ហេតុការណ៍ផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីដ៏គួរឲ្យរន្ធត់នៅក្នុងប្រទេសលីបង់ ហាក់កំពុងដិតដាមជាប់អារម្មណ៍របស់ប្រជាជននៅឡើយ ខណៈមនុស្សស្លាប់ បាត់ខ្លួន និងរបួសរាប់ពាន់នាក់។ ការផ្ទុះនេះពិតជាបង្កផលប៉ះពាល់យ៉ាងមហាសាល ដោយបណ្ដាលឲ្យមនុស្សរាប់ម៉ឺននាក់គ្មានផ្ទះសម្បែងរស់នៅ។ ម្យ៉ាងវិញទៀតប្រជាជនក៏ផ្ទុះកំហឹង ហើយចេញតវ៉ាប្រឆាំងរដ្ឋាភិបាលរហូតក្លាយជាអំពើហិង្សា។ ចំណែកនាយករដ្ឋមន្ដ្រីលីបង់ក៏ប្រកាសចុះចេញពីតំណែងទៀត។ តើហេតុការណ៍ដែលបានកើតឡើង១សប្ដាហ៍មកនេះ ធ្វើឲ្យលីបង់ស្ថិតក្នុងសភាពបែបណាឲ្យពិតប្រាកដ?
កាលពីថ្ងៃអង្គារសប្ដាហ៍មុនលីបង់មានហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយកើតឡើង គឺការផ្ទុះឆេះឃ្លាំងស្ដុកទុកសារធាតុគីមីរាប់តោន ក្នុងនោះមានសារធាតុអាម៉ូញ៉ូមនីត្រាតប្រើសម្រាប់ផលិតគ្រឿងផ្ទុះ រួមនឹងសារធាតុផ្សេងៗទៀតស្ដុកទុកតាំងពីឆ្នាំ២០១៣។ ការផ្ទុះបានផ្ដាច់ជីវិតមនុស្សជាង២០០នាក់ បាត់ខ្លួនជាង១០០នាក់ និងរបួសជាង៦ពាន់នាក់ នេះបើតាមការបញ្ជាក់ពីអភិបាលក្រុងបេរូតលោកម៉ាវ៉ាន់ អាប់បូដ(Marwan Abboud)។ ការខូចខាតផ្សេងទៀតគឺទៅលើអគារ ផ្ទះសម្បែងប្រជាជននៅក្បែរៗនោះ ធ្វើឲ្យប្រជាជនជាង២០ម៉ឺននាក់គ្មានផ្ទះស្នាក់នៅ ឬក៏រស់នៅក្នុងផ្ទះដែលបាក់បែកគ្មានទ្វារគ្មានបង្អួច។ ចំពោះការខូចខាតវិញអាជ្ញាធរប៉ាន់ប្រមាណសរុបជាប្រាក់ប្រហែលជាង៣ពាន់លានដុល្លារ និងបានធ្វើឲ្យខាតបង់ដល់សេដ្ឋកិច្ចប្រមាណ១៥ពាន់លានដុល្លារអាមេរិក។ ករណីនេះធ្វើឲ្យលីបង់ប្រឈមវិបត្ដិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ខណៈសេដ្ឋកិច្ចដាំក្បាលចុះតាំងពីមុនការផ្ទុះឃ្លាំង ដែលមានប្រជាជនរាប់សិបគ្រួសារធ្លាក់ក្នុងភាពក្រីក្រគ្មានអាហារហូបចុងគ្រប់គ្រាន់។
សូមបញ្ជាក់បន្ដិចពីសារធាតុអាម៉ូញ៉ូមនីត្រាប្រមាណ២,៧៥០តោន គឺមានលក្ខណៈស្មុគស្មាញណាស់។ ដំបូងឡើយកប៉ាល់ដោតទង់ជាតិប្រទេសម៉ុលដាវី បានដឹកអាម៉ូញ៉ូមនីត្រាតនេះចូលកំពង់ផែបេរូតប្រទេសលីបង់ បន្ទាប់ពីមានបញ្ហាបច្ចេកទេសក្នុងពេលធ្វើដំណើរផ្លូវឆ្ងាយពីប្រទេសហ្ស៊កហ្ស៊ីទៅមូហ្សាំប៉ិកនាឆ្នាំ២០១៣។ ចូលដល់កំពង់ផែកប៉ាល់មានឈ្មោះថារ៉ូសួស(Rhosus)ត្រូវបានគេធ្វើអធិការកិច្ច រួចត្រូវហាមឃាត់មិនឲ្យចាកចេញពីកំពង់ផែឡើយ។ ម្ចាស់កប៉ាល់ឃើញបែបនេះក៏បោះបង់កប៉ាល់ចោលមិននៅដោះស្រាយទេ បន្សល់ទុកក៏ប៉ាល់ឲ្យជាប់ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ជាច្រើន។ ចំណែកទំនិញនៅក្នុងកប៉ាល់ត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមួយនៅកំពង់ផែក្រុងបេរូតចាប់តាំងពីពេលនោះមក។
និយាយពីប្រជាជននៅក្នុងទីក្រុងបេរូតនៅពេលទទួលព័ត៌មានថា ការផ្ទុះឃ្លាំងបណ្ដាលមកពីសារធាតុអាម៉ូញ៉ូមនីត្រាត ពួកគេផ្ទុះកំហឹងកាន់តែខ្លាំងហើយបានប្រមូលផ្ដុំតវ៉ាតាមដងផ្លូវប្រឆាំងរដ្ឋាភិបាល។ ពួកគេចោទថារដ្ឋាភិបាលគ្មានទំនួលខុសត្រូវ ធ្វេសប្រហែស មានអំពើពុករលួយក្នុងការគ្រប់គ្រងសារធាតុគីមីដែលអាចបង្កគ្រោះថ្នាក់គ្រប់ពេល។ ការតវ៉ាចាប់ផ្ដើមឡើងប្រមាណតែពីរថ្ងៃក្រោយការផ្ទុះ មានសេចក្ដីរាយការណ៍ថាឈានដល់ហិង្សារវាងបាតុករនិងប៉ូលិស បណ្ដាលឲ្យប៉ូលិសម្នាក់ស្លាប់និងមនុស្សរបួសជាច្រើនរយនាក់។ ខណៈក្រុមបាតុករគប់ដុំថ្មដាក់ប៉ូលិស ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងប្រើកាំភ្លើងគ្រាប់ជ័រដើម្បីទប់ស្កាត់ពួកគេផងដែរ។ ប្រជាជននាំគ្នាស្រែកទាមទារឲ្យមានការស៊ើបអង្កេតជាអន្ដរជាតិ ដើម្បីស្វែងរកយុត្ដិធម៌ដល់ជនរងគ្រោះក៏ដូចជាអ្នកដែលស្លាប់បាត់បង់ជីវិតទាំងអស់។
ការតវ៉ាប្រឆាំងកើតឡើងកាន់តែខ្លាំងក្រៅពីថ្កោលទោសរដ្ឋាភិបាល ពួកគេបានទាមទារឲ្យអ្នកនយោបាយចុះចេញពីតំណែងថែមទៀត។ នៅទីបំផុតលោកនាយករដ្ឋមន្ដ្រីហាសាន ឌីអែប(Hassan Diab) បានប្រកាសចុះចេញពីតំណែងនិងប្រកាសថារដ្ឋាភិបាលរបស់លោកទាំងមូលក៏ឈប់ដឹកនាំប្រទេសទៀតដែរ ទុកឲ្យរដ្ឋាភិបាលថ្មីចូលមកធ្វើការជំនួសវិញ។ តាមពិតដំបូងឡើយលោកឌីអែបអំពាវនាវឲ្យមានការបោះឆ្នោតមុនកំណត់ ប៉ុន្ដែចន្លោះពេលការតវ៉ារីករាលដាលកាន់តែខ្លាំង សបញ្ជាក់ថារដ្ឋាភិបាលនឹងត្រូវចាត់វិធានការបន្ទាន់ដើម្បីទប់ស្កាត់កំហឹងមហាជន ទីបំផុតលោកសម្រេចប្រកាសចុះចេញពីតំណែងតែម្ដង។
ថ្លែងទៅកាន់ប្រជាជាតិតាមប៉ុស្ដិ៍ទូរទស្សន៍កាលពីល្ងាចថ្ងៃទី១០សីហា លោកនាយករដ្ឋមន្ដ្រីហាសាន ឌីអែបបាននិយាយថា លោកនៅជាមួយការអំពាវនាវរបស់ប្រជាជនឲ្យមានការទទួលខុសត្រូវចំពោះហេតុការណ៍នេះ។ ការបំផ្ទុះគឺជាលទ្ធផលនៃអំពើពុករលួយដែលកំពុងរាលដាល។ លោកគិតថាលោកអាចដោះស្រាយបញ្ហាពុករលួយបាន ប៉ុន្ដែរឿងកើតឡើងនៅពេលនេះធំជាងរដ្ឋនិងប្រព័ន្ធរដ្ឋ ដូច្នេះលោកសូមប្រកាសពីការចុះចេញរបស់លោកនិងរដ្ឋាភិបាលរបស់លោក។
លោកបន្ថែមថា មន្ដ្រីរដ្ឋាភិបាលជាច្រើនរូបបានចុះចេញពីតំណែង ដោយសារពួកគេខ្វល់ខ្វាយពីប្រទេសជាតិ ប៉ុន្ដែលោកចោទប្រកាន់ទៅគូប្រជែងនយោបាយ ពីការឆ្លៀតឱកាសពេលមានវិបត្ដិស្វែងរកពិន្ទុនយោបាយ និងបំផ្លាញអ្វីដែលនៅសេសសល់របស់រដ្ឋ។ លោកឌីអែបបានដាក់លិខិតលាលែងពីតំណែងជាផ្លូវការទៅលោកប្រធានាធិបតីមីសែល អោន(Michel Aoun) ប្រហែលមួយម៉ោងក្រោយការថ្លែងទៅកាន់ប្រជាជាតិ។ លោកប្រធានាធិបតីក៏បានទទួលយកសំណើសុំចុះចេញពីតំណែង ប៉ុន្ដែស្នើសុំឲ្យរដ្ឋាភិបាលនៅបន្ដការងារបណ្ដោះអាសន្នរហូតដល់បង្កើតបានរដ្ឋាភិបាលថ្មី។ នៅមុនលោកនាយករដ្ឋមន្ដ្រីប្រកាសចុះចេញពីតំណែង ក៏មានរដ្ឋមន្ដ្រីនិងសមាជិកសភាជាច្រើនរូបហើយបានចុះចេញពីតំណែង។
រហូតមកដល់ពេលនេះនៅពុំទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឲ្យផ្ទុះឆេះឃ្លាំងនៅឡើយទេ ហើយលីបង់ក៏កំពុងបើកការស៊ើបអង្កេតឲ្យមានតម្លាភាពបំផុត ប៉ុន្ដែបដិសេធការស៊ើបអង្កេតជាអន្ដរជាតិ។ មនុស្សចំនួន១៦នាក់ត្រូវបានចាប់ខ្លួននៅក្នុងការស៊ើបអង្កេត បើតាមប្រភពពីតុលាការ អ្នកគ្រប់គ្រងទូទៅកំពង់ផែក៏ស្ថិតក្នុងចំណោមអ្នកត្រូវបានឃុំខ្លួនដែរ។ យ៉ាងណាមិញពុំមានការបញ្ចេញឈ្មោះជនត្រូវចាប់ខ្លួនទាំងនោះទេ ខណៈការស៊ើបអង្កេតកំពុងបន្ដដើម្បីវែករកមូលហេតុពិតប្រាកដ។ បើតាមប្រធានកំពង់ផែនិងប្រធានអាជ្ញាធរគយឲ្យដឹងថា ពួកគេបានដាក់លិខិតទៅតុលាការជាច្រើនលើកច្រើនសារ ដោយស្នើសុំនាំចេញសារធាតុគីមីទាំងនេះដើម្បីធានានូវសុវត្ថិភាពកំពង់ផែ។
ចំណែកមន្ដ្រីសន្ដិសុខលីបង់វិញក៏បានចេញការព្រមានទៅកាន់នាយករដ្ឋមន្ដ្រីនិងប្រធានាធិបតីកាលពីខែមុនដែរថា សារធាតុអាម៉ូញ៉ូមនីត្រាតប្រមាណ២,៧៥០តោនទុកនៅក្នុងឃ្លាំង បង្កហានិភ័យសន្ដិសុខខ្លាំងណាស់ ហើយអាចបំផ្លាញដល់ទីក្រុងទាំងមូលប្រសិនបើវាផ្ទុះ។ ម្យ៉ាងវិញទៀតក៏មានគ្រោះថ្នាក់ខ្លាំងដែរ ប្រសិនបើសារធាតុអាម៉ូញ៉ូមនីត្រាតត្រូវគេលួចយកទៅប្រើប្រាស់ក្នុងសកម្មភាពភេរវកម្ម។ ប៉ុន្ដែទោះបីជាមានការព្រមានយ៉ាងនេះក្ដី រដ្ឋាភិបាលពុំបានឆ្លើយតបភ្លាមៗថានឹងចាត់វិធានការបែបណាដោះស្រាយទេ ហើយតែពីរសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីការព្រមាន ការបំផ្ទុះដ៏គ្រោះថ្នាក់បំផុតនេះក៏កើតឡើងមែន។
ចាប់អារម្មណ៍ពីអន្ដរជាតិវិញ ស្របពេលលីបង់កំពុងរងគ្រោះធ្ងន់ធ្ងរ អន្ដរជាតិក៏បាននិងកំពុងគៀរគរគ្នាផ្ដល់ការគាំទ្រទាំងការលើកទឹកចិត្ដនិងជួយជាថវិកា។ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានសន្យានឹងផ្ដល់ជំនួយជាទឹកប្រាក់ជិត៣០០លានដុល្លារដល់លីបង់។ រីឯធនាគារពិភពលោកបានបញ្ជាក់កាលពីសប្ដាហ៍មុនដែរថា ខ្លួនបានត្រៀមរួចជាស្រេចដើម្បីវាយតម្លៃការខូចខាតនិងតម្រូវការរបស់លីបង់។ ធនាគារពិភពលោកនឹងសម្របសម្រួលជួយប្រមូលហិរញ្ញប្បទានសាធារណៈនិងឯកជនជួយលីបង់។ ធនាគារមានឆន្ទៈក្នុងការដកហូតធនធានដែលមានស្រាប់ និងស្វែងរកហិរញ្ញប្បទានបន្ថែមដើម្បីគាំទ្រដល់ការកសាងជីវិតនិងជីវភាពរស់នៅរបស់ប្រជាជនលីបង់ដែលរងគ្រោះពីមហន្ដរាយនេះឡើងវិញ៕
(ដោយ៖ពេញ ផេង)