ចកបាយទា ដំណាំដ៏មានសក្តានុពលក្នុងវិស័យកសិកម្ម

12-08-2020 1:34 pm 425

ចកបាយទា ឬហៅជាភាសាអង់គ្លេសថា Duckweed គឺជាប្រភេទរុក្ខជាតិដុះក្នុងទឹក ដែលមានសក្តានុពលខ្ពស់សម្រាប់មនុស្សជាតិ ពិសេសគេនិយមប្រើប្រាស់វាសម្រាប់ជាចំណី មាន់ ទា ត្រី និងធ្វើជាជីធម្មជាតិ ។

គេអាចប្រើចកបាយទា ជាចំណីស្រស់ ឬហាលឱ្យស្ងួត ធ្វើជាម្សៅជាដើម ។ យោងតាមការចុះផ្សាយរបស់គេហទំព័រ សហគមន៍សម្បូរសប្បាយបានឱ្យដឹងថា ចកបាយទាស្ងួត មានប្រូតេអ៊ីនរហូតដល់ទៅជាង៤០% ដែលជួយឱ្យសត្វចិញ្ចឹមយកសាច់ និងស៊ុត ឆាប់លូតលាស់បានលឿន ។

ជាងនេះទៅទៀត ចកបាយទា ក៏ត្រូវបានប្រើជាជីធម្មជាតិដែរ ដោយសារតែវាសម្បូរទៅដោយសារធាតុអាហ្ស៊ូត ដែលជាសារធាតុមួយ អាចជួយឱ្យដំណាំលូតលាស់បានល្អ ។

ចកបាយទា គឺជាប្រភេទរុក្ខជាតិដុះឯងលក្ខណៈធម្មជាតិ ពិសេសនៅរដូវវស្សា តែដើម្បីទទួលបានផលច្រើននិងទទួលបានផលគ្រប់រដូវ គេត្រូវដាំដុះវានៅក្នុងស្រះ ឬក្នុងប្រឡាយ ។ កន្លែងដែលដាំដុះចកបាយទា ត្រូវមានម្លប់ខ្លះៗ ហើយទឹកមិនត្រូវជ្រៅពេកទេ ជម្រៅដែលសមស្របបំផុត គឺចាប់ពី៣ទៅ៤តឹក ។

ម្យ៉ាងទៀត ដើម្បីជាជំនួយឱ្យចកបាយទាលូតលាស់បានច្រើន គេត្រូវប្រើជីធម្មជាតិ ដូចជា លាមកសត្វដែលពុកផុយ ឬកាច់ល្អ ឬអាចបន្ថែមកំបោរកសិកម្មខ្លះ ដើម្បីឱ្យទឹកមានអាស៊ីត ក៏រឹតតែល្អ ។

សម្រាប់អ្នកចិញ្ចឹមមាន់ ទា ការមានស្រះដាំចកបាយទា នឹងជួយកាត់បន្ថយចំណាយលើចំណីសត្វយ៉ាងច្រើន ។ គេក៏ប្រើចកបាយទា ជាចំណីសត្វ ដោយលាយជាមួយកន្ទក់ ហើយលាមកសត្វដែលចិញ្ចឹមនោះ នឹងត្រូវប្រើជាជីសម្រាប់ចិញ្ចឹមចកបាយទាវិញ ដែលនេះ នឹងបង្កើតជាប្រព័ន្ធចិញ្ចឹមគ្នាទៅវិញទៅមកតាមលក្ខណៈធម្មជាតិ ៕ 

 ពាក្យគន្លឹះ  កសិកម្មចកបាយទា

ព័ត៌មានផ្សេងទៀត