កម្ពុជាកំណត់យកឆ្នាំ២០២៣ ធ្វើម្ចាស់ផ្ទះ ASEAN Para Games ផ្លូវការ

12-08-2020 12:22 pm 276

 រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកំណត់យកថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់អាស៊ាន ឬ ASEAN Para Games លើកទី១២ ជាផ្លូវការហើយ។ នេះតាមការលើកឡើងរបស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

ថ្លែងក្នុងពិធីប្រកាសជ័យលាភីស្លាកសញ្ញា (Logo) រូបសត្វតំណាង (Mascot) និងពិធីរាប់ថយក្រោយ ១០០០ថ្ងៃឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ កាលពីថ្មីៗ លោក ទៀ បាញ់ មានប្រសាសន៍ថា កម្ពុជាបានសម្រេចកំណត់កាលបរិច្ឆេទ រៀបចំព្រឹត្តិការណ៍ ASEAN Para Games លើកទី១២ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ គឺបន្ទាប់ពីចប់ការប្រកួតស៊ីហ្គេមប្រមាណ ២សប្ដាហ៍។

ASEAN Para Games គឺជាព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់ដ៏ធំ ដែលតែងរៀបចំ ២ឆ្នាំម្ដងដូចស៊ីហ្គេមដែរ រាល់ប្រទេសទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមក៏នឹងទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ASEAN Para Games ដូចគ្នា ហើយការរៀបចំតែងធ្វើមុនក្រោយគ្នាចន្លោះពី ២សប្ដាហ៍ទៅ ១ខែ បន្ទាប់ពីចប់ការប្រកួតកីឡាស៊ីហ្គេម ដោយការប្រកួតស៊ីហ្គេមនៅកម្ពុជានឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ លើកទី១០ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនាឆ្នាំនេះ ត្រូវបានលុបចោលជាផ្លូវការហើយ ក្រោយការរីករាលដាលកូវីដ-១៩ ដោយឡែក ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ លើកទី១១គឺមានប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ៕ 

ព័ត៌មានផ្សេងទៀត