រដ្ឋមន្ត្រីការបរទេស​ជប៉ុន​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ​

12-08-2020 10:24 am 395
លោកប្រាក់ សុខុន(រូបឆ្វេង) និងលោក​ម៉ូតេ​ហ្គី តូ​ស៊ី​មី​សឺ(រូបស្ដាំ)

​លោក​ម៉ូតេ​ហ្គី តូ​ស៊ី​មី​សឺ រដ្ឋមន្ត្រីការបរទេស​ជប៉ុន នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ សីហា ឆ្នាំ​២០២០​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០​នេះ​។​

​បើ​តាម​ក្រសួង​ការបរទេស ក្នុងអំឡុងពេល​ទស្សន​កិច្ច លោក​ម៉ូតេ​ហ្គី តូ​ស៊ី​មី​សឺ នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​នៅក្នុង​ឱកាស​នោះ បញ្ហា​ទ្វេភាគី និង​ពហុភាគី​មួយចំនួន​ដែល​ជា​ចំណាប់​អារម្មណ៍​រួម នឹង​ត្រូវបាន​លើកយក​មក​ពិភាក្សា​។​

​ក្រសួងការបរទេស​ក៏​បាន​បន្ថែមថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ម៉ូតេ​ហ្គី តូ​ស៊ី​មី​សឺ នៅ​កម្ពុជា នឹង​ជួយ​ពង្រឹងពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់ រវាង​ប្រទេស​ទាំង​ពីរ​នៅលើ​គ្រប់​វិស័យ​ទាំង​នៅក្នុង​ក្រប​ខ័ណ្ឌ​ទេ្វ​ភាគី និង​ពហុភាគី ហើយក៏​ជា​ការបង្ហាញ​នូវ​សាមគ្គីភាព ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​កូវី​ដ​-១៩ ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩៕ ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត