ្ឋ​Delaware នា​រសៀល​ថ្ងៃ​ពុធ ស្តីពី ធ្វើការ​រួមគ្នា​ដើម្បី​ស្តារ​ព្រលឹង​ជាតិ និង​តស៊ូ​ធ្វើការ​ដើម្បី​ផ្លាស់ប្តូរ​ប្រទេស​ឆ្ពោះទៅមុខ​។​

​គួរ​ជម្រាបជូន​ថា លោកស្រី​ហារី​ស​អាយុ​៥៥​ឆ្នាំ ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​នៃ​រដ្ឋ​កាលីហ្វ័​រញ៉ា និង​ជា​អតីត​ប្រធាន​រដ្ឋអាជ្ញា​នៃ​រដ្ឋ​កាលីហ្វ័​រញ៉ា​។ លោកស្រី​ជា​ជនជាតិ​អាមេរិក​ដើមកំណើត​អាស៊ី ដ្បិត​មាន​ឪពុក​ជា​ពលរដ្ឋ​ស្បែក​ខ្មៅ​ធ្វើ​អន្តោ​ប្រវេ​ស្តន៍​មកពី​ប្រទេស​Jamaican និង​ម្តាយ​ជា​ជន​អន្តោ​ប្រវេ​ស្តន៍​កំណើត​ឥណ្ឌា​។ លោកស្រី​ហារី​ស បាន​ក្លាយជា​ស្ត្រី​អាមេរិក​ស្បែក​ខ្មៅ ដើមកំណើត​ឥណ្ឌា​ដំបូង​គេ ដែល​ត្រូវ​បានជ្រើសរើស​ជា​បេក្ខជន នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត