រកឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩​ថ្មី​ចំនួន​២​នាក់​ជា​ជនជាតិ​ចិន​និង​អាមេរិក​

12-08-2020 8:47 am 771

​ក្រសួង​សុខាភិបាល បានប្រកាស​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២០​នេះ​ថា បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូវី​ដ​-១៩ ចំនួន ២​នាក់​បន្ថែមទៀត ជា​ជន​ជាតិចិន មកពី​ហ្វីលីពិន និង​ជា​ជនជាតិ​អាមេរិក មកពី​សហរដ្ឋអាមេរិក​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បានឱ្យដឹងថា បុរស​ជន​ជាតិចិន មាន​អាយុ ២២​ឆ្នាំ  ដាក់​ឱ្យធ្វើ​ចត្តា​ឡីស័​កនៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ បុរស​ជនជាតិ​ចិន​នេះ ជា​អ្នក​ដែល​បាន​ធ្វើដំណើរ​មកពី​ប្រទេស​ហ្វីលីពីន​តាម​ជើងហោះហើរ ហើយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៩ ខែ​សីហា ឆ្នាំ​២០២០​។ បច្ចុប្បន្ន​បុរស​រូបនេះ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​។​

​ដោយឡែក​ស្ត្រី​ជនជាតិ​អាមេរិក​កាំ​ង មាន​អាយុ ២៥​ឆ្នាំ ស្នាក់នៅ​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​សហរដ្ឋអាមេរិក ហើយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​កាល​ថ្ងៃទី​១០ ខែ​សី ហា ឆ្នាំ​២០២០​។ ស្ត្រី​រូបនេះ​ធ្វើតេស្ត​ពេលមកដល់ និង​ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ហើយ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួង​បញ្ជាក់ថា ក្នុង​ជើងហោះហើរ​នេះ មាន​អ្នកដំណើរ​សរុប​២៥​នាក់ (​ស្រី ០៧​នាក់ បុរស ០៩​នាក់ និង​កុមារ ០៩​នាក់​)​។ ក្នុងនោះ​មាន​ជនជាតិ ខ្មែរ ១៤​នាក់ ជនជាតិ​អាម៉េរិក​កាំ​ង ០៥​នាក់ ជនជាតិ​កូរ៉េខាងត្បូង ០១​នាក់ ជនជាតិ​វៀតណាម ០១​នាក់ ជនជាតិ​ថៃ ០១​នាក់ ជនជាតិ​ទូក​គឺ ០១​នាក់ និង​ជនជាតិ​អង់គ្លេស ០២​នាក់​។​

​អ្នកដំណើរ​ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវី​ដ​-១៩ ចំនួន​២១​នាក់ ត្រូវបាន​ដាក់​ឱ្យធ្វើ​ចត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​មន្ត្រី​ស្ថានទូត​អាមេរិក​ចំនួន​០៣​នាក់ ស្នាក់នៅ​ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែសីហា​នេះ ប្រទេស​កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវី​ដ​-១៩ សរុប ២៦៨​នាក់​(​ស្ត្រី ៥៣​នាក់ និង​បុរស ២១៥​នាក់​)​។ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប ២២០​នាក់ មាន​(​ស្ត្រី ៤៦​នាក់ និង​បុរស​១៧៤​នាក់​)​។ ដោយឡែក​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៤៨​នាក់​៕

ព័ត៌មានផ្សេងទៀត